ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១នេះ នៅសាលាឃុំឬស្សីជ្រោយមានការបើកកិច្ចប្រជុំផ្សព្វផ្សាយពីគំរោងធ្វើសួនច្បារ និង វិវាទដីធ្លីចំនួន៦គ្រួសារ ដែលចង់បានដីសាធារណៈរបស់រដ្ឋ និង ជាចិញ្ចើមផ្លូវ ធ្វើជាកម្មសិទ្ធិ ។
នៅក្នុងកិច្ចប្រជុំ លោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយបាន ជម្រាបដល់អង្គប្រជុំ ពីគម្រោងនិងដោយមានការគាំទ្រ ឯកភាព ពីអភិបាលស្រុកមុខកំពូល លោក យី យ៉េន អោយធ្វើសួនច្បារដែលមានបណ្តោយប្រមាណជាង១០០ម៉ែត្រ សំរាប់ទុកជាប្រយោជន៍ដល់បងប្អូនបានមកកំសាន្ត និង ហាត់ប្រាណផងដែរ ។
ពាក់ព័ន្ធនឹងការធ្វើសួនច្បារនេះ លោកមេឃុំ ក៏បានរម្លឹកដល់ក្រុមប្រជាជន៦គ្រួសារ ដែលបានទិញដីតៗពីគ្នា ហើយក៏បានប្តឹងដល់តុលាការ និងចុងក្រោយមហាអយ្យការអមសាលាឩទ្ធរណ៍ភ្នំពេញ លេខ ២៦០ ល-ជ-ណ /០២១ សំណុំរឿងតម្កល់ទុកឥតចាត់ការលេខ៤៣៩ ចុះថ្ងៃទី២១ -១២-២០២០ ។ចុះហត្ថលេខា ដោយព្រះរាជអាជ្ញា អ៊ុក សាវុធ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ បានតម្លល់សេចក្តីសម្រេចរបស់សាលាដំបូងខេត្តកណ្តាល ទុកជាបានការដដែល នៃសំណុំរឿងព្រហ្មលេខ ២៥៨ អ-ក ចុះថ្ងៃទី ១៨-០២-២០២០។
លោកមេឃុំថាដីរបស់រដ្ឋ យើងបានយកធ្វើជាសាលាឃុំ ជាប៉ុស្តិ៍នគរបាល និងជាមណ្ឌលសុខភាព ក៏ដូចសួនច្បារ តើការធ្វើអាគាររបស់រដ្ឋ នៅលើដីរដ្ឋ តើខាងលោកមេឃុំ ខុសដែរយ៉ាងណា ?
លោក ហោ សេង តំណាងក្រុមប្រឹក្សាឃុំឬស្សីជ្រោយ និងជាអតីត ប្រធានកសិកម្មឃុំ បានបញ្ជាក់ថា ថាដីខាងលើដែលមានគម្រោងធ្វើសួនច្បារនោះ កាលពីមុនជាដីរបស់រដ្ឋដែលបានអោយប្រជាជន៦គ្រួសារខ្ចី ខាងមុខ និង ខាងក្រោយមាន១គ្រួសារ ប្រវែង១០០ម៉ែត្រ ហើយអ្នកទាំងនោះបានលក់ទៅអោយឈ្មួញ ឈ្មោះ នាង ភិរិន្ទ ទាំងមុខទាំងក្រោយ ដោយមិនមានអាជ្ញាធរណាដឹងលឺនោះឡើយ ព្រោះជាដីរបស់ឃុំ។ លុះដល់រដ្ឋធ្វើផ្លូវ និង មានការដកហូតមកជា សម្បត្តិរបស់ឃុំវិញ លោកនាង ភិរិន្ទ បានប្តឹងអ្នកទាំងប៉ុន្មាននាក់ ខាងលើអោយសងលុយ ។ហើយអ្នកប៉ុន្មានអ្នកខាងលើក៏មកចោទប្រកាន់ថាលោក មេឃុំ ចាក់យកដីពួកគាត់ និង បានបង្ហោះ នៅលើបណ្តាញហ្វេសបុកថាពួកគាត់ មានប័ណ្ណកម្មសិទ្ធិទៀតផង ។ការដែលបញ្ជាក់ថា មានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីត្រឹមត្រូវតាមច្បាប់នេះ លោកក៏ស្នើអោយ ប្រជាជនខាងលើយកឯកសារមកបង្ហាញ ព្រោះថា ដីនេះជារបស់រដ្ឋ និង មិនមានមន្រ្តីឃុំណាស៊ីញ៉េទទួលស្គាល់នោះទេ ហើយតើប័ណ្ណកម្មសិទ្ធិនេះ ចេញពីប្រភពណា រឺមួយជាការបរិហាកេរ្តិ៍ អោយមានយល់ច្រលំ ពិសេសជិតបោះឆ្នោតជ្រើសរើស ឃុំ សង្កាត់
នៅពេលខាងមុខនេះ អោយពុះកញ្រ្ជោលរឿងដីធ្លី និង ភាពអយុត្តិធម៌ ?
គួររម្លឹកថាពាក់ព័ន្ធបញ្ហានេះ លោក តេក ស៊ីម ជាអតីតគណៈកម្មាធិការប្រជាជនឃុំឬស្សីជ្រោយ បានធ្វើលិខិតបំភ្លឺ ជូនប្រធានតុលាការសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២០ដោយបានបញ្ជាក់សង្ខេបថា លោក វ៉ន សំអុន ជាប្តី និង ផន គឹម ថេងជាប្រពន្ធ នៅឆ្នាំ១៩៩១ បាន ដាក់ពាក្យស្នើសុំដីទំនេររបស់ឃុំ ដោយសន្យាពេលណាដែលរដ្ឋត្រូវការនិងប្រគល់ជូនរដ្ឋវិញឥតជំទាស់អ្វីឡើយ។ ដោយឡែក ប្រជាជន៦គ្រួសារ នៅឆ្នាំ១៩៩២ បានមកសុំស្នាក់នៅអាស្រ័យលើដីខាងមុខដែលជាដីចំណីផ្លូវរបស់រដ្ឋ ដោយបានដាក់ពាក្យសុំស្នាក់នៅជាបណ្តោះអាសន្ន និងបានសន្យាថាមិនមែនទាមទារជាកម្មសិទ្ធិដាច់ខាត ។ នៅពេលណាដែលរដ្ឋត្រូវការចាំបាច់ ពួកគាត់និងប្រគល់ជូនរដ្ឋវិញមិនជំទាស់អ្វីឡើយ ។