សៀមរាប៖ធ្លាយព័ត៍មានមិនប្រក្រតី ក្រោយគ្លីនិកឯកជនមួយឈ្មោះស៊ី អិលស៊ី ផ្តល់ថ្នាំអោយអ្នកជម្ងឺលេបហើយបានស្លាប់។
ករណីនេះ ខាងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តអះអាងថា អ្នកជម្ងឺមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ តែសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះបានលេបថ្នាំពីព្រលប់ លុះជិតភ្លឺក៍ស្លាប់។
គ្លីនិកឯកជនឈ្មោះស៊ី អិល ស៊ី មានទីតាំងក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះ ដែលបានស្លាប់មានឈ្មោះហ៊ាន់ ធន់ ភេទស្រី អាយុជាង៣០ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញរ័ ស្រុកពួក ខេត្តសៀមរាប។
លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខា ភិបាលប្រតិបត្តិស្រុកអង្គរជុំ បានអោយដឹងថា តាមការសាកសួររបស់លោក ជនរងគ្រោះជាអ្នកជម្ងឺធ្លាប់ទៅព្យាបាលនៅគ្លីនិកខាងលើ។ កាលថ្ងៃទី២០ខែ ឧសភា បានទៅសម្រាកព្យាបាល ៣យប់ហើយចាក ចេញ ដោយទទួលយកថ្នាំទៅលេប។លុះថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១ បានទៅទទួលថ្នាំពីគ្លីនិកខាងលើយកទៅលេបទៀត ហើយវេលាទាបភ្លឺចូលថ្ងៃទី២៤ខែដដែលក៍បានស្លាប់។ តែលោកមិនបានបញ្ជាក់ស្លាប់ដោយសាលេបថ្នាំឬយ៉ាងណានោះទេ។ បន្តថា ចំពោះច្បាប់អនុញាតិបើកអាជីវកម្ម លោកមិនបានដឹងថាមានឬអត់នោះទេ ព្រោះខាងលោកមិនបានចូលរួមអនុញាតិឡើយ។
លោកប្រធានការិយាល័យបញ្ជាក់ថា ការចុះស្រាវ ជ្រាវអំពីករណីមនុស្សស្លាប់ របស់មន្ទីរសុខាភិបាលខេត្ត មិនមានការសហការពីខាងលោក. គណ: គ្រូ ពេទ្យ និងគ្រូពេទ្យអមតុលាការនោះឡើយ។ ក្រៅពី នោះ ស្រ្តីម្ចាស់គ្លីនិក បានយកលុយ១០លានរៀលអោយទៅសាច់ញាតិជនរងគ្រោះថែមទៀត។
ចំពោះករណី មានមនុស្សស្លាប់នេះ ថៅកែគ្លីនិកនេះ លោក លី វណ្ណៈ បានតេទូរសព្ទទៅ ខាងគ្លីនិក នៅរសៀលថ្ងៃទី២៦ ខែឧសភា នេះ ដោយមានអ្នកទទួលថា ខ្ញុំមិនដឹងទេ ចាំប្រពន្ធខ្ញុំមក ចាំខ្ញុំតេ ទៅវិញ។
ស្ត្រីឈ្មោះឡាំ ស្រីលក្ខ ដែលត្រូវជាប្អូនថ្លៃជនរង គ្រោះ បានបញ្ជាក់ថា មុនបងថ្លៃស្លាប់ រូបគាត់ជាអ្នកឌុបទៅបើកថ្នាំពីគ្លីនិក ស៊ី អិល ស៊ី នៅថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១នេះ។ ស្រ្តីដដែលបន្តថា បន្ទាប់ពីបើកថ្នាំហើយ នៅម៉ោងជាង៧យប់ថ្ងៃដដែល បង (ជនរងគ្រោះ)បានលេបថ្នាំ នៅម៉ោង១១យប់ក៍ចូលដេករាងខ្លួន លុះម៉ោងជាង៤ភ្លឺ ស្រាប់តែបងថ្លៃស្លាប់តែម្តង តែមិនដឹងថា មូលហេតុអ្វីនោះទេ។
ក្នុងករណីនេះ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខា ភិបាលខេត្តសៀមរាប ក៍មិនបានធ្វើអធិប្បាយដែរ ដោយលោកបន្តអោយសួរទៅលោកស្រីលី វណ្ណ:។
លោកស្រី លី វណ្ណ: ប្រធានការិយាល័យនិយ័តកម្មនិងឪសថ គ្រឿងសំអាងនៃមន្ទីសុខាភិបាលខេត្ត សៀមរាប បានថ្លែងថា តាមការស្រាវជ្រាវរបស់លោកស្រី ជនរងគ្រោះមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ ចំណែករឿងកោសលវិច័យ ខាងសមត្ថកិច្ចជាអ្នកធ្វើ។
ទោះជាយ៉ាងណា ករណីមនុស្សស្លាប់នេះ ហាក់មានភាពមិនប្រក្រតី ព្រោះមានការអះអាងខុសគ្នា រវាងសាច់ញាតិ និងមន្ត្រីសុខាភិបាល៕ រស់ មុន្នី រ័ត្ន សៀមរាប ។