ខេត្តរតនគិរី៚៚ក្នុងអំឡុងពេលជាច្រើនថ្ងៃ កន្លងទៅនេះទូទាំងខេត្តរតនគិរីទាំងមូលគ្របដណ្តប់ពីឥទ្ធិពល ព្យុះទី១៨ពីប្រទេសជិតខាង ជាពិសេសពីប្រទេសវៀតណាម ស្ថានភាពសម្ពាធទាប បង្កអោយមានភ្លៀងធ្លាក់ជាមធ្យមគ្រប់២៤ម៉ោងជាពិសេសក្នុងថ្ងៃទី១៧ខែតុលាឆ្នាំ២០២១ ធ្វើអោយស្រុកមួយចំនួនដែលមានភូមិឃុំនៅប្របសងខាងមាត់ទន្លេ ត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀងនេះរួមមាន៖
ទី១.ស្រុកលំផាត់
ទី២.ស្រុកកូនមុំ
ទី៣.ស្រុកវើនសៃ
ទី៤. ស្រុកតាវែង
ទី៥. ស្រុកអណ្តូងមាស និង
ទី៦. ស្រុកអូរយ៉ាដាវ
តែបើយោងតាមប្រភពមិនផ្លូវការណ៍មួយដែលអង្គភាពព្រះនរាយណ៍យើងទទួលបានមកថា ស្របពេលស្ថានភាពជំនន់ទឹកភ្លៀងកំពុងហក់ឡើងយ៉ាងគំហុកដូច្នេះខាងប្រទេសវៀតណាម បានបើកទ្វាទឹកចំនួន៨ទ្វាថែមទៀត ធ្វើឲ្យភូមិសាស្ត្រមួយចំនួននៃទន្លេសេសាននៃស្រុកអណ្តូងមាស របស់ខេត្តរតនគិរី ចាប់ផ្តើមជន់លិចនិងមានផលប៉ះពាល់ផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន ។
ទោះជាយ៉ាងណាថ្នាក់ដឹកនាំខេត្តរតនគិរី នៅរសៀលថ្ងៃទី១៧ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជាគណៈបញ្ជាការឯកភាពខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានដឹកនាំមន្ត្រីជំនាញគ្រប់ក្រសួងមន្ទីរ ក្នុងខេត្ត អញ្ចើញ ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកស្ថិតក្នុងស្រុកលំផាត់។
ខណៈនោះអភិបាលខេត្តបានបញ្ជាក់ថាៈក្នុងនាមឯកឧត្តមជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ តែងយកចិត្តទុកដាក់ត្រៀមលក្ខណៈ ឧបករណ៍ សម្ភារៈជាចាំបាច់បំផុតគឺ មធ្យោបាយ(ទូក.កាណូត) សម្រាប់ជន្លៀស និងដើម្បីសង្គ្រោះបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពគ្រប់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំំងក្រុងស្រុករបស់ខេត្តរតនគិរី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប្របសងខាងដងទន្លេស្រែពកនិងទន្លេសេសាននេះជាដើម អោយចូលរួមសហការគ្នា និង បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ជៀសវាងហានិភ័យជាយថហេតុផ្សេងៗកើតឡើងដល់អាយុជីវិត។
ដោយឡែកប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តរតនគិរី លោកអ៊ុំ វណ្ណា
បានថ្លែងប្រាប់ក្រុមអ្នកសារព័តិមានក្នុងស្រុកដឹង ស្របពេលមានការអញ្ចើញចុះត្រួតពិនិត្យស្ថានភាពទឹកទន្លេស្រែពក របស់លោក គិតទ្រី អភិបាលរងខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ នេះថាៈ ស្ថានភាពទឹកទន្លេសេសាន និងទឹកទន្លេស្រែពកហក់ឡើងលើសកំរិតប្រកាសអាសន្នបន្តិចហើយ លោកបញ្ចាក់ថាៈ កំរិតប្រកាសអាសន្នទឹកទន្លេស្រែពកកំពស់ ១២.៥០ម៉ែត្រ ប៉ុន្តែនៅថ្ងៃទី១៨តុលានេះ ទឹកទន្លេស្រែពកហក់ឡើង ១៣ម៉ែត្រ។ ចំណែក ទឹកទន្លេសេសាន កំរិតប្រកាសអាសន្នកំពស់៨.៥០ម៉ែត្រ មានការហក់ឡើងបន្តិចផងដែរ៕ រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លីវណ្ណះ Pntv គេហទំព័រទូរទស្សន៍ព្រះនរាយណ៍