រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ត្រី អេង អូន អត្តលេខ ០៨៩៩៤៨ មានមុខងារជាជំនួយការផ្នែកប្រតិបត្តិការនៃមូលដ្ឋានកងកេង កងទ័ពជើងអាកាស ខេត្តព្រះសីហនុ ត្រូវតុលាការភ្នំពេញចេញដីការបង្គាប់អោយនាំខ្លួន ។
យោងតាមលេខ ៨៥៤ សដចន ចុះថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២១ យល់ឃើញថា មានតម្រុយបានថា ជនត្រូវចោទឈ្មោះ អេង អូន បានប្រព្រឹត្ត គំរាមគំហែងថានឹងសម្លាប់ ពីបទ ឆបោក និង ពីបទ រំលោភលើទំនុកចិត្ត តាមបញ្ញត្តិមាត្រា២៣៣ មាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និង មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅខេត្តកំពត ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១ តែជនត្រូវចោទមិនព្រមចូលមកបង្ហាញខ្លួនតាមបញ្ជានៃដីកាបង្គាប់អោយចូលខ្លួន ហេតុនេះគម្បីសម្រេចនាំខ្លួនជនត្រូវចោទឈ្មោះ អេង អូន ដើម្បីបំពេញកិច្ចស៊ើបសួរតាមនិតិវិធី។ ហេតុដូច្នេះសម្រេច ។១-អោយនាំខ្លួនឈ្មោះ អេង អូន ភេទប្រុស អាយុ៤២ឆ្នាំ ដែលមានអត្តសញ្ញាណខាងលើ ។២-បង្គាប់មកកងកម្លាំងសាធារណៈ អោយចាប់ និង នាំខ្លួនឈ្មោះខាងលើមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ អោយបានមុនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីចាត់ការតាមច្បាប់ ។
ពាក់ព័ន្ធតាមស្វែងរកជនខាងលើប៉ុន្មានថ្ងៃមកនេះ ត្រូវបានប្រភពរាយការណ៍មកថា គេសង្ស័យថា លោក អេង អូន បានចូលទៅក្នុង មូលដ្ឋានទ័ពអាកាស ដោយមិនព្រមចេញមកក្រៅបន្ទាយ ដែលជាការលំបាកក្នុងនាំខ្លួនជនខាងលើទៅកាន់តុលាការ ។
នៅរសៀលថ្ងៃនេះ អ្នកសារព័ត៌មាន មិនអាចរកការបំភ្លឺពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹង សំណាង មេបញ្ជាការដ្ឋានទ័ពអាកាសបានទេ ៕