ត្បូងឃ្មុំ ៖ ឈ្មោះ លឹម និងឈ្មោះ វ៉ា បើកសង្វៀនជល់មាន់ និងអាប៉ោង នៅកាស៊ីណូច្រកដូងប្រាំពីដើម (ហៅដារ) ដែលប្រមូលផ្តុំល្បែងស៊ីសងរួមមាន៖ សង្វៀនជល់មាន់ និងបៀអាប៉ោង បន្ទាប់ពីបិទមួយរយៈពេលដោយសារតែជំងឺរាតត្បាតកូវីដ១៩។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលធ្លាប់ចូលទៅលេងដល់ក្នុងកាស៊ីណូច្រកដូងប្រាំពីដើម ឈ្មោះ លឹម នឹងឈ្មោះ វ៉ា ជាម្ចាស់សង្វៀនបានបើកល្បែងស៊ីសងខុសច្បាប់ ដូចជា សង្វៀនជល់មាន់, បៀរ, អាប៉ោង, យូគី រួមទាំងល្បែងភ្នាល់ចម្រុះ ស្ថិតនៅចំណុចភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត មិនចាត់វិធានការបង្ក្រាបនោះទេ ទុកឲ្យលេងតាមអំពើចិត្ត។
សកម្មភាពនេះ ឈ្មោះ លឹម និងឈ្មោះ វ៉ា កំពុងប្រមាថមើលងាយច្បាប់របស់ប្រទេសហើយ ដែលច្បាប់អនុញ្ញាតក្នុងអាជ្ញាប័ណ្ណកាស៊ីណូ គឺតំរូវឲ្យជនបរទេសចូលលេងតែប៉ុណ្ណោះ ប៉ុន្តែពួកគេបែរជាអនុញ្ញាតឲ្យសុទ្ធសឹងតែពលរដ្ឋខ្មែរបានចូលលេងទៅវិញ។ នេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅឃុំដា ស្រុកមេមត់ បានបានខ្សឹបខ្សៀវតៗគ្នា។
តាមប្រភពព័ត៌មានច្បាស់ការណ៍ បានប្រាប់ថា ក្រុមអ្នកញៀនល្បែងចូលមកលេង មានទាំងរថយន្តទំនើប និងម៉ូតូរាប់រយគ្រឿង។ ហើយអ្នកឈ្នះលុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ស្រែកហ៊ោកញ្ជៀវ សប្បាយនឹងជ័យជម្នះត្រហឹងអឹងកងផ្អើលពេញក្នុងកាស៊ីណូ ដែលអតីតមានឈ្មោះ យីហោ (៦៩) និងបច្ចុប្បន្ននេះ លុបស្លាកយីហោអស់ហើយ គេមិនដឹងថា មានច្បាប់អាជ្ញាប័ណ្ណបន្តទៀតឬអត់ទេ។
ជាមួយនិងអំពើរអសកម្មល្មើសច្បាប់នេះ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមេមត់ កើតក្តីព្រួយបារម្ភ ព្រោះខ្លាចកើតមានអំពើចោរឆក់ លួច ប្លន់ និងគ្រឿងញៀនរីករីករាលដាល ជាពិសេសនោះអ្នកចាញ់ឈានទៅដល់បញ្ចាំ ឡាន ម៉ូតូ ប្លង់ដី និងទ្រព្យសម្បត្តិផ្សេងៗ ជាយថាហេតុ អាចប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារថែមទៀតផង។
ចំណែកមជ្ឈដ្ឋានមហាជន បានរិះគន់ចំៗទៅលើទីតាំងល្បែងបញ្ជាល់មាន់ខាងលើនេះ ហាក់បីដូចមានខ្នងបង្អែករឹងមាំនៅពីក្រោយខ្នងទើបហ៊ានបើកតាមអំពើចិត្ត ឬមួយអាជ្ញាធរស្រុកមេមត់មិនចាត់វិធានការបង្ក្រាបសម្ងំទទួលផលប្រយោជន៍ពីម្ចាស់បនល្បែងនេះទេដឹង?
ពាក់ព័ន្ធនិងសកម្មភាពរបស់ក្រុមល្បែងស៊ីសងល្មើសច្បាប់នេះ លោក ហុង គឹមហឿន អធិការស្រុកមេមត់ បានដឹងថា ពួកក្រុមនេះគេមិនដែលមកសុំច្បាប់ទម្លាប់អីពីខាងយើងទេ? បើទោះបីថ្នាក់លើផ្តាំផ្ញើឲ្យមកជួបសុំពីអាជ្ញាធរសមត្ថកិច្ចប៉ុស្តិ៍ និងអធិការក៏ដោយ និយាយរួមពួកគេព្រហើន និងឈ្លើយអាងខ្សែ។
ប្រជាពលរដ្ឋរស់នៅភូមិដា ឃុំដា ស្រុកមេមត់ បានលើកសូមសំណូមពរដល់លោក ជាម ចន្ទ័សោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មំ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទៅមានវិធានការណ៍បង្ក្រាបសង្វៀនបញ្ជាល់មាន់ ច្រកដូងប្រាំពីដើមផង ព្រោះថា បើសិនឆ្លងជំងឺកូវីដ១៩ តើនណារអ្នកទទួលខុសត្រូវ? ពិសេសពួកគាត់សំណូមពរទៅប្រធានក្រុមការងារចុះជួយស្រុកមេមត់ ជួយមានវិធានការណ៍ ចំពោះករណីនេះផងដែរ៕