ខេត្តព្រះវិហារ៖ អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម ក្រោយទទួលបានការអនុញ្ញាតពី ប្រធានមន្ទីរបរិស្ថានខេត្ត លោក សុង ច័ន្ទសុជាតិ បានដឹកនាំមន្ត្រីឧទ្យានុរក្សជាច្រើននាក់ ចុះបង្ក្រាបរថយន្តសាំងយ៉ុង១គ្រឿង ផ្ទុកឈើជ្រុងរាប់សិបកំណាត់ គ្រាកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ នៅលើដែនដីរដ្ឋបាលខេត្តព្រះវិហារ។
ការបង្ក្រាបរថយន្តដឹកឈើ ១គ្រឿងនេះ បានធ្វើឡើងនៅវេលាម៉ោង ១១ និង៥៥នាទីយប់ ថ្ងៃទី២សីហាឆ្នាំ២០២១ នៅលើដងផ្លូវក្រាលគ្រួសក្រហម១ខ្សែ ត្រង់ចំណុចផ្លូវបំបែកភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ភូមិអណ្តូងតាម៉ែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។
លោក មាស ញឹម បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបសកម្មភាពរថយន្តដឹកឈើនោះ បន្ទាប់ពីមានការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ និង ប្រធានមន្ទីរបរិស្ថានខេត្ត លោក សុង ច័ន្ទសុជាតិ នោះមក ហើយកម្លាំងបរិស្ថានខេត្ត បានចុះទៅកាន់ភូមិតាសែង ឃុំរណសិរ្ស ក៏បានប្រទះឃើញ និងប្រដេញស្ទាក់ចាប់រថយន្ត ១គ្រឿង ដែលដឹកជញ្ជូនឈើចេញពីភូមិតាសែង ពេលដេញមកដល់ចំណុចផ្លូវបំបែក ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក៏បានប្រទះឃើញ រថយន្តសាំងយ៉ុង ១គ្រឿងផ្សេងទៀត ផ្ទុកឈើពេញប្រៀប ដែលកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវក្រាលគ្រួសក្រហម ១ខ្សែនោះ និងបានឃាត់រថយន្តនេះទុក នៅក្នុងវេលាយប់ជ្រៅនោះ។
លោក មាស ញឹម បានបន្តថា រថយន្តសាំងយ៉ុង ១គ្រឿង ដែលរងការបង្ក្រាបនាយប់នោះ ពាក់ស្លាកលេខ ភ្នំពេញ 2N-០០86 ពណ៌ខៀវ បានដឹកឈើសុក្រំពេញណែន រីឯ តែកុងរថយន្តនេះ បានប្រាប់ក្រុមមន្ត្រីបរិស្ថានខេត្ត ថា ឈើទាំងនេះគេបានដឹកចេញពីភូមិបុស្ស ជាប់ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី គឺដឹកយកទៅឲ្យ ចែ អូន និង ពូ រ៉យ នៅក្នុងខេត្តកំពង់ធំ។
លោក មាស ញឹម បានបញ្ជាក់ថា នៅគ្រានោះ សមត្ថកិច្ចបានរឹបអូសយកវត្ថុតាងបទល្មើស មានរថយន្តសាំងយ៉ុង ១គ្រឿង និងឈើរាប់កំណាត់ នាំយកមករក្សាទុក នៅស្នាក់ការបរិស្ថានបឹងពែ ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ នាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣សីហាឆ្នាំ២០២១។
អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម បានបញ្ជាក់ទៀតថា នៅពេលកំពុងបញ្ជូនរថយន្តសាំងយ៉ុង ដែលបង្ក្រាបបាននេះ មកកាន់ស្នាក់ការបឹងពែ ស្រាប់តែមានរថយន្តតួរីស ៤គ្រឿងផ្សេងទៀត ដឹកជញ្ជូនឈើកែច្នៃពាក់កណ្តាលលទ្ធផលសម្រេច គ្រោងនឹងដឹកឆ្ពោះចូលទៅខេត្តកំពង់ធំ។ ប៉ុន្តែ រថយន្តទាំង ៤គ្រឿងនោះ ពេលបើកមកដល់ចំណុចស្វាយប៉ាត ក៏បានបើកត្រឡប់ក្រោយវិញ ក្រោយទទួលដំណឹងថា មានកម្លាំងបរិស្ថាន ចាំចាប់រថយន្តដឹកឈើ នៅលើកំណាត់ផ្លូវជាតិ លេខ៦២ នាយប់នោះរួចមក។
ដោយឡែក រថយន្តស៊េរីទំនើបជាច្រើនគ្រឿងទៀត ក្រោមសេចក្តីរាយការណ៍ថា បានចូលទៅដឹកជញ្ជូនឈើ នៅក្នុងភូមិសាស្ត្រ ភូមិសុច និងភូមិតាសែង ឃុំរណសិរ្ស ជារៀងរាល់យប់ថ្ងៃនោះ កម្លាំងមន្ទីរបរិស្ថានខេត្ត បានប្រកាសចាត់ការបង្ក្រាបឲ្យខាងតែបាន ទោះបីជួបការលំបាក នៅក្នុងការបង្ក្រាបនោះយ៉ាងក៏ដោយ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣សីហានេះ កម្លាំងបរិស្ថានខេត្ត បានដាក់រនាំងចាំចាប់ក្រុមយន្តដឹកឈើ ដ៏សកម្មនេះ និងកម្លាំងរដ្ឋបាលព្រៃឈើ បានប្រដេញរថយន្តក្រុមឈ្មួញឈ្មោះ ភ័ក្ត្រ ដែលដឹកឈើពេញប្រៀប ចេញពីភូមិតាសែង មកដល់ផ្លូវជាតិលេខ៦២។ ប៉ុន្តែ ក្រុមនេះបានយករថយន្ត ១គ្រឿងទៀត មកបិទផ្លូវជាប់ និងបានបន្តដំណើរទៅបុករនាំងផ្លូវរបស់ មន្ត្រីស្នាក់ការបរិស្ថានបឹងពែ ថែមទៀតផង។ ទោះជាយ៉ាងនេះក្តី កម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត បានត្រៀមកម្លាំងជាស្រេច ដោយសហការជាមួយមន្ត្រីកងកម្លាំងក្នុងខេត្ត និងរកវិធីចាប់រថយន្តដឹកឈើក្រុមនេះ ឲ្យខាងតែបាន ដោយមិនកំណត់ពេលវេលា និងទីកន្លែងបង្ក្រាបនោះឡើយ៕ដោយមាឃសុខា