(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី ៦ខែវិច្ឆិកាឆ្នាំ ២០២១ នេះ ឯឧត្តម សុខ រស់អភិបាលរងខេត្តបានអញ្ជើញជាធិបតីទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២១ ក្រោមប្រធានបទ (ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្ស គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា)
ដែលពិធីនេះប្រារព្ធធ្វើនៅសាលគណ:បក្សស្រុកកំពង់រោទិ៍ ។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ខេត្ត មន្ទីរ សង្គមកិច្ចអតីតៈយុទ្ធជននិងយុវនីតិសម្បទាខេត្តក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកឧត្តមសេនីយ៌ ប៉ាងឡេង ប្រធានប៉ុស្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត និងនិវត្សជន៥២នាក់ ។
ឯកឧត្តមបានមានប្រសាសន៍ថា ការប្រារពទិវាមនុស្សចាស់កម្ពុជា នាឱកាសនេះគឺត្រូវអនុវត្តតាមទិវាមនុស្សចាស់អន្តរជាតិពិភពលោក ដែលអង្គការសហប្រជាជាតិកំណត់យកថ្ងៃទី០១តុលា ជារៀងរាល់ឆ្នាំ។ហើយនៅឆ្នាំ២០២១នេះសម្រាប់ព្រះរាជាណាចក្រកម្ពុជា គឺជាលើកទី២១ ហើយដែលគណៈកម្មាធិការជាតិដើម្បីមនុស្សចាស់បានប្រារពទិវាមនុស្សចាស់ កម្ពុជា ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាលទទួលស្គាល់និងយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោត និងឲ្យតម្លៃថា (មនុស្សចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ មនុស្សចាស់គឺជាកត្តញ្ញូតាធម៌ គ្រួសារមានសុភមង្គលសង្គមរីកចំរើន) ។
ឯកឧត្តមបានបន្តទៀតថា មនុស្សចាស់គឺជាយន្តការដ៏សំខាន់ ជាធនធានមនុស្សដ៏មានសារប្រយោជន៍ ជួយអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ ព្រោះថាលោកបានផ្តល់ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ដ៏ច្រើនលើសលប់ សម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយជាបន្តបន្ទាប់។ មនុស្សចាស់បានធ្វើពលកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សារនៅសមិទ្ធិផលជាតិ និងស្នាដៃប្រវត្តិសាស្រ្តទាំងឡាយសម្រាប់មនុស្សជាតិទូទៅ។ ហេតុដូច្នេះទើបយើងចាត់ទុកថា មនុស្សចាស់គឺជាគ្រឹះនៃបញ្ញាញាណ មនុស្សចាស់គឺជាគតិបណ្ឌិត មនុស្សចាស់គឺជាសម្បត្តិវប្បធម៌ជាតិ មនុស្សចាស់គឺជាមរតកជាតិដ៏ប្រសើរថ្លៃថ្លាបំផុត។
ឯកឧត្តមបានបញ្ជាក់ថា ខេត្តស្វាយរៀង គឺបានសហការណ៍រៀបចំទិវាមនុស្សចាស់រៀងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំ២០២១នេះដោយសារស្ថានភាពការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ មានសភាពធ្ងន់ធ្ងរ យើងទើបតែបានរៀបចំនៅស្រុកកំពង់រោទ៌នៅថ្ងៃនេះ ហើយការជួបជុំ ក៏មិនអាច ប្រមូលផ្តុំបានច្រើននាក់ទេ ជាក់ស្តែងវត្តមានរបស់លោកតា លោកយាយ លោកអ៊ុំ ដែលចូលរួមពេលនេះភាគច្រើនជាអតីតៈជាមន្ត្រីរាជការ ដែលបានចូលនិវត្តន៍ និងចូលបាត់បង់សម្បទា វិជ្ជាជីវៈដែលមានគំរូ ល្អ ក្នុងសហគមន៍ កន្លងមក។ បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តមបានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី០១តុលា២០២១។
អំណោយជូនមនុស្សចាស់ចូលរួម៥២នាក់ក្នុងម្នាក់ទទួលបានអង្ករ១បេ មី១កេះ កន្សែងពោះគោ១ សាប៊ូ២ដុំ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ម៉ាស់១ប្រអប់ ជែល១ដប និងថវិកា២ម៉ឺនរៀល ។ ដោយ= សុខហ៊រ