(ខេត្តព្រៃវែង):.. នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឈុំ វាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកពាមរក៍ និងជាប្រធានក្រុមការងារគណៈពង្រឹងឃុំពាមរក៍ តំណាងឯកឧត្តម ថោង វល្ខ័ក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកពាមរក៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើស បេក្ខជនសម្រាប់ពិចារណា រៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំពាមរក៍ អាណត្តិទី៥ ឆ្នាំ២០២២ នៅពេលខាងមុខ។ពិធីនេះធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី សេង ទៀង អនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកពាមរក៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានស្រុកពាមរក៍ លោកកែវ សាផៃ អនុប្រធានគណបក្សស្រុក និងអស់លោក លោកស្រី ក្រុមការងារ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំពាមរក៍ សរុបចំនួន៨៨នាក់។ ឯកឧត្តម ឈុំ វាសនា មានប្រសាសន៍ថា បេក្ខជនដែលឈរឈ្មោះបោះឆ្នោតមាន១៧រូបដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ហើយសមាជិកសមាជិកា គឺជាតំណាងអោយសមាជិកគណបក្សប្រជាជនកម្ពុជា បានសម្រេចបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ស្របតាមគោលការណ៍នៃការបោះឆ្នោតជាសម្ងាត់ដោយសិរីតាមឆន្ទៈរបស់បងប្អូនទាំងអស់គ្នាដោយគ្មានការបង្ខិតបង្ខំ។ចំពោះការបោះឆ្នោតស្ទាបស្ទង់នេះ មិនមែនជាការប្រកួតប្រជែងគណបក្សនយោបាយនិងគណបក្សនយោបាយនោះទេ គឺជាការបោះឆ្នោតផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា តាមគោលការណ៍ប្រជាធិបតីប្រមូលផ្តុំ ដើម្បីសម្រិតសម្រាំងជ្រើសរើសអ្នកមានសមត្ថភាព មនសិការ និងមានការគាំទ្រពីសមាជិកបក្សអោយកាន់ការងារដឹកនាំគ្រប់គ្រង។ហើយគណបក្សថ្នាក់លើនិងពិចារណារៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដោយផ្អែកលើលទ្ធផលនៃសម្លេងឆ្នោតរបស់បងប្អូន។ឯកឧត្តម ឈុំ វាសនា បន្តទៀតថា គណបក្សតែងតែលើកទឹកចិត្តនិងគាំទ្រអោយសមាជិកបក្សទាំងអស់ត្រូវខិតខំធ្វើការរួមគ្នា មានកិច្ចសហការ ទំនាក់ទំនងល្អជាមួយគ្នា និងមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំដើម្បីផលប្រយោជន៍រួមរបស់គណបក្ស ក៍ដូចជាសង្គមជាតិទាំងមូលផងដែរ។ជាពិសេសបង្ការទប់ស្កាត់កុំអោយគណបក្សដទៃទៀតឫជនឱកាសនិយម ប្រើប្រាស់លទ្ធផលនៃការបោះឆ្នោតស្ទាបស្ទង់នេះ ធ្វើការញុះញ៉ង់ ឆ្កឹះឆ្កៀល បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងគណបក្ស។ទោះបីជាការរាប់សន្លឹកឆ្នោតធ្វើឡើងជាសម្ងាត់ ក៍ត្រូវបានធ្វើឡើងដោយតម្លាភាព និងគណនេយ្យភាពដែរ៕