ខេត្តកណ្ដាល ៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងសហគមន៍សណ្តារអតីតដែនឡូត៍លេខ ១១ នៅចំណុចបឹងតូច ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាលបានឲ្យដឹងថា មន្ត្រីជលផលខេត្តកណ្តាលបានខ្សឹបប្រាប់ឲ្យក្រុមជនជាតិវៀតណាមនៅតាមទីតាំងដាក់យ៉ចាប់ត្រីចំណុចព្រែកបាតឹង ចំណុចប្រឡាយលេខ១៣ និងចំណុចព្រែកបឹងតូច ជម្លៀសខ្លួនចេញពីទីតាំងទាំងនេះ ខណៈគណៈកម្មការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងខាងលើនេះ ក្រោយពេលសារព័ត៌មានក្នុងស្រុកចុះផ្សាយពីការលក់តំបន់ឡូត៍នេសាទឲ្យជនជាតិវៀតណាម ។
ប្រភពបានបញ្ជាក់ថា ការចុះពិនិត្យនេះ គណៈកម្មការបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលបាននិយាយថា ក្រុមសហគមន៍ និងមន្ត្រីជលផលបានបើកភ្លើងខៀវឲ្យជនជាតិវៀតណាមរាយរបាំងស្បៃមុងប្រហែលជាង ៤ ពាន់ម៉ែត្រ និងមានកាច់ឡុកកន្ទុយកណ្តុរដាក់ឩបករណ៍សៃយ៉ឺនស្បៃមុងខ្នាតយក្សរាប់រយគ្រឿង ដើម្បីចាប់ត្រីក្នុងបឹងតូចនៅជាប់ព្រំដែនវៀតណាមចាប់ពីចំណុចចុងព្រែកតូចខាងកើតវត្តបាក់ណាមទៅដល់ជិតប៉ុស្តិ៍ច្រកទ្វារក្អមសំណ ក្នុងតំបន់អតីតឡូលេខ ១១ សហគមនេសាទការពារមច្ឆាជាតិសណ្តារ ស្ថិតក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ។ ហើយថែមទាំងបានលក់ទីតាំងរបាំងធ្នួសដាក់យ៉ចាប់ត្រីនៅចំណុចព្រែកបឹងតូច និងប្រឡាយលេខ ១៣ ឲ្យទៅជនជាតិវៀតណាមទៀតផង ។ តែបច្ចុប្បន្នជនជាតិវៀតណាមបានត្រឡប់មកកាន់ទីតាំងយ៉ចាប់ត្រីវិញហើយ ។ ចំណែករបាំងធ្នួសដាក់យ៉ចាប់ត្រីនៅចំណុចព្រែកបឹងតូចក៏ត្រូវក្រុមជនជាតិវៀតណាមកំពុងរៀបចំរុះរើផងដែរ ដោយសារទឹកគោកអស់ត្រី ។ រីឯរបាំងធ្នួសដាក់យ៉ចាប់ត្រីនៅចំណុចប្រឡាយលេខ១៣ និងព្រែកបាតឹង គឺនៅធ្វើសកម្មភាពចាប់ត្រីដដែល ហើយភាគច្រើនមានក្រុមជនជាតិវៀតកំពុងឈរនៅទីនោះ ។
ដោយឡែក លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានបំភ្លឺមក សារព័ត៌មាន ព្រះនរាយណ៍ ថា រឿងនេះមិនពិតទេ ។
តែទោះជាយ៉ាងណា មន្រ្តី និងប្រជាពលរដ្ឋស្នើដល់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អាជ្ញាធរខេត្តកណ្តាល និង អង្គភាពប្រឆាំងអំពើពុករលួយចុះស្រាវជ្រាវអង្កេតក្នុងរឿងនេះ បើមិនដូច្នោះទេ ផលប្រយោជន៍ដែលប្រមូលបានពីការនេសាទត្រី គឺ អាចធ្លាក់ចូលហោប៉ាវជនខិលខូចមួយក្តាប់តូច ជាក់ជាមិនខានឡើយ ៕