ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋស្រុកដងទង់ ប្តឹង ក្រុមហ៊ុន សេង សម្បត្តិ និងមន្រ្តីពាក់ព័ន្ធទៅអង្គភាពប្រឆាំងអំពើពុករលួយ

ខេត្តកំពត ៖ ប្រជាពលរដ្ឋ ជាច្រើន គ្រួសារ រស់នៅស្រុកដងទង់ ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០២១ បាននាំគ្នា មកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយដាក់ពាក្យ ប្តឹងមន្រ្តីមួយ ចំនួននៅខេត្តកំពត រួមមាន ៖១.អភិបាលរងខេត្តម្នាក់ ។ ២. នាយករដ្ឋបាលសាលាខេត្ត ។ ៣.ប្រធាន មន្ទីរធនធានទឹក ។ ៤. ប្រធានការិយាល័យ ភូមិ បាលស្រុកដងទង់ និង ៥.អភិបាលស្រុកដងទង់ ជាដើម ពាក់ព័ន្ធនឹង ការឃុបឃិត ជាមួយ ក្រុមហ៊ុន សេង សម្បត្តិ យកដីលុបអាងទឹកស្រុកដងទង់លក់។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានស្នើសុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតលើករណីទីតាំងដីមួយកន្លែងដែលមានទំហំសរុបជាង១២ហិកតា ក្នុងនោះរួមមាន ដីចំណីអាងប្រជាពលរដ្ឋអាស្រ័យផល ផ្ទៃអាងទឹក និង ដីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវលេខ១៣៥ ដែលត្រូវបានក្រុមហ៊ុនលោក សេង សម្បត្តិ ដឹកដីចាក់បំពេញយ៉ាងគគ្រឹកគគ្រេងតែអាជ្ញាធរមូលដ្ឋានមិនមានចំណាត់ការ។

នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា លោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានទទួលប្រាក់ពីលោកសេង សម្បត្តិ ប្រធានក្រុមហ៊ុនសេង សម្បត្តិ ចំនួន៥ម៉ឺនដុល្លារ និងមានលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បានទទួលលុយឧបត្ថម្ភពីលោកសេង សម្បត្តិ ផងដែរ។

ពាក្យបណ្តឹងបន្តថា លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី និងលោក វិត វឌ្ឍនា មិនបានធ្វើការស៊ើបអង្កេតច្បាស់លាស់ ដែលបណ្តាលឱ្យមានអំពើឃុបឃិតគ្នាជាប្រព័ន្ធ និងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ។

ហើយលោក សេង សម្បត្តិ និងអភិបាលស្រុកដងទង់ លោក ស៊ីវ ផេង បានប្រព្រឹត្តអំពើពុករលួយឃុបឃិតសូកប៉ាន់ប្រើអំណាចចេញលិខិតដកហូតដីពីប្រជាពលរដ្ឋប្រគល់ឱ្យលោកសេង សម្បត្តិ, ចាន់ស្រីឡែន និងសុខ ហ្គិច។

យោងតាមឯកសារដែលទទួលបាន បានបង្ហាញអោយឃើញថា ឈ្មួញអាចធ្វើទៅបានដោយសារអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញជាអ្នកបើកភ្លើងខៀវឱ្យក្រុមហ៊ុន និងទប់ទល់ប្រជាពលរដ្ឋណាដែលតវ៉ាលើដីរបស់ខ្លួននេះ បើនិយាយជារួម តែបើនិយាយដាច់ដោយឡែកលោក សេង សម្បត្តិ មានសិទ្ធិពេញទីរហូតបញ្ជាឱ្យលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ និងជំនាញធ្វើតាមការចង់បានរបស់ខ្លួនទៀតផង ដោយ ដំបូងឡើយឱ្យលោក ណែម សារឿន ជាអ្នកទៅលួងលោមបញ្ចុះបញ្ចូលលោក តិល រិន មេភូមិសុភី ឈរឈ្មោះជាតំណាងប្រមូលកៀរគរដាក់ឈ្មោះប្រជាពលរដ្ឋលក់ដីឱ្យខ្លួនបានចំនួន២០គ្រួសារ នៅអំឡុងចុងខែធ្នូ ឆ្នាំ២០២០។

លោក តិល រិន ដដែលក៏បានបញ្ជាក់ថា លោកឈរឈ្មោះជាតំណាងលក់ដីឱ្យលោក ណែម សារឿន តែ២០គ្រួសារប៉ុណ្ណោះ ដែលមានដីអាស្រ័យផលនៅចំណីអាងទឹកដងទង់ ដោយឡែកដីបម្រុងរដ្ឋដីអាងទឹកគាត់មិនធានាអះអាងទេ គឺទុកឱ្យរដ្ឋជាអ្នកចាត់ចែង តែក្រោយមកក៏មានឈ្មោះលោកជាតំណាងលក់ដីរហូតដល់៣០គ្រួសារទៅវិញ ដែលម្ចាស់សាម៉ីមិនបានដឹងខ្លួនសោះឡើយ។

ទាក់ទងករណីនេះ លោកវិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានថ្លែងថា “ចាំសួរយោបល់ទៅស្រុកវិញ ចង់ដឹងច្បាស់ចុះទៅស្រាវជ្រាវផ្ទាល់បានដឹងសាច់រឿងនឹង ខ្ញុំមិនទៅឆ្លើយឆ្លងអីជាមួយគាត់ទេ គេចង់ជួយសម្រួលឱ្យបានផលប្រយោជន៍ទៅគាត់ (ប្រជាជន) តាមការពិតគាត់អត់មានដីនៅនឹងទេ”។ ចំណែកលោកប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com