ខេត្តកណ្តាល ៖ ជិត១ឆ្នាំមកហើយ ដែលការសំណូមពររបស់ប្រជាជនទៅដល់អាជ្ញាធរឃុំ ស្រុក ខេត្ត អោយជួយរកដំណោះស្រាយចំពោះការបាក់ដីស្រែពួកគាត់ចូលទៅក្នុងរណ្តៅដីខ្នាតយក្ស របស់ថៅកែ ឈ្មោះ សៅ សុធា ជាសំណងថវិកា រឺ អោយចាក់បំពេញដីពួកគាត់វិញ គឺមិនបានផលសោះឡើយ ។
លោក សេត សំណាង តំណាងប្រជាពលរដ្ឋរងគ្រោះចំនួន១០គ្រួសារ បាននិយាយថា ដីស្រែ និងលំនៅដ្ឋានរបស់ពួកគាត់ សរុបទាំងអស់៥ហិចតា ហើយសុទ្ធតែមានប្លង់រឹងស្របច្បាប់ និងមានទីតាំងក្បែររណ្តៅធ្វើអាជីវកម្មកាយអាចម៍ដី និងបូមខ្សាច់ របស់លោក សៅ សុធា ដែលស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ដោយ កាលពីថ្ងៃទី១៥ តុលា ២០២០ កន្លងទៅ រណ្តៅដីខ្នាតយក្សដែលមានជម្រៅប្រមាណ៣០ទៅ៤០ម៉ែត្រនោះ បានបាក់និងរាលដាលធ្វើឱ្យបាក់ដល់ដីស្រែ និងលំនៅដ្ឋានរបស់គាត់ ចូលក្នុងរណ្តៅនោះ ។
លោកថា សព្វថ្ងៃនេះ ដីនៅទីនោះបានក្លាយទៅជាបឹងល្ហល្ហេវ អស់ទៅហើយ
ធ្វើឱ្យពួកគាត់ គ្មានដីសម្រាប់ធ្វើស្រែ និងរស់នៅនោះទេ។ បន្ទាប់ពីបាក់ដី គាត់បានប្តឹងទៅអាជ្ញាធរឃុំឱ្យជួយដោះស្រាយ ដោយសំណូមពរឱ្យម្ចាស់រណ្តៅដី សងថ្លៃខូចខាតទៅតាមតម្លៃដីលើទីផ្សារ ហើយបើមិនដូច្នោះទេសូមចាក់ដីបំពេញ កន្លែងដែលបាក់ឱ្យពួកគាត់បានដូចដើមវិញ ដើម្បីធ្វើស្រែ ចំការឡើងវិញ។
លោកបានបញ្ជាក់ថា ដំណោះស្រាយនៅសាលាឃុំ៣លើក ខាងម្ចាស់រណ្តៅដី ព្រមសងពួកគាត់ក្នុងតម្លៃដី១ម៉ែត្រការ៉េ ត្រឹម៤០ដុល្លារ ប៉ុណ្ណោះ ខណៈតម្លៃដីនៅលើទីផ្សារក្នុង១ម៉ែត្រការ៉េ ជាង១០០ដុល្លារ ឯណោះ ។ លុះទៅដល់សាលាស្រុក គេតម្លើងឱ្យបាន១ម៉ែត្រការ៉េ៤២ដុល្លារ ពួកគាត់មិនព្រម ក៏ស្នើរសុំឱ្យបញ្ជូនឯកសាលាទៅសាលាខេត្ត ប៉ុន្តែ លោកអភិបា
លស្រុក មិនព្រមបញ្ជូននោះទេ ទាល់ តែពួកគាត់យកពាក្យទៅដាក់ដោយខ្លួនឯង ដែលតាំងពីថ្ងៃទី១៤ កុម្ភៈ ២០២១ ។ មកដល់ពេលនេះ នៅមិនទាន់មានចំណាត់ការនៅឡើយ ហើ
យក៏ស្នើរសុំទៅឯកឧត្តមអភិបាលខេត្ត មេត្តាជួយពន្លឿនដោះស្រាយជូនពួកគាត់ផង ព្រោះបច្ចុប្បន្នកំពុងជួបបញ្ហាជីវភាពណាស់។សូមស្តាប់ការលើកឡើងរបស់ប្រជាជន ។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្ត បាននិយាយថា រដ្ឋបាលខេត្តមានឯកសារច្រើនណាស់ ហើយបើដាក់ពាក្យបណ្តឹងហើយ មិនទាន់មានចំណាត់ការសូម បងប្អូនអញ្ជើញមកសាលាខេត្ត ដើម្បីស្នើរសុំមន្ត្រីឱ្យជួយសើររើឱ្យ ។
ពាក់ព័ន្ធបញ្ហានេះ មជ្ឈដ្ឋាននានា ស្នើអោយស្ថាប័នពាក់ព័ន្ធមេត្តាចុះស្រាវជ្រាវរណ្តៅដីទាំងឡាយរបស់លោក សៅ សុធា តើកើតឡើងស្របតាមច្បាប់ដែររឺយ៉ាងណា ព្រោះថា បើថៅកែរូបនេះគោរពទៅតាមបែបបទច្បាប់ទម្លាប់នោះ ច្បាស់ជា មិនបាក់ដីស្រែប្រជាជននោះទេ រឺមួយថានេះជាឧបាយកលខ្មៅក្រខ្វក់មួយដើម្បីទិញដីស្រែប្រជាជនក្នុងតម្លៃថោក ជាងទីផ្សារ ។