ខេត្តពោធិ៍សាត់ :ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជន កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់ថវិកាតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់សាងសង់ផ្ទះ ជូនដល់គ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពសរុប ចំនួន ៦២៨គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ចទំហំជាង ៩០០ហិកតា (ក្នុង ១គ្រួសារ ទទួលបានដី ៧០ម៉ែត X ១៥០ម៉ែត) ដែលបានផ្តល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលស្ថិតនៅតំបន់ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់។
ជាក់ស្តែង នៅថ្ងៃសៅរ៍ ទី ២២ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយគ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពចំនួន ៤២គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗ និងជាពិសេសបានជួបសំណេះសំណាលលើកទឹកចិត្តដល់កងកម្លាំង និងក្រុមជាងសាងសង់ផ្ទះ មកពីសមាគមអតីតយុទ្ធជន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារគ្រប់សព្វបែបយ៉ាង ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិឋានថ្មីនេះ។
កាកបាទក្រហមកម្ពុជា និងសមាគមអតីតយុទ្ធជន រួមជាមួយគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីពន្លឿនដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ការសាងសង់ផ្ទះចំនួន ៦២៨ខ្នង សាងសង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា -ល- ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជនឱ្យទាន់រដូវវស្សា ដែលជារដូវសម្រាប់បង្កបង្កើនផល។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នឹងធ្វើពិធីប្រគល់-ទទួលផ្ទះចំនួន ៥០ខ្នង នៅសប្តាហ៍ទី២ ខែមិថុនាខាងមុខនេះ និងនៅកាលបរិច្ឆេទបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ជាជំហានទី១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន 500,000ដុល្លារអាមេរិក ជូន ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ដើម្បីចាត់ចែងរៀបចំការសាងសង់ផ្ទះជូនអតីតយុទ្ធជន។ ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត X ៧ម៉ែត គ្រឿងបង្គុំធ្វើពីដែក សសរចាក់ស៊ីម៉ង់តិ៍ ជញ្ជាំងស្មាតបត ដំបូលស័ង្កសី តតាកខាងក្រោយផ្ទះជាចង្ក្រានបាយ និងមានបង្គន់អនាម័យដាច់ដោយឡែកមួយ ដែលចំណាយថវិកាតម្លៃ 3,500ដុល្លារអាមេរិក។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពទាំង ៦២៨គ្រួសារ នៅខេត្តពោធិ៍សាត់ ឱ្យបានគ្រប់ចំនួន ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ។ ការផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះនេះ គឺជាការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារតែ សម្តេច ធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងមានប្រវត្តិតស៊ូជាច្រើនរាប់មិនអស់ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដទៃទៀត ជាពិសេសបងប្អូនអតីតយុទ្ធជន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះ យើងសង្កេតថា ក្រុមគ្រួសាររបស់បងប្អូនអតីតយុទ្ធជន មានក្តីរំភើបរីករាយឥតឧបមាដោយបានទទួលបានជម្រករស់នៅសមរម្យ ដីធ្លីសម្រាប់ប្រកបរបរបង្កបង្កើនផលបានសមរម្យ ជាពិសេសការគិតគូររបស់ថ្នាក់ដឹកនាំ ដែលធ្វើឱ្យពួកគាត់មានភាពកាន់តែកក់ក្តៅ។ ពួកគាត់បានចាត់ទុកថា ដីធ្លី និងលំនៅដ្ឋាន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាទ្រនំជីវិតថ្មី ដែលពួកគាត់នឹងកសាងជីវិតថ្មីឱ្យបានល្អប្រសើរ ជាមួយនឹងផែនការដាំដុះកសិផលនៅលើដីដ៏សម្បូរជីវជាតិមួយនេះ ហើយនេះជាអំណោយដ៏មានសារសំខាន់បំផុតសម្រាប់ជីវីតរបស់ពួកគាត់។ ពួកគាត់បានអះអាងថា ដី និងផ្ទះនេះ បើទោះបីជាក្រលំបាកយ៉ាងណា ក៏ផ្តាំកូនផ្តាំចៅ មិនឱ្យលក់ជាដាច់ខាត៕