រាជធានីភ្នំពេញ :នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីត គណបក្សសង្រ្គោះជាតិ បាន លើកឡើងថា វាតែងតែមានការរិះគន់ហើយ នៅពេលដែលយើងធ្វើអ្វីមួយមិនស្របទៅតាមគំនិតដែលគេចង់បាន។ លោកថា របៀបធ្វើការនៃអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិមាន៣របៀប គឺគេចេញទៅក្រៅប្រទេស ហើយគេធ្វើការតាមគំនិតរបស់គេ ដូចជាគេទាក់ទងជាមួយអ្នកការទូត និងធ្វើការរិះគន់គណបក្សកាន់អំណាចជាដើម ហើយគំនិតទាំងអស់នេះ លោកមិនដែលប្រឆាំងគេទេ ប៉ុន្តែលោកក៏មិនអាចគាំទ្រទេ ពីព្រោះលោកនៅក្នុងស្រុក ហើយថ្នាក់ដឹកនាំមួយចំនួនថា មិនត្រូវធ្វើអ្វីទេ ត្រូវរង់ចាំលទ្ធផលអន្តរាគមន៍របស់សហគមន៍អន្តរជាតិ។
លោកថា នៅតែមួយឆ្នាំទេ ដល់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ។ ដូច្នេះរបៀបលោកធ្វើការ លោកមិនអាចធ្វើអ្វីផ្ទុយពីគំនិតខ្លួនឯងទេ ពីព្រោះលោកយល់ថា ប្រជាធិបតេយ្យនៅស្រុកខ្មែរ ទោះបីអនុវត្តបាន១០០ ភាគរយ ឬមានការខ្វះចន្លោះយ៉ាងណា គឺជាលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ខ្មែរគ្រប់រូប ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកក៏បានសំដែង ការសប្បាយចិត្ត ដែលអាចធ្វើបានរដ្ឋធម្មនុញ្ញមួយ ដែលមានលក្ខណៈសេរីពហុបក្ស ដែលអ្នកខ្លះគេតែងនិយាយថា ប្រជាធិបតេយ្យក្លែងក្លាយ ប៉ុន្តែសម្រាប់លោកយល់ថា វាមិនទាន់មានប្រទេសណាមួយ ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបាន១០០ភាគរយនោះទេ ដូច្នេះលោកត្រូវតែរិះរកមធ្យោបាយ ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ខាងមុខនេះ ហើយបើលោកមានកម្លាំងគ្រប់គ្រាន់ អាចធ្វើនយោបាយតទៅទៀត លោកនឹងចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ ទៀត។
សូមបញ្ជាក់ថា ការដែល លោក ប៉ុល ហំម អាចមានមតិផ្នែកនយោបាយនេះបាន គឺដោយសារ កាលពីថ្ងៃទី២០ ខែឧសភា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាឡើងវិញដល់ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ។
ការចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទារបស់ព្រះមហាក្សត្រ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់ពីលោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
តាមលិខិតរបស់ លោក ប៉ុល ហំម និង លោក ផាន់ ច័ន្ទសាក់ ដែលស្នើទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ដោយផ្អែកតាមមាត្រា៤៥ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឱ្យ អ្នកដែលត្រូវបានហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទា ធ្វើនយោបាយ ឡើងវិញ។ ដូច្នេះខ្ញុំបាទសូមស្នើសុំ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់រូបខ្ញុំ ដោយក្តីអនុគ្រោះ»។
លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់សមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមការងារខេត្តសៀមរាប ហើយជាមេធាវីការពារក្តីឲ្យលោក កឹម សុខា ផងនោះ ស្ថិតនៅក្នុងចំណោម អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ សរុប១១៨រូប ដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ទន្ទឹមគ្នាជាមួយនឹងការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ៕