ខេត្តកណ្តាល៖ នារីរងគ្រោះឈ្មោះ ថ ក.ន.ក នឹងដាក់ពាក្យប្តឹងជនត្រូវចោទឈ្មោះ ស្វាយ ស៊ីសុថា ហៅអាខ្យា ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាមន្ត្រីប៉េអឹមលើផ្ទៃប្រទេស ពាក់ស័ក្តិ ៤កន្លះ មុខងារជាប្រធានក្រុមបង្ក្រាបបទល្មើស ជាអគ្គនាយកអង្គភាពសារព័ត៌មាន ( និស្សិតកូនប៉ា ) និងជាម្ចាស់ភោជនីយដ្ឋាន ( រងចាំ ) ពីបទ ( បរិហាកេរ្តិ៍ជាសាធារណៈ ) ក្រោយពេលជនត្រូវចោទរូបនេះត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លោក អ៊ុក សុវណ្ណារិទ្ធ បានចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២១ ។
នារីរងគ្រោះឈ្មោះ ថ ក.ន.ក បាននិយាយថា នាងនឹងដាក់ពាក្យប្តឹងជនត្រូវចោទឈ្មោះ ស្វាយ ស៊ីសុថា ទៅតុលាការខេត្តកណ្តាល ដោយសារជនត្រូវចោទរូបនេះ និយាយថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយនាងរហូតឈានដល់បានរួមរ័ក្សចំនួន ១០ ដង នៅក្នុងផ្ទះសំណាក់ដោយឲ្យលុយពី ១៥ ទៅ ២០ ម៉ឺនរៀល ។ នារីរងគ្រោះថា ការនិយាយបែបនេះ គឺជាការនិយាយបរិហាកេរ្តិ៍មួលបង្កាច់ទាំងស្រង់ដែលធ្វើឲ្យមិនត្រឹមតែប៉ះពាល់កិត្តិយសរបស់នាងប៉ុណ្ណោះទេ គឺថែមទាំងប៉ះពាល់កិត្តិយសដល់ក្រុមគ្រួសារឪពុកម្តាយរបស់នាង ដែលកំពុងប្រកបរបរមុខជំនួញ លក់ដូររកស៊ីទៀតផង ។
នារីរងគ្រោះបានបញ្ជាក់ថា នាងមិនដែលមានអារម្មណ៍ទំនាក់ទំនងស្នេហាជាមួយជនត្រូវចោទឈ្មោះ ស្វាយ ស៊ីសុថា ហៅខ្យានោះទេ ការរាប់អានកន្លងមក នាងបានរាប់ដូចបងប្អូនបង្កើតដោយសារជនត្រូវចោទរូបនេះ បានរាប់អានអ៊ុរបស់នាង និងបានរាប់អានប៉ាម៉ាក់របស់នាង ហើយបានហៅប៉ាម៉ាក់របស់នាងថា ប៉ាម៉ាក់ដូចកូននិងឪពុកម្តាយបង្កើតអញ្ចឹងដែរ ។
នារីរងគ្រោះបានបញ្ជាក់បន្ថែមថា ថ្វីត្បិតរូបនាងជាមនុស្សស្រី ប៉ុន្តែនាងមិនដែលមានអារម្មណ៍ស្នេហាផ្លូវភេទជាមួយមនុស្សប្រុសនោះទេ និយាយឲ្យចំនាងជាមនុស្សស្រីស្រលាញ់មនុស្សស្រី ។ ការគ្រោងនឹងដាក់ពាក្យប្តឹងនេះ បន្ទាប់ពីនាងបានឃើញសារព័ត៌មានក្នុងស្រុកបានផ្សាយតាមចម្លើយរបស់ជនត្រូវចោទខាងលើដែលបាននិយាយបរិហាកេរ្តិ៍មួលបង្កាច់រូបនាងខុសពីការពិត ។
ពាក់ព័ន្ធនឹងការអះអាងរបស់នារីរងគ្រោះ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរខាងផ្ទះនារីរងគ្រោះ ក៏បានបញ្ជាក់ដែរថា នារីរងគ្រោះរូបនេះ ពិតជាមនុស្សស្រីស្រឡាញ់មនុស្សស្រីដូចគ្នាប្រាកដមែន ហើយកន្លងមកកាលពីនាងមានអាយុប្រហែល ១៧ ទៅ ១៩ ឆ្នាំបានសុំផ្តាច់ពាក្យជាមួយគូដណ្តឹងមិនព្រមរៀបការ ។
នារីរងគ្រោះក៏បានស្នើសុំតុលាការខេត្តកណ្តាលជួយរកយុត្តិធម៌ឲ្យរូបនាងផង ខណៈដែលជនត្រូវចោទឈ្មោះ ស្វាយ ស៊ីសុថា មិនត្រឹមតែបានចាប់រំលោភនាងទាំងស្រវឹងស្រានៅក្នុងភោជនីយដ្ឋាន ( រងចាំ ) ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលប៉ុណ្ណោះទេ ហើយថែមទាំងនិយាយបរិហាកេរ្តិ៍មួលបង្កាច់រូបនាងជាស្រីលក់ខ្លួនទៀតផង ។
គួររំលឹកថា មន្ត្រីប៉េអឹមលើផ្ទៃប្រទេសពាក់ស័ក្តិ ៤កន្លះរូបនេះ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ទវៈ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅនេះ នៅចំណុចភោជនីយដ្ឋាន «រងចាំ» ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ករណីរំលោភសេពសន្ទវៈនោះ បានកើតឡើងកាលពីវេលាម៉ោងជាង ១២ រំលងអាធ្រាត ឈានចូលថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២១ នៅចំណុចក្នុងភោជនីយដ្ឋាន «រងចាំ» ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕