(ខេត្តស្វាយរៀង)÷ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងឯកឧត្តម ជុំ ហាត អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយេមរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពការជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ចំនួន ៦០ គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងស្វាយរៀង រួមមានសង្កាត់ស្វាយរៀង ព្រៃឆ្លាក់ គយត្របែក ចេក ពោធិតាហោ ស្វាយតឿ និងសង្ឃ័រ ដែលពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ។
មានប្រសាសន៍ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ឯកឧត្តមក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស អាជ្ញាធរមូលដ្ឋានសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋកុំឲ្យមានការធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ “ឲ្យបានខ្ជាប់ខ្ជួនខណៈដែលសាលារៀនបានបើកឲ្យដំណើរការចូលររៀនឡើងវិញចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។
ឯកឧត្តមក៏បានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវជាពិសេសពេលធ្វេីដំណេីរដោយម៉ូតូត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា ម្យ៉ាងទៀតត្រូវធ្វេីការអប់រំណែនាំកូនចៅឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។
អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១)ថវិកាមួយចំនួនទៀត ។ ដោយ= សុខហ៊រ