ខេត្តមណ្ឌលគិរី : រហូតដល់រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នេះខាងប៉ូលីសស្នងការខេត្តមណ្ឌលគិរី នៅតែមិនអាចចាប់ ជនសង្ស័យឈ្មោះ រស់ ពុទ្ធា ហៅក្របី ដែលជាបុគ្គលមានអំណាចម្នាក់ ខាងជំនួញឈើខុសច្បាប់ឆ្លងដែន ដែលបានបាញ់ប៉ូលីសម្នាក់អោយរបួសធ្ងន់ កាលពីយប់ថ្ងៃទី៤ ខែសីហា កន្លងមកនោះទេ ។
តាមប្រភពបានបង្ហើបថា ជនសង្ស័យអាចលាក់ខ្លួននៅព្រៃ ដែលជាដែនជំរកនៃការរកស៊ីរបស់គេ ក្រោមការបញ្ជារបស់មេធំរបស់គេម្នាក់ទៀតដែលមានអំណាចគ្រាន់បើ នៅរាជធានីភ្នំពេញ ក្នុងការរកស៊ីឈើកន្លងមក ។
ដោយឡែក លោក សូ សុវណ្ណ ស្នងការរង ខេត្តមណ្ឌលគិរី បានប្រាប់តាមទូរសព្ទនៅរសៀលថ្ងៃទី៨ ខែសីហា នេះថា ករណីនេះខាងស្នងការ គឺកំពុងស្វះស្វែងតាមចាប់បុគ្គលខាងលើ ទោះលាក់ពួននៅផ្ទះអ្នកធំណា ក៏ដោយ អោយតែដឹងគឺដាក់កំលាំងចុះចាប់អោយខានតែបាន ។
គួររំលឹកថា ករណីនេះបានកើតឡើងនៅវេលាម៉ោង២១ និង២០នាទី យប់ថ្ងៃទី៤ ខែសីហា ឆ្នំា២០២១ ដោយ មន្ត្រីនគរបាលម្នាក់ រងបានរបួសធ្ងន់ដោយអាវុធបាញ់ សត្វម៉ាកវ៉្វាំងដឺឡុងពេលចុះល្បាតអន្តរាគមន៍ នៅចំណុចមុខហាងស៊ុបបៃតង ស្ថិតក្នុងភូមិកណ្ដាលសង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ឯជនសង្ស័យដ៏មាន អំណាចជាអ្នកបង្កហេតុ រត់គេចខ្លួនបាត់ស្រមោល។
ករណីបង្ករបួសស្នាមធ្ងន់លើមន្ត្រីនគរបាលនេះ ហាក់ដូចមានការបិទបាំងព័ត៌មានយ៉ាងល្អ ប៉ុន្តែទោះយ៉ាងណា ត្រូវបានបែកធ្លាយ ។
មន្រ្តីនគរបាលរងរបួសធ្ងន់នោះ ឈ្មោះអ៊ន់ លាងអេង ភេទប្រុសអាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ត្រូវគ្រាប់កាំភ្លើងបាញ់សត្វចំក្រោមគល់ដោះខាង ឆ្វេង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។
ប្រភពដដែលនេះឲ្យដឹងដែរថា ពេលកម្លាំងសមត្ថកិច្ចននគរបាល ទៅដល់កន្លែងកើតហេតុបានឃើញឈ្មោះរស់ ពុទ្ធា ហៅក្របី និងឈ្មោះ ឌី សុខជា កំពុងឈ្លោះប្រតាយប្រតប់គ្នាបណ្តាលឲ្យរាលកៃកាំភ្លើងម៉ាកវាំងដឺឡុង(កាំភ្លើងបាញ់សត្វ) ត្រូវមន្ត្រីនគរបាលដែលចុះអន្តរាគមន៍ឈ្មោះ លោក អ៊ន់ លាងអេង រងរបួសធ្ងន់តែម្តង ។
ជនសង្ស័យបង្កហេតុឈ្មោះ រស់ ពុទ្ធា ហៅក្របីភេទប្រុស អាយុ ប្រហែល៤០ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដែលជាបុគ្គលដ៏មាន អំណាចក្នុងខេត្តមណ្ឌលគិរីម្នាក់ ជា ពិសេសខាងជំនួញឈើខុសច្បាប់ឆ្លងដែន នាពេលកន្លងមក។
ក្រោយដឹងថារាលកៃកាំភ្លើងបណ្តាលអោយត្រូវរបួសមន្ត្រីនគរបាល ជន សង្ស័យបាននាំយកជនរងគ្រោះទៅដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី រួចរត់គេចខ្លួនបាត់ ស្រមោល ។ ជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរ ពេទ្យរាជធានីភ្នំពេញ ដោយសាររបួសមានស្ថានភាពធ្ងន់ធ្ងរ។
ករណីនេះ កម្លាំងស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី បានកសាងសំណុំរឿង និងកំពុងតាមចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕