(ខេត្តកណ្តាល): នៅ រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន៦គ្រួសារ រស់នៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាលតំណាងអោយម្ចាស់ដីសរុប១២នាក់បានរៀបរាប់ប្រាប់អ្នកសារព៌តមានប្រហាក់ប្រហែលគ្នាថា ខណ:អាជ្ញាធរ និងប្រមុខរាជរដ្ឋាភិបាលកំពុងរវល់មមាញញឹកគិតគូរពីសុខុមាលភាព អាយុជីវិតរបស់ប្រជាជន ក្នុងការបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ បែជាលោកឧកញ៉ា ថាច ថង ឆ្លៀតឱកាសបញ្ជាអោយកូនចៅដាក់អាអុិច២គ្រឿង និងអាប៊ុល១គ្រឿងទៅលួចធ្វើសកម្មភាពឈួសឆាយលើកក្រវ៉ាត់ព័ទ្ធយកដីកម្មសិទ្ធរបស់ពួកគាត់អស់ប្រហែល៧០ហិកតា នៅត្រង់ចំណុចអន្លង់ដង្ហិត ស្ថិតក្នុងភូមិ ឃុំខាងលើ ដោយខ្លាចអ្វីទាំងអស់។
ពលរដ្ឋម្ចាស់ដីបន្តទៀតថា ដីនេះគឺជាកម្មសិទ្ធរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផល(ធ្វើស្រូវ)នាពេលកន្លងមក។ប៉ុន្តែមួយរយ:ក្រោយមកក៍មានការខកខានធ្វើស្រូវ(ដោយមូលហេតុភាពរាំងស្ងួត និងកណ្តុរកាត់) ណាមួយមានក្រុមហ៊ុនមួយចំនួនបានមកទិញដីនៅជុំវិញដីរបស់គាត់អស់ហើយ ទើបពួកគាត់មានការអាក់ខានរហូតមកទល់បច្ចុប្បន្ន។
លុះនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានអ្នកទៅនេសាទត្រីរាយការណ៍ប្រាប់ពលរដ្ឋថា ដីពួកគាត់មានគ្រឿងចក្រលើកក្រវ៉ាត់ព័ទ្ធយកអស់ហើយ។ភ្លាមនោះពលរដ្ឋម្ចាស់ដីក៍ទៅជំរាបប្រាប់លោក ចាន់ ធូ មេឃុំគគីរធំ ក៏បានអោយកម្លាំងប៉ូលិសប៉ុស្តិ៍ និងលោក អុិម ធី មេភូមិគគីរធំ២ ចុះមកសួរនាំនិងអោយគ្រឿងចក្រផ្អាកសកម្មភាពរងចាំយកឯកសារពិនិត្យមើលសិន។ តែក្រុមនេះមិនស្តាប់នៅតែបន្តសកម្មភាពជីកក្រវ៉ាត់ព័ទ្ធយកដីពួកគាត់ដដែល។រហូតមកដល់រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ តាមរយ:ប្រព័ន្ធផ្សព្វផ្សាយព៌តមានពលរដ្ឋម្ចាស់ដីសូមសំណូមពរអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជួយអន្តរាគមន៍រកយុត្តិធ៏មដោះស្រាយជូនពួកគាត់ផង ព្រោះដីនេះពួកគាត់មិនទាន់លក់ទៅអោយលោកឧកញ៉ា ថាច់ ថងទេ..សូមស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋ។
ដោយឡែកលោក លាង លីម លោក ម៉ុន ភ័ណ្ឌ និងលោក យ៉ាន រុន មេការមើលដីអោយលោកឧកញ៉ា ថាច់ ថង បានលើកឡើងថា ការដាក់គ្រឿងចក្រមកជីកក្រវ៉ាត់នះខេត្តសំណូមពរទៅក្រសួង និងយោងទៅតាមប្លង់ដឺម៉ាស់ របស់ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់.។
ឆ្លើយតបជាមួយការសំណូមពររបស់ពលរដ្ឋម្ចាស់ដីលោក ចាន់ ធូ មេឃុំគគីរធំ ប្រាប់អោយដឹងតាមទូរស័ព្ទថា សូមអោយប្រជាពលរដ្ឋមានដីដែលលោកឧកញ៉ា ថាច់ ថង ព័ទ្ធយកមកដាក់ពាក្យបណ្តឹងមកសាលាឃុំដើម្បីអោយអាជ្ញាធរហៅភាគីទាំងសងខាងមានឯកសារមកដោះស្រាយគ្នា.។
ចំណែកលោក សុខ ពិសិទ្ធ អភិបាលរងស្រុកកៀនស្វាយ ក៍បានប្រាប់តាមទូរស័ព្ទអោយដឹងដែរថា ដីនេះគឺជាដី ស ជ ណ លេខ២៣ ដែលរដ្ឋាភិបាលកាត់ជូនលោកឧកញ៉ា ថាច់ ថង ដែលមានប័ណ្ណរឹងអោយទៅឈួសឆាយបោះបង្គោលព្រំ។តែបើមានប្រជាពលរដ្ឋអះអាងថា ចូលគាត់ សូមពួកគាត់មកដាក់ពាក្យបណ្តឹងនៅសាលាឃុំ៕