រាជធានីភ្នំពេញ :ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានបង្គាប់ឱ្យអនុរក្សពន្ធនាគារព្រៃសនាំខ្លួនជនជាប់ចោទ ឈ្មោះ គង់ ឃៀង មកកាន់តុលាការ ដើម្បីបើកការសាកសួរបន្ថែមពាក់ព័ន្ធនឹងបទល្មើសបរិហារកេរ្តិ៍លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី។
លោក គង់ ឃៀង ត្រូវបានសមត្ថកិច្ចចាប់ និងបញ្ជូនខ្លួនទៅឃុំឃាំងនៅពន្ធនាគារព្រៃស ក្រោយពីបុគ្គលរូបនេះ បានបង្ហោះវីដេអូចំនួនពីរ ចោទរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ថា បានប្រព្រឹត្តអំពើពុករលួយ និងមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធគេ ៕