រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបន្តអំពាវនាវ ដល់កម្មករ កម្មការនីរោងចក្រ ត្រូវតែ ធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌល ចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ ជៀសវាងចម្លងរោគដល់ប្តី ប្រពន្ធ កូន ឪពុកម្ដាយ បងប្អូនរបស់ខ្លួន និងអ្នកដទៃទៀត ក្រោយពីរកឃើញករណីវិជ្ជមាន កូវីដ-១៩ នៅលើ កម្មករ កម្មការនី មួយចំនួន នៅតាមមូលដ្ឋាន ។
ឯកឧត្តមបានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថាៈ ចាប់តាំងពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ បានយកសំណាកលើកម្មករ កម្មការនី ចំនួន ២.៥១៧ នាក់ និង បានរកឃើញករណីវិជ្ជមាន ចំនួន ៣៥២នាក់ ក្នុងចំណោមរោងចក្រ ចំនួន ៨ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសចំនួន ៣ រួមមាន តំបន់សេដ្ឋកិច្ចពិសេស សាន តុង មានរោងចក្រយូលី១ រោងចក្រប្យ៊ូលធី ហ្វូលវីនដូ និងរោងចក្រ អូខ្លូត តំបន់សេដ្ឋកិច្ចពិសេស មេន ហាធេន មានរោងចក្រសាន់ហ្វេង រោងចក្រ ម៉ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយនិង តំបន់សេដ្ឋកិច្ចពិសេស តាយសេង មាន រោងចក្រ អេអិនជេ និង រោងចក្រ ស្មាតថេច ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ទៀតថា: ចំពោះប្រភពចម្លងក្រុមការងារ សង្ស័យទៅលើបុរស ជាប្តី កម្មការនីម្នាក់ដែលជាអ្នកដឹកជញ្ជូនបន្លែ ពីស្វាយរៀង ទៅលក់នៅផ្សារដើមគរ ករណីខ្លះ ប្តីប្រពន្ធ ធ្វើ ការរោងចក្រផ្សេងគ្នា បើមានវិជ្ជមាន នឹងចម្លងគ្នា រួចចម្លងទៅរោងចក្រផ្សេងទៀត ប៉ុន្តែមានរោងចក្រ ខ្លះ ថៅកែរោងចក្រ អនុវត្តតាម SOP ត្រឹមត្រូវ ឃើញថា ពុំមានការចម្លងទេ ។ ក្រោយពីរកឃើញអ្នក វិជ្ជមាន ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ព្យាបាល កូវីដ-១៩ ខេត្ត ធ្វើចត្តាឡីស័ក និងយកសំណាក ចំពោះអ្នកប៉ះពាល់ផ្ទាល់ ចំណែកអ្នកប៉ះពាល់ប្រយោល ឱ្យធ្វើ ចត្តាឡីស័ក នៅតាមផ្ទះ ។ ប្រសិនជាមាន ចេញរោគសញ្ញា ដូចជា ក្តៅ ក្អក ថប់ដង្ហើម ហៀរសំបោរ ត្រូវប្រញាប់ប្រញាល់ ទៅធ្វើសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថាៈ ដើម្បីការពារទប់ស្កាត់ ការផ្ទុះឡើងជំងឺ កូវីដ-១៩ នៅ ក្នុងរោងចក្រ ចំពោះថៅកែរោងចក្រ ត្រូវអនុវត្តឱ្យបាននូវ SOP ចំណែក កម្មករ កម្មការនី រួមទាំងក្រុម គ្រួសាររបស់ពួកគាត់ផង ត្រូវគោរព តាមវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។
ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តមបណ្ឌិត សូមអំពាវនាវ ហើយអំពាវនាវទៀត ទៅដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនីរោងចក្រ គួរតែធ្វើចត្តាឡីស័កនៅក្នុង រោងចក្រ មិនគួរទៅចម្លងរោគដល់ប្តី ប្រពន្ធ កូន ឪពុកម្ដាយ បងប្អូនរបស់ខ្លួនទេ។ ប្រសិនបើចត្តាឡីស័ក នៅក្នុងរោងចក្រ វាពិបាកតែម្នាក់ឯង ប៉ុន្តែបើ សិនជាទៅផ្ទះ នឹងអាចចម្លងរោគដល់ច្រើនគ្នា និងអាចមន្ត្រីជំនាញ យកទៅចត្តាឡីស័ក អ្នកពាក់ព័ន្ធ ជាច្រើនអ្នកទៀត។
ជាលទ្ធផល ក្រោយពីរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅលើកម្មករ កម្មការនី មួយចំនួន នៅតាម មូលដ្ឋាន ដែលធ្វើចត្តាឡីស័កនៅផ្ទះ លោកបណ្ឌិត ក៏បាន ស្នើសុំថា បើធ្វើចត្តាឡីស័កនៅផ្ទះ និងនៅ មណ្ឌលចត្តាឡីស័ក ត្រូវអនុវត្តវិធានការ ចត្តាឡីស័កឱ្យបានត្រឹមត្រូវ ជៀសវាងចម្លងរោគដល់ប្តី ប្រពន្ធ កូន ឪពុកម្ដាយ បងប្អូនរបស់ខ្លួន និងអ្នកដទៃទៀត ។
(សូមបញ្ជាក់ថា) រហូតដល់ថ្ងៃនេះ នៅខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៩៣០នាក់ ស្រី ៥៤៧ នាក់ (ជនជាតិខ្មែរ: ៨៨៦នាក់, ជនជាតិបរទេស: ៤៤នាក់) ចំនួនអ្នកជំងឺជាសះស្បើយ សរុប ៤៦៣នាក់ ស្រី ២២២នាក់អ្នកជំងឺ ស្លាប់៦នាក់ ជាជនជាតិខ្មែរ ៕ ដោយ = សុខហ៊រ