ខេត្តកោះកុង ៖ រយៈពេល១ឆ្នាំកន្លងមកនេះ សារព័ត៌មានក្នុងស្រុកមួយចំនួន បានបន្តផ្សាយមិនដាច់ពី ចរន្តឈូសឆាយដីព្រៃលិចទឹក ព្រៃកោងកាង ជម្រកត្រីពង ជាដើម នៅស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីយកធ្វើកម្មសិទ្ធិ រាប់សិបហិកតា ដោយបង្ហាញថា សុទ្ធតែជាអ្នកមានយសស័ក្ក និង មានទ្រព្យធន មកធ្វើសកម្មភាពដោយខ្លាចញញើតអ្វីទាំងអស់ ។ តែអ្នកសារព័ត៌មាន មិនបានបង្ហាញពីឈ្មោះបុគ្គលដែលកំពុងឈូសឆាយនោះទេ ។ ដោយឡែកបើក្រឡេកមកមើលមន្រ្តីពាក់ព័ន្ធវិញ បានត្រឹមនិយាយថា ចាំអោយមន្រ្តីចុះទៅមើល នឹងកំពុងធ្វើរបាយការណ៍ ។
រឿងរ៉ាវហាក់មានអាថ៌កំបាំងយ៉ាងនេះ ទើបមហាជន ស្នើដល់អភិបាលខេត្តកោះកុង សូមជួយបង្ហាញឈ្មោះជន ដែលបានកំពុងចាក់ដីរំលោភយកមាត់ព្រែក ស្រែអំបិល នឹង សាងសង់សំណង់ដ៏ធំស្កឹមស្កៃ នៅតាមបណ្តោយព្រែក ស្រែអំបិល អោយសាធារណជនបានដឹងផង ដើម្បីកុំអោយលឺថា លោកផ្កាយនេះ លោកផ្កាយនោះ ។
សូមបញ្ជាក់ថា លោកអភិបាលរងខេត្ត សុខ សុទ្ធី និងជាអ្នកនាំពាក្យខេត្តសាលាកោះកុង នៅព្រឹកថ្ងៃទី៨ ឧសភា ២០២១ កន្លងទៅ បាននិយាយថា ខាងជំនាញនៅពុំទាន់ចេញ ច្បាប់អនុញ្ញាត្តជូនអ្នកវិនិយោគស្តីពីការសាងសង់នៅឡើយទេ។
លោកបន្តថា តាមគំនូសបង្ហាញផែនទីពីមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកោះកុង បានបង្ហាញថា កាលពីមុន ដីនៅតំបន់នោះ គឺមានការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង។ ហើយទីតាំងដីនេះ ស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ប៉ុន្តែបន្ទាប់ពីមានការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយអនុក្រឹត្យលេខ៣០អនក្រ.បក ក។
លោក សុខ សុទ្ធី ក៏បានដាក់ការចោទប្រកាន់ធ្ងន់ៗទុកជាមុនផងដែរថា ប្រសិនបើមន្ត្រីជំនាញ ឬរដ្ឋបាលខេត្តកោះកុងរកឃើញ ច្បាស់ថា ម្ចាស់វិនិយោគនៅពុំទាន់មានច្បាប់អនុញ្ញាត្តស្តីការសាងសង់ពិតប្រាកដមែន នោះរដ្ឋបាលខេត្តនឹងចាត់ការតាមនីតិវិធីច្បាប់។
គួររម្លឹកថា ក្នុងពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ជាពិសេសអ្នករស់នៅក្បែរៗនោះ កាន់តែមានការងឿងឆ្ងល់ល ថា លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដី ដែលអ្នកសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មានគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន រំលោភយកដីសាធារណៈ របស់រដ្ឋ ធ្វើកម្មសិទ្ធិបុគ្គល ក្នុងតំបន់នេះដែរ ប៉ុន្តែលោក ហាក់មើលមិនឃើញសំណង់ធំដ៏រឹងមាំមួយ នោះ ទេ កាលពី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ?។
តាមការទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី៨ ឧសភា ២០២១ ពួកគាត់បានបញ្ជាក់បន្ថែមថា គ្រឿងចក្រដែលបានធ្វើសកម្មភាពឈូសឆាយនិងដឹកអាចម៌ដីចាក់លប់រំលោភយកដីចំណីព្រែក និងសង់សំណង់រឹងមាំក្នុងមាត់ព្រែកស្រែអំបិល បានកើតមានអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ ៕