(ខេត្តព្រៃវែង)÷ ដីទីទួលបុរាណសាធារណៈរបស់រដ្ឋមួយកន្លែងទំហំប្រហែលជិត1ហិកតា ជាប់ស្ថានីយ៍បុរាណបារាយណ៍អណ្តែត ស្ថិតនៅក្នុងភូមិឡូត៍1 សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ត្រូវបានគេឈូសឆាយចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធបុគ្គលឯកជន បែជាអាជ្ញាធរ និងមន្ត្រីជំនាញឆ្លើយរបៀបសាចទឹកដាក់គ្នា។ ប្រភពពីពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់អ្នកសារព៌តមានកាលពីរសៀលថ្ងៃទី7 ខែសីហា ឆ្នាំ2021ថា ទួលបុរាណនេះមានទំហំដីជិត1ហិកតា គេហៅថាទួលថ្ងាន់ ដែលកើតមានតាំងពីដូនតាមកម្លេះ។ហើយមានព្រៃដើមឈើតូច-ធំដុះជាជួរស្រស់បំព្រងគួរអោយចង់គយគន់ និងជាកន្លែងសម្រាប់ពលរដ្ឋជិតឆ្ងាយគោរពបូជាដោយមានទាំងតូបលោកតាសង់អំពីថ្មនៅលើទួលនោះផងដែរ។ប្រភពបានឲ្យដឹងទៀតថា ដោយមើលឃើញដីទួលបុរាណនេះធំទូលាយ កន្លងមកក៍ធ្លាប់មានគណៈកម្មាការចាស់ព្រឹទ្ធាចារ្យ រួមទាំងព្រះសង្ឃបានស្នើសុំបំណងបង្កើតវត្តអារាមនៅលើទួលនេះម្តងរួចហើយ។ប៉ុន្តែមិនដឹងជាយ៉ាងម៉េចឃើញសាងសង់រោងលោកតាបានតែបន្តិចក៍ស្រាប់តែអាជ្ញាធរចុះហាមឃាត់ឈួសចោលវិញអស់ទៅ។ស្រាប់តែមកដល់បច្ចុប្បន្នដីមានហាងឆេងគេឃើញមានឈ្មួញបានចុះមកទិញដីស្រែរបស់ប្រជាពលរដ្ឋនៅជុំវិញទួលថ្ងាន់នេះទេ។លុះដល់ពេលឈ្មួញចាក់ដីលុប គឺលុបយកទាំងដីទួលថ្ងាន់នេះ រហូតលុបហៀរចូលដល់ដីអាងស្តុបទឹកស្ថានីយ៍ទួលបារាយអណ្តែតថែមទៀតផង។ប្រភពបញ្ជាក់បន្ថែមថា ប្រជាពលរដ្ធលក់តែដីស្រែជំុវិញទួលបុរាណនេះទេ តែរឿងដីទួលថ្ងាន់មិនដឹងជាឈ្មួញគាត់ទិញតាមរូបភាពណាឡើយ។ហើយក៍គ្មានពលរដ្ធណាម្នាក់ហ៊ានចេញមុខតវ៉ានោះដែរ ព្រោះលឺឈ្មួញអ្នកទិញ(ម្ចាស់ដី)ដែលមិនស្គាល់ឈ្មោះបាននិយាយតែមាត់ ដោយអះអាងថា ដីរបស់គេទិញនេះគឺមានប្លង់រឹងអស់ហើយ។ ពាក់ព័ន្ធបញ្ហានេះ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង ក៍ធ្លាប់បានប្រាប់អ្នកសារព៌តមានតាមទូរស័ព្ទថា រូបលោកធ្លាប់ទៅហាមឃាត់ម្តងហើយ ឥឡូវមកលួចចាក់ដីបំពេញទៀត។លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា ដីនេះគេមានប្លង់ តែចំណែកទួលបុរាណវិញ គឺរូបលោកក៍មិនទាន់ដឹងថាយ៉ាងម៉េចដែរ។ចំណែកលោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រៃវែង ក៍ធ្លាប់បានប្រាប់តាមទូរស័ព្ទអោយដឹងដែរថា រឿងដីទួលថ្ងាន់នេះ មានប្លង់ឫអត់ប្លង់រូបលោកក៍ពុំបានដឹងដែរ តែបើចេញប្លង់គឺចេញទាំងអស់ គ្រាន់តែដីពលរដ្ឋគ្រប់គ្រងដោយពលរដ្ឋ ដីរដ្ឋគ្រប់គ្រងដោយរដ្ឋទៅតាមមន្ត្រីជំនាញរៀងៗខ្លួន។រីឯលោក ម៉ន នីបណ្ឌិត អភិបាលក្រុងព្រៃវែង ក៍ធ្លាប់ឆ្លើយថា មិនបានដឹងដែរ សួរចៅសង្កាត់ទៅ។ដោយឡែកលោក ចៅសង្កាត់កំពង់លាវ បានអះអាងថា ដីនេះកន្លងមកមិនមែនជាដីទួលបុរាណនោះទេ គឺជាដីស្រែប្រាំងរបស់គេមានម្ចាស់គ្រប់គ្រងតៗគ្នាមក។ ហើយកន្លងមកនៅអំឡុងឆ្នាំ90ជាងទៅឆ្អ្នាំ2000 ក៍មានគណៈកម្មាការ និងព្រះសង្ឃមកទិញដីទួលនេះបំណងធ្វើវត្តតែសូមច្បាប់មិនបានក៍ផ្អាកទៅ៕