(ខេត្តស្វាយរៀង)÷ នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១នេះ ព្រះគ្រូរតនសីលធម្មធារ៍ អ៊ុក ឫទ្ធី ធម្មធរអនុគណស្រុករមាសហែក និងជាព្រះគ្រូចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូង បានរៀបចំធ្វើពិធីចែកអំណោយមនុស្សធម៌របស់ព្រះសង្ឃជូនដល់គ្រួសារចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ៤៥ នាក់ដែលមកពីភូមិចំនួន៦ ក្នុងឃុំមុខដា ពិធីនេះធ្វើនៅក្នុងបរិវេណវត្តក្រញូង ស្ថិតក្នុងភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។ ពិធីចែកអំណោយនោះដែរក៏មានការចូលរួមពីអាជ្ញាធរដែនដីមូលដ្ឋានភូមិ ឃុំ ផងដែរ។
ព្រះគ្រូរតនសីលធម្មធារ៍ អ៊ុក ឫទ្ធី ធម្មធរអនុគណស្រុករមាសហែក និងជាព្រះគ្រូចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូង បានមានសង្ឃដីកាថា អំណោយដែលចែកជូនលោកអ៊ំ លោកយាយ លោកតាចាស់ជរា និងគ្រួសារក្រីក្រនៅពេលនេះគឺបានមកពីការបរិច្ចាគរបស់ព្រះសង្ឃនៅក្នុងវត្តក្រញូង និងសប្បុរសជនជិតឆ្ងាយ ពីព្រោះកន្លងមកដោយមើលឃើញការលំបាករបស់លោកអ៊ំ លោកយាយ លោកតា ទាំងនោះមានការខ្វះខាតទើបព្រះសង្ឃធ្វើការចែករំលែកអំណោយគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ជូនលោកយាយ លោកតា ទាំងអស់នៅពេលនេះ។ ហើយអំណោយទាំងអស់នេះពិតមែនតែមានចំនួនតិចតួចក៏ពិតមែនតែអាចជួយរំលែកដល់ការលំបាកខ្វះខាតរបស់លោកអ៊ំ លោកយាយ លោកតាទាំងអស់បានមួយរយៈខ្លីផងដែរ។
ព្រះគ្រូរតនសីលធម្មធារ៍ អ៊ុក ឫទ្ធី ធម្មធរអនុគណស្រុករមាសហែកនិងជាចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូង ក៏បានធ្វើការផ្តាំផ្ញើដល់លោកអ៊ុំ លោកយាយ លោកតាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អពិសេសអនាម័យដើម្បីការពារនូវជំងឺឆ្លងគោវិញ-១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។ក្រៅពីនេះលោកអ៊ំ លោកយាយ លោកតាគាត់ត្រូវជួយអប់រំកូនចៅឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវសាធារណៈនានា ក៏ដូចជាដឹកនាំកូនចៅកុំឲ្យប្រើប្រាស់គ្រឿងញៀន គឺត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅគ្រប់មូលដ្ឋានផងដែរ។
អំណោយដែលយកមកចែកជូនតាមរយៈ
ព្រះគ្រូរតនសីលធម្មធារ៍ អ៊ុក ឫទ្ធី
យកមកចែកជូនដល់គ្រួសារលោកអ៊ំ លោកយាយ លោកតា ចាស់ជរាគ្មានទីពឹងមានជីវភាពខ្វះខាតនៅពេលនេះមានចំនួន ៤៦គ្រួសារ ក្នុង១គ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម ,ទឹកផ្លែឈើ១កេស ,មី ១កេស ,ទឹកត្រី ១យួ ,ថវិកា ២ម៉ឺនរៀល ។
(ជាចុងបញ្ចប់) ព្រះគ្រូរតនសីលធម្មធារ៍ អ៊ុក ឫទ្ធី ព្រះចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូង ក៍បានជូនដល់មណ្ឌលសុខភាពមុខដាសំរាប់ធ្វើរបងចំនួន១០០ដុល្លា ភួយចំនួន១០, ខ្នើយចំនួន១០, និងឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូចំនួន ៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ។ ដោយ= សុខហ៊រ