ខេត្តកណ្តាលៈ សង្វៀនបញ្ជល់មាន់កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ” មានជនជាតិវៀតណាម និងខ្មែររាប់រយនាក់បានចូលលេងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាសុីណូនេះ នៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។ ជារៀងរាល់ថ្ងៃគេតែងតែឃើញជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់ចូលទៅលេងជល់មាន់ចាក់ភ្នាល់រហូតរាប់ម៉ឺនដុល្លារក៏មាន ។
តាមសេចក្តីរាយការណ៍ដដែលបានបន្តថា មូលហេតុដែលមានជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់អាចចូលលេងល្បែងនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ” នេះបាន ដោយសារមានមន្ត្រីយោធាថ្នាក់ធំម្នាក់ នៅពីក្រោយខ្នង និងមានការបើកភ្លើងខៀវពីអាជ្ញាធរ និង សមត្ថកិច្ច ជាពិសេសមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណតែម្តង ។ ពីព្រោះនៅពេលដែលកាស៊ីណូ ” ថ្មពេជ្រ ” កំពុងដំណើរការបើកជល់មាន់ គេតែងឃើញមានមន្ត្រីនគរបាលចេញចូលដូចថ្លុកល្ខោន ហើយមានពេលខ្លះ គេបានឃើញមន្ត្រីនគរបាល និង
ជនជាតិវៀតណាមកំពុងតែស្ពាយកន្ត្រក់មាន់ជល់ដើរចូលក្នុងកាសុីណូ ជាមួយគ្នាទៀតផង ។
ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងជនជាតិខ្មែរចូលល្បែងនេះក៏មានក្រុមគ្រួសារអ្នកដែលចូលទៅលេងល្បែងក្នុងកាស៊ីណូនេះ កំពុងព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ និងអំពើចោរកម្មផ្សេងៗ ហើយព្រមទាំងបានត្អូញត្អែពីទុក្ខលំបាកក្នុងការរស់នៅក្នុងរង្វង់គ្រួសារ ដោយសារសមាជិកក្រុមគ្រួសារ កូនចៅ ប្រពន្ធប្តីដែលកំពុងទទួលឥទ្ធិពលពីល្បែងស៊ីសងនៅក្នុងកាស៊ីណូនេះ ។
ប្រជាពលរដ្ឋបានសំណូមពរ សូមអោយលោកឩត្តមសេនីទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មានវិធានការណ៍ចុះបង្ក្រាបផង ពីព្រោះល្បែងសុីសងទាំងនេះ គឺជាប្រភពដែលបង្កអោយកើតមានចោរកម្មផ្សេងៗ អសន្តិសុខក្នុងមូលដ្ឋាន និងបែកបាក់ក្រុមគ្រួសារថែមទៀត ៕