លោកវរសេនីយ៍ត្រី អេង អូន ដែលមានរឿងអាស្រូវ ពិសេសមានឈ្មោះបើកក្រុមហ៊ុនឯកជន ផ្ទុយលក្ខន្តិកៈកងកម្លាំង នោះ ត្រូវបានមហាជនស្នើអោយថ្នាក់លើលុបឈ្មោះចេញក្របខណ្ឌ ។
រាជធានីភ្នំពេញ ៖ រឿងបញ្ហា លោកវរសេនីយ៍ត្រី អេង អូន អត្តលេខ ០៨៩៩៤៨ មុខងារជាជំនួយការផ្នែកប្រតិបត្តិការ នៃមូលដ្ឋានកងកេង កងទ័ពជើងអាកាស ខេត្តព្រះសីហនុ ដែល
ពាក់ព័ន្ធការបើកក្រុមហ៊ុនឯកជនឈ្មោះ «ក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ» ដែលផ្ទុយពីលក្ខន្តិកៈរបស់កងកម្លាំង នោះត្រូវបានមហាជន និងមន្រ្តីរាជការ ចាប់អារម្មណ៏និងបានសុំនូមពរ អោយថ្នាក់លើ លុបឈ្មោះចេញក្របខណ្ឌរដ្ឋ ដើម្បីជាគម្រូ ដល់មន្រ្តីរាជការឯទៀត ។
គួររម្លឹកថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន អំពីការចាប់ខ្លួន លោក អេង អូន នៅរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោកនិងរំលោភទំនុកចិត្តទឹកប្រាក់ជាង៩០ម៉ឺនដុល្លារ តាមបណ្តឹងរបស់លោកឧកញ៉ា ប្រាក់ ប្រាកដ និងលេចចេញព័ត៌មាន ករណី១ផ្សេងទៀត ដែល ក្រសួងរ៉ែនិងថាមពល បានសម្រេចផាកពិន័យ លោក អេង អូន «ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ» នូវទឹកប្រាក់ជាង៨០០លានរៀល ដោយសារតែក្រុមហ៊ុន អភិវឌ្ឍ ភ្នំថ្កូវ» របស់លោក បានការយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។
គួររំលឹកថា លោក អេង អូន ដែលរងបណ្តឹងពីលោកឧកញ៉ា ប្រាក់ ប្រាកដ បទល្មើសឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ត្រូវបានតុលាការអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ។