(ព្រៃវែង)… ជារឿងនឹកស្មានមិនដល់ និងរន្ធត់ចិត្តបំផុត! ខណៈស្ដ្រីម្នាក់ឈឺពោះគ្រប់ខែបានចូលទៅសម្រាលកូនដោយវះកាត់នៅ«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»នៅជាប់បណ្តោយផ្លូវជាតិលេខ៨A ទល់មុខ(ផ្សារស្នាយពល)ស្ថិតក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានហូរឈាមខ្សោះខ្លួនរហូតដល់ដាច់ខ្យល់ស្លាប់ចោលប្តីនិងកូនទាំងវ័យក្មេង កាលពីយប់ទី២៣ ខែតុលាឆ្នាំ២០២១។
អាជ្ញាធរមូលដ្ឋានបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឡាំង ស្រីយ៉ាត អាយុ៣៧ឆ្នាំ មានទីលំនៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព៌តមានអោយដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ត្រីរងគ្រោះបានឈឺពោះគ្រប់ខែឆ្លងទន្លេដោយមានសុខភាពល្អរឹងមុាំធម្មតា ហើយត្រូវសាច់ញាតិក្រុមគ្រួសារដឹកយកមកសម្រាលកូននៅ<មន្ទីរព្យាបាលនិងសម្ភព សុខ ខេង>ខាងលើ ដែលមានលោក អ៊ុំ សារិទ្ធ(ហៅពេទ្យស្រី)ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង ជាម្ចាស់នៃមន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង នេះ។ខណៈនោះគ្រូពេទ្យនៅ«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»បានពិនិត្យសុខភាព និងពិនិត្យផ្ទៃពោះរបស់នាង។ដោយឱ្យនាងសំរាកក្នុងមន្ទីរពេទ្យរបស់ខ្លួន១យប់។លុះស្អែកឡើងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ទើបគ្រូពេទ្យធ្វើការវះកាត់ស្ដ្រីរងគ្រោះដើម្បីសម្រាលកូន។ពេលដែលវះកាត់នោះគេមិនដឹងថា«មកពីវះកាត់ខុសបច្ចេកទេស.ឬមកពីរោគស្រីរងគ្រោះនោះទេ.?»ពោលគឺក្រោយវះកាត់រួច ស្រាប់តែស្ដ្រីរងគ្រោះ ធ្វើទុក្ខខ្លាំង ដោយធ្លាក់ឈាម ហូរឈាមច្រើនៗ ធ្វើអោយគ្រូពេទ្យហាក់ភិតភ័យព្យាយាមបញ្ជូលឈាមអោយស្ត្រីរងគ្រោះចំនួន៨កំប្លោក ក៍នៅតែជួយសង្រ្គោះមិនបាន នៅតែហូរឈាមមិនឈប់រហូតធ្វើអោយនាងខ្សោះខ្លួន និងខ្សោះឈាមដាច់ខ្យល់ ស្លាប់នៅក្នុង«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»ក្រោយ”វះកាត់”បានប្រហែល៥ទៅម៉ោង៦ម៉ោងតែម្តង ខណៈកូនរបស់នាងត្រូវសង្គ្រោះទាន់ពេល!។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកក្រុមគ្រួសារនិងគ្រូពេទ្យ បានដឹកសពស្ត្រីរងគ្រោះយកទៅផ្ទះធ្វើបុណ្យនិងបូជាសព នៅថ្ងៃទី២៤.ខែតុលា ឆ្នាំ.២០២១។ទន្ទឹមនិងនោះក៍មានការសម្របសម្រួលគ្នារវាង គ្រូពេទ្យនិងគ្រួសារសព ដើម្បីបញ្ចប់រឿងមិនប្ដឹងផ្ដល់!ប៉ុន្តែមិនដឹងសំណងគ្រូពេទ្យសងទៅគ្រួសារសពប៉ុន្មាននោះទេ។
ករណីមន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង ធ្វើការវះកាត់បណ្តាលអោយមនុស្សស្លាប់នេះ ហាក់បីដូចជាស្ងៀមស្ងាត់ល្អណាស់។ដល់តែមានសារព៌តមានចុះផ្សាយ ទើបនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ គេឃើញលោក ញឹក ឌឹមនរ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ចុះមកស្រាវជ្រាវពិនិត្យមន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង នេះ។ទោះយ៉ាងណានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ភ្នាក់ងារយើងបានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទទៅសួរលោក ញឹក ឌឹមនរ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្ត ពីលទ្ធផលនៃការចុះពិនិត្យ បែរជាលោក សួរអ្នកព៌តមានថា បានលេខទូរស័ព្ទលោកមកពីណា…?ហើយលោកគ្មានពេលនិយាយទេ ជាប់រវល់មានធុរៈចូលផ្ទះ។ខណៈដែលលោក ហួត កល្យាណ ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកពារាំង មិនហ៊ានឆ្លើយក៍អោយអ្នកព៌តមានសួរទៅខេត្តចុះ ព្រោះខេត្តជាអ្នកចុះធ្វើ។
ដោយឡែក លោក សេង បញ្ញាឬទ្ធិ និង លោក អ៊ុំ សារិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង និងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ខេង នៅថ្ងៃទី២៨ ខែតុលា ភ្នាក់ងារយើងក៍បានព្យាយាមសំុការបំភ្លឺដែរ ប៉ុន្តែទូរស័ព្ទជាច្រើនដង គ្មានអ្នកទទួល។
មហាជនខ្លះលួចខ្សឹមប្រាប់អ្នកព៌តមានថា ដោយសារតែជាប់បើកកន្លែងឯកជនរកសុីខ្លួនឯងនេះហើយ ទើបធ្វើអោយសេវ៉ាសុខាភិបាលរដ្ឋ ជួនកាលពលរដ្ឋអ្នកជំងឺទៅព្យាបាលមិនមានឃើញគ្រូពេទធំៗនៅប្រចាំការសោះ។ជាក់ស្តែងដូចជា លោក អ៊ុំ សារិទ្ធ តួនាទីជាប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំងបែជាមកបើក«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»ឯកជនខ្លួនឯង ហើយដាក់យីហោឈ្មោះប្រពន្ធ ដើម្បីបំភ័ណ័ភ្នែកគេ។ជាពិសេសទៀតនោះ មិនដឹងថា មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង នេះ មានគ្រូពេទ្យជំនាញខាងវះកាត់ដែរឫយ៉ាងណានោះទេ ស្នើសុំអោយខាងមន្ទីរក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៉ុនហេង មេត្តាជួយចាត់មន្ត្រីជំនាញចុះមកស្រាវជ្រាវពនិត្យមើលផងទាន ព្រោះជីវិតមនុស្សមិនមែនជីវិតសត្វឡើយ៕