(ស្វាយរៀង) ÷ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រគេនព្រះសង្ឃ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដោយឥតគិតថ្លៃ នាព្រឹកថ្ងៃព្រហស្បតិ៍១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២១នេះ។
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងមានប្រសាសថា យុទ្ធនាការចាក់វ៉ាក់សាំងដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀងកន្លងទៅ គឺបានចាក់ជូនដល់មន្ត្រី-រាជការ ហើយបច្ចុប្បន្នកំពុងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនីចំនួន៤ស្រុក-ក្រុង បន្ថែមទៀតរួមមាន៖ (១)ក្រុងបាវិត មានចំនួន២ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិដែលបានចាក់ដូសទី១រួចហើយ (២)ស្រុកកំពង់រោទិ៍មានចំនួន១០ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត (៣)ស្រុករំដួលមានចំនួន៨ទីតាំង និងក្រុងស្វាយរៀងកំពុងបើកយុទ្ធនាការចាក់នៅថ្ងៃនេះមានចំនួន៧ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ចំពោះប្រជាពលរដ្ឋដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា។ ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តមបន្តថា ការគិតគូដ៏ឈ្លាសវ៉ៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានផ្តល់វាក់សាំងដើម្បីជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីព្រះសង្ឃដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដោយឥតគិតថ្លៃ ហើយនៅថ្ងៃនេះ និងជំហានបន្តបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ។ ដោយ = សុខហ៊រ