មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃប្រចាំនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ករណីសង់អាគារនៅមាត់ច្រកព្រំដែនដោយបុគ្គល ឈ្មោះ ទូច ពិនតារា ត្រូវបានភាគីថៃគេមិនសប្បាយចិត្តទេ ព្រោះសំណង់សង់ចូលជ្រៅទៅមាត់អូរទ្វេភាគី ប៉ុន្តែមិនទាន់ឃើញមានអាជ្ញាធរណាហ៊ានទប់ស្កាត់ឡើយ ព្រោះបុគ្គលនេះមានខ្នងបង្អែកក្រាស់។
លោក ទូច ពិនតារា ធ្លាប់បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា មូលហេតុដែលលោកសង់សំណង់រឹងមាំនៅមាត់អូរព្រំដែននោះ គឺខ្លាចចោរចូលលួចយកទ្រព្យរបស់លោក ព្រោះថា អាគារដែលលោកសង់នេះ ដើម្បីលក់ស្រា បារី និងទំនិញផ្សេងៗ បើសំណង់មិនរឹងមាំទេ ចោលមុខជាគាស់យកអស់។ លើសពីនេះលោកបានបង្ហើបថែមទៀតថា សាច់ប្រាក់ដែលចាយលើអាគារកំពុងសាងសង់នឹងអស់ជាង២ម៉ឺនដុល្លារហើយ មិនទាន់រួចរាល់នៅឡើយទេ នៅសល់៣០%ទៀតទើបរួច។
ចំណែកលោក វួច អូន ប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី ១៨ខែធ្នូឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មានបានព្យាយាមទាក់ទងសុំឲ្យលោកធ្វើការបកស្រាយជុំវិញ ករណីសង់អាគារ ពីសំណាក់លោក ទូច ពិនតារា បាននៅឡើយទេ។
បរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែតប៉ែកខាងឆ្វេងដៃជិតនិងច្រកចូលកាស៊ីណូបនល្បែងHoliday Poi Pet ជាប់នឹងអូរព្រំដែនកម្ពុជា-ថៃ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងថា ឈ្មោះទូច ពិនតារា បានរំលោភយកដី ព្រមទាំងកាប់បំផ្លាញ់ដើមពោធិព្រឹក្សដែលជាទីសក្ការៈចោលហើយយកដីសង់អាគារផ្ទាល់ខ្លួនធើ្វដូចជាប្រទេសគ្មានច្បាប់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការសង់អគារចូលអូរព្រំដែនកម្ពុជា-ថៃនោះគ្មាចំណេញអ្វីដល់រាជរដ្ឋាភិបាល កម្ពុជាទេ គឺមានចេតនាបង្កបញ្ហាអោយមានការក្តៅក្រហាយ ដល់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ ព្រោះថាថ្មីៗនេះ គ្រប់បណ្តាញព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយឲ្យដឹងថា អាគារដែលសង់ដោយ ឈ្មោះ ទូច ពិនតារា គឺបានបំផ្លិចបំផ្លាញ ដើមពោធិ៍មួយដើមដែលបានផ្ដល់ម្លប់ដល់ភ្ញៀវទេសចរណ៍ឈប់សម្រាក និងជាទីសក្ការៈគោរពបូជារបស់ប្រជាពលរដ្ឋទៀតផង។ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជា ឈ្មោះ ទូច ពិនតារា ថ្លើមធំហ៊ានកាប់បំផ្លាញ់ ដើម្បីសង់អាគារបែបនេះដូច្នេះ? ។
ពលរដ្ឋលើកឡើងនិងរិះគន់ចំៗ សម្តែងការមិនសប្បាយចិត្តចំពោះទង្វើល្មើសច្បាប់ របស់បុគ្គល ទូច ពិនតារា បិទភ្នែករំលោភយកដីរដ្ឋ សង់អាគារព្រោះតែផលប្រយោជន៍ក្រុមគ្រួសាររបស់ខ្លួន។
ប្រភពពី មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីដែលឈ្មោះ ទូចពិនតារា កាប់បំផ្លាញ់ដើមពោធិ៍ហើយ សង់អាគារ បំរើឲ្យផលប្រយោជន៍ក្រុមគ្រួសាររបស់ខ្លួននោះ គឺជា មានការឃុបឃិតគ្នាជាប្រព័ន្ធ។ មន្ត្រីដដែលបានបញ្ជាក់ទៀតថា ពួកគេធ្វើអ្វីៗមិនដែលចេះគិត មិនដែលចេះពិចារណាខ្លាចប៉ះពាល់ដល់ផលប្រយោជន៍រួមនោះទេ គឺពួកគេធ្វើអ្វីៗក៏ហ៊ានធ្វើដែរ កុំថាឡើយប៉ះពាល់ទីសក្ការៈសូម្បីតែប៉ះពាល់ដល់សតិអារម្មណ៍ កងកម្លាំងក៏មិនខ្វល់ដែរឲ្យតែបានផល ប្រយោជន៍។
លើសពីនេះទៅទៀត ករណីបុគ្គល ឈ្មោះ ទូច ពិនតារា ត្រូវបានប្រភពទម្លាយថា មានខ្នងបង្អែកដ៏រឹងមាំ បច្ចុប្បន្នជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអន្តោប្រវេសន៍ ដោយសារតែបុគ្គលនេះមានសែស្រលាយជាមន្ត្រីគ្រាក់ៗ ដូចនេះទើបមិនមានមន្ត្រីជំនាញណាប៉ះពាល់ឡើយ។