ខេត្តស្ទឹងត្រែង ; សេចក្តីរាយការណ៍មកថា នៅពេលថ្មីៗនេះលោក ជា ពៅ ជាឈ្មួញរកស៊ីកាប់ឈើលក់ជ្រកក្រោមស្លាក ក្រុមហ៊ុនអង្គរផ្លាយវូត របស់លោកឧកញ៉ា ទ្រី ភាព នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ថា លោក ជា ពៅ កំពុងតែប្រមូលទិញឈើធ្នង់ពីប្រជាពលរដ្ឋនៅក្នុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាច្រើនតោន ហើយបានដឹកឈើចូលក្រុមហ៊ុន សៀ ម៉ុន ដើម្បីលួចបង្កប់ដឹកចេញជាមួយឈើមានច្បាប់។
ក្រុមហ៊ុន សៀ ម៉ុន បច្ចុប្បន្ននេះមានទីតាំងនៅចំណុចស្រែរមាំងស្ថិតក្នុង ភូមិណាអូង ឃុំបុរីអូរស្វាយ ស្រុកបុរី អូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រុមហ៊ុននេះត្រូវបាន រាជរដ្ឋាភិបាល អនុញ្ញាតឩ្យកាប់ឈើនៅ ឆ្នាំ២០១៧ លើផ្ទៃដីចំនួន២៩,៦៦១ហិកតា ក្នុងគោលបំណងឲ្យក្រុមហ៊ុនដាំដុះឈើឡើងវិញ និងជួយថែរក្សាធនធានធម្ម ជាតិនៅតំបន់នេះឩ្យបានល្អប្រសើរ។
ប្រភពបន្តទៀតថា ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សៀ ម៉ុន ពុំបានអនុវត្តតាមផែនការមេ នោះទេ គឺបានត្រឹមតែកាប់ឈើលក់ៗ និងឈួសឆាយព្រៃអស់ជាច្រើនពាន់ហិកតា ហើយពុំបានស្តារ ឬដាំដុះ ឈើឡើងវិញតាមកិច្ចសន្យានោះទេបែរជាទៅ ដាំក្រូចវល្លិ និងដាំឪឡឹក ទៅវិញ។
នៅទីនោះ មានការយាមកាមតឹងរឹង សូម្បីទូរសព្ទក៏ដកហូតទុកមួយអន្លើរផងដែរ នៅពេលដឹកឈើចូលម្តងៗ ។
ទោះជាយ៉ាងណា ប្រធានកសិកម្មខេត្តស្ទឹងត្រែង និង តំណាងក្រុមហ៊ុន នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ នេះ អង្គភាពPNTV មិនអាចរកការបំភ្លឺបានទេ ។ តែបើយោងតាមសារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីប្រធានមន្ទីរកសិកម្មស្តីទីថា លោកមិនបានដឹងរឿងនេះទេ ។ លោកកំពុងប្រមូលព័ត៌មាន នឹងសុំគោលការណ៍ថ្នាក់លើដើម្បីចុះពិនិត្យក្រុមហ៊ុនខាងលើ ។