ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកដាច់ ស្រុកលើកដែក បានសម្តែងការខកចិត្ត និងអស់ជំនឿលើអាជ្ញាធរឃុំព្រែកដាច់ ស្រុកលើកដែក ខណៈក្រុមឈ្មួញបានទន្ទ្រានកាន់កាប់ដីបឹងរបស់រដ្ឋស្ថិតក្នុងដែនឡូត៍លេខ ៦ ស្ទួន និងបានរំលោភបំពានកាន់កាប់ដីរបស់ពួកគាត់ដោយលើលឡើងថា អាជ្ញាធរហាក់លំអៀងលើភាគីម្ខាងទៀត ហើយមិនព្រមដោះស្រាយនៅពេលដែលពួកគាត់បានទៅប្តឹងស្នើសុំឲ្យជួយដោះស្រាយនោះ ។
ជាក់ស្តែងដូចករណីក្រុមឈ្មួញមានអំណាចម្នាក់ ដោយប្រជាពលរដ្ឋបានបង្ហាញឈ្មោះ ភួង ដា ជាមេការមើលដីធ្លីឲ្យថៅកែរបស់ខ្លួន បានដាក់គ្រឿងចក្រជីកកាត់ផ្តាច់ផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរចូលទៅអាស្រ័យផលដូចជា នេសាទត្រី កាប់អុសដុត បេះត្រកួន ប្រលឹត ធ្វើស្រែចម្ការនៅក្នុងដីធ្លីរបស់ពួកគាត់ទេ ។ ដោយសារជួបការលំបាកក្នុងនាមជាប្រជាពលរដ្ឋក្រីក្រតូចតាចមិនហ៊ានប្រឈមមុខតតាំងជាមួយក្រុមឈ្មួញ ពួកគាត់បានទៅប្តឹងអាជ្ញាធរភូមិឃុំជួយដោះស្រាយ ប៉ុន្តែតាំងពីថ្ងៃទី ៣០ ខែ ឩសភា រហូតដល់ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២១ នេះ អាជ្ញាធរនៅតែមិនព្រមដោះស្រាយជូនពួកគាត់ដដែល ។
មូលហេតុនេះ ទើបពួកគាត់បានរៃអង្គៀសលុយម្នាក់ ២០០០ រៀល (ពីរពាន់រៀល) ដើម្បីជួលគ្រឿងចក្រមកឈូសលប់វិញ ។ សូមស្តាប់ការលើកឡើងរបស់ពួកគាត់ ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ មេឃុំព្រែកដាច់ លោក ខ្មៅ រ៉ន រសៀលថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២១ នេះថា ប្រាប់តាមទូរសព្ទដល់ ព្រះនរាយណ៍ ថាក្រោយពីបានដំណឹងបានចុះដល់ទីតាំង នឹងបានថា ឯកឧត្តម ហុល សុខា បេអឹមក្រុង គាត់បានទិញដីនៅខាងត្បូងនឹង កាយប្រឡាយ និងជីកផ្តាច់នឹងគម្រោងរបស់គាត់ដាក់លូអោយ ដើម្បីគាត់រៀបចំដីធ្លីអោយស្អាត អោយប្រជាជនចង់ធ្វើស្រូវ គាត់អោយប្រជាជនធ្វើស្រូវ ម្នាក់៥ហិកតា ម្នាក់១០ហិកតា ទៅតាមលទ្ធភាព ។
លោកមេឃសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋទាំងនោះ គឺជាសកម្មជនដីធ្លីដើរកាងដីធ្លីគ្រប់ទីកន្លែង ។សូមស្តាប់សំដីមេឃុំ
ឆ្លើយតប នឹងការលើកឡើងរបស់លោក ខ្មៅ រ៉ន មេឃុំព្រែកដាច់ ប្រជាពលរដ្ឋនិយាយថា ពួកគាត់មិនមែនជាសកម្មជនដីធ្លី ឬជាក្រុមប្រឆាំងអីដែរ ។ ពួកគាតបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូត ។ ប្រជាពលរដ្ឋបាននិយាយបន្តថា បើពួកគាត់និយាយមិនពិត សូមឲ្យក្បាលរបស់ពួកគាត់រន្ទះ និង ឡានកិនស្លាប់ចុះ ។ សូមស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋ ។
ទោះជាយ៉ាងណា ប្រជាជននៅចង់ដឹងតើថា ឯកឧត្តម ហុល សុខា ទិញដីតំបន់នោះជាច្រើនហិកតាយ៉ាងនេះ តើមានប្លង់ត្រឹមត្រូវដែរទេ ព្រោះថានៅទីជាដីបឹងរបស់រដ្ឋ ៕