(ខេត្តកណ្ដាល)៖នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលឃុំប្រាសាទបានចេញសេចក្ដីប្រកាសព័ត៌មានក្រោយពីមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មានមួយចំនួនបានចោទប្រកាន់ថាមេឃុំប្រាសាទ លោក ឈាង លី និងលោក ម៉ៅ តារា អភិបាលរងស្រុកស្អាង ឃុបឃិតគ្នាជាប្រពន្ធ័លួចលក់ដីឲ្យទៅឈ្មោះ លី ហាក់ គឺជាការមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយសដល់រដ្ឋបាលឃុំប្រាសាទ និងរដ្ឋបាលស្រុកស្អាង និងស្ថាប័នសាធារណៈយ៉ាងធ្ងន់ធ្ងរ។
ក្នុងលិខិតប្រកាសព័ត៌មាននោះបានឲ្យដឹងថា ៖កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីជំនាញសុរិយោដីស្រុកស្អាងបានធ្វើការចុះស្រាវជ្រាវតាមលិខិតស្នើសុំពីម្ចាស់ដីចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្ដាល និងលិខិតបញ្ជាបេសកម្មរបស់មន្ទីសុរិយោដី ព្រមទាំងលិខិតបញ្ជាបេសកម្មរបស់រដ្ឋបាលស្រុកស្អាងតែប៉ុណ្ណោះ ។
លិខិតដដែលបានបន្ថែមទៀងទៀតថា៖ លោកមេឃុំ ឈាង លី មិនមែនជាអ្នកចុះហត្ថលេខាផ្ទេរសិទ្ធិឲ្យទៅឈ្មោះ លី ហាក់ឡើយ ក្នុងលិខិតផ្ទេរកម្មសិទ្ធិជាស្ថែងគឺអតីតលោកមេឃុំ ឌុច កាក់ ជាអ្នកចុះហត្ថលេខាផ្ទេរលើឯកសារនោះ ហើយលោកមេឃុំ ឈាង លី បានធ្វើការបញ្ជាក់តាមការស្នើសុំចុះបញ្ជីក្បាលដីរបស់ម្ចាស់សំណើ និងកិច្ចសន្យាទិញលក់រវាងម្ចាស់ដី និងអ្នកទិញតែប៉ុណ្ណោះមិនមានការឃុបឃិតដូចមានការចុះផ្សាយរបស់អង្គភាពមួយចំនួនឡើយដែលធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំ។