(ខេត្តកណ្តាល) បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធទៅទារលុយមិនបាន ទាញកាំបិតប័ុងតោដេញកាប់កូនបំណុលបណ្តាលអោយរងរបួស២នាក់ប្តីប្រពន្ធ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែលជាង៥ល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះទាំង២នាក់ ១.ឈ្មោះ ចយ ឆៃលីម ហៅឆៃ ជាប្តី អាយុ៣៨ឆ្នាំ, និង២.ឈ្មោះ សំរិទ្ធ ចាន់ ជាប្រពន្ធ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ។ចំណែកជនដៃដល់ឈ្មោះ ប៊ិន ធីតា ភេទប្រុសអាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះ នូ ចាន់ថន អាយុ៤៨ឆ្នាំ មានទីលំនៅភូមិគគីរធំ១ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើតាមលោក ពូ ឈ្មោះ សំរិទ្ធ អ៊ុំ និងលោក អុឹម ធី ជាមេភូមិគគីរធំ២ ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់អ្នកសារព៌តមានកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះថា មុនពេលកើតហេតុខណៈរូបគាត់កំពុងអង្គុយផឹកកាហ្វេនៅផ្ទះឪពុកបង្កើតរបស់ជនរងគ្រោះទល់មុខគ្នា ស្រាប់តែឃើញម្ចាស់បំណុលជិះម៉ូតូឌុបប្រពន្ធមកឈប់ចម្ងាយប្រហែល៣០ម៉ែត្រពីផ្ទះកូនបំណុល។រួចហើយម្ចាស់បំណុលក៍បានស្រែកហៅប្រពន្ធកូនបំណុលទៅជួបដើម្បីទារលុយ។តែកូនបំណុលប្រាប់ថា គាត់មិនទាន់មានលុយទេ ចាំថ្ងៃទី២៥ ខែមិថុនា បានមានលុយបង់។ពេលនិយាយគ្នាចប់ ជនរងគ្រោះជាប្រពន្ធក៍ដើរមកផ្ទះឪពុកវិញ។ភ្លាមនោះឈ្មោះ ប៊ិន ធីតា ប្តីម្ចាស់បំណុល បានដើរមកតាមក្រោយស្រែកហៅឈ្មោះ ចយ ឆៃលីម ហៅឆៃ ត្រូវជាប្តីកូនបំណុលកំពុងអង្គុយផឹកកាហ្វេនៅផ្ទះរបស់ឪពុកខ្លួន អោយចេញមកក្រៅជួបគេ។តែឈ្មោះ ចយ ឆៃលីម ហៅឆៃ មិនចេញទៅជួប ស្រាប់តែជនដៃដល់ឈ្មោះ ប៊ិន ធីតា ដើរចូលរូតកាបូបស្ពាយទាញយកកាំបិតបុ័ងតោដែលជនដៃដល់ដាក់មកតាមខ្លួនកាប់ទៅលើកូនបំណុលឈ្មោះ ចយ ឆៃលីម ហៅឆៃ ដល់ក្នុងហាងកាហ្វេតែម្តង។ឃើញដូច្នេះប្រពន្ធកូនបំណុលក៍បានចូលទៅឃាត់កំុអោយកាប់ប្តីនិងបានអោយប្តីខ្លួនរត់គេច។ខណៈនោះធ្វើអោយជនដៃដល់ឈ្មោះ ប៊ិន ធីតា ខឹងក៍កាប់ទៅលើជនរងគ្រោះជាប្រពន្ធចំក្បាលហូរឈាមស្រោចខ្លួន រួចជនរងគ្រោះជាប្តីរត់បានចម្ងាយប្រហែលជាង១០ម៉ែត្រជំពប់ជើងដួល ក៍ត្រូវជនដៃដល់រត់ទៅតាមកាប់ចំក្បាលបណ្តាលអោយរងរបួសទាំងប្តីទាំងប្រពន្ធ។ហើយជនបង្ករត់ឡើងជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។រីឯជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវបងប្អូនសាច់ញាតិដឹកបញ្ជូនយកទៅព្យាបាលនៅបណ្ឌលសុខភាពឃុំគគីរធំ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៍បញ្ជូនបន្តបន្ទាប់ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ ជនរងគ្រោះកូនបំណុលនិយាយថា ម្ចាស់បំណុលនេះកាចសាហាវណាស់ អាងខ្លួនអ្នកមាន លុយដើរចងការប្រាក់ខ្ពស់ហើយ បើកូនបំណុលបង់មិនទាន់ស្រែកជេរប្រមាថហែកហួរគំរាមកាប់សម្លាប់គ្មានត្រាប្រណី។ជាក់ស្តែងដូចជាជនរងគ្រោះ២នាក់ប្តីប្រពន្ធនេះបានយកលុយរាប់ ពីជនដៃដល់ចំនួន៨លានរៀល តាំងពីឆ្នាំ២០១៦ ដោយបង់ដំបូង១ថ្ងៃ១០០០០រៀល បានរយៈពេល៣ឆ្នាំមកហើយ។បន្ទាប់មកកូនបំណុលអត់មានលទ្ធភាពបង់ ក៍និយាយព្រមព្រៀងគ្នាសូមបង់១ខែ១០មុឺនរៀលវិញ នៅថ្ងៃ១០ជាប្រចាំ។ប៉ុន្តែរហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោងប្រហែល៧យប់ម្ចាស់បំណុលបានអោយកូនមកទារលុយ តែកូនបំណុលអង្វរប្រាប់ថា មិនទានមានលុយបង់ទេ ចាំថ្ងៃទី២៥ មិថុនា បានមានលុយបង់។លុះដល់ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ស្រាប់តែឪពុកម្តាយ(ម្ចាស់បំណុល)ជិះម៉ូតូឌុបគ្នាដាក់កាំបិតបុ័ងតោមកដេញកាប់កញ្ច្រាំជនរងគ្រោះជាកូនបំណុលទាំងប្តីទាំងប្រពន្ធមិនប្រណីដៃឡើយ។ ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់អោយដឹងតាមទូរស័ព្ទនាព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះថា សមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់ជាប្តីបានទេ កំពុងអោយកូនចៅធ្វើការ។ហើយពេលនេះសមត្ថកិច្ចនគរបាលកំពុងហៅប្រពន្ធជនដៃដល់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ធបាលគគីរធំ៕