(រាជធានីភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ២៤៨គ្រួសារ ដែលជាអតិថិជនទិញផ្ទះនៅបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានស្វែងរកអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពួកគេបានចំណាយលុយរាប់ពាន់ដុល្លារ រាប់ម៉ឺនដុល្លារ ដោយខ្លះត្រូវបង់រំលស់ប្រចាំខែ និងខ្លះទៀតបានបង់ផ្តាច់ តែរហូតមកដល់ពេលនេះ មិនទាន់បានទទួលផ្ទះនៅឡើយទេ ពោលបានហួសកិច្ចសន្យា ២ ទៅ៣ឆ្នាំ មកហើយ។ការស្វែងអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាខាងលើនេះ បានធ្វើឡើងក្រោយពីការស្វែងរកដំណោះស្រាយពីអាជ្ញាធរខណ្ឌដង្កោ មិនទាន់ទទួលជោគជ័យ បើទោះបីមានការជួបប្រជុំគ្នារវាងប្រជាពលរដ្ឋ ម្ចាស់បុរី ក្រោមការសម្របសម្រួលពីអាជ្ញាធរក៏ដោយនោះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ តំណាងប្រជាពលរដ្ឋទាំង២៤៨គ្រួសារ បានធ្វើដំណើរយកញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីឲ្យសម្តេចជួយដោះស្រាយ ទៅកាន់ម្ចាស់បុរី ខណៈដែលពួកគេបានខិតខំរកលុយទៅបង់ថ្លៃផ្ទះប្រចាំខែ ប៉ុន្តែលទ្ធផលមិនទាន់ទទួលបានផ្ទះនៅឡើយរហូតមកដល់ពេលនេះ ស្របពេលដែលស្ថានភាពជំងឺកូវីដបានវាយប្រហារជីវភាពរបស់ពួកគាត់ផងនោះ។យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យជួយអន្តរាគមន៍ដល់លោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយក ក្រុមហ៊ុន អ.អ៊ិន វីអាយភី រៀល អឺស្តេត ឯ.ក និង បុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យដោះស្រាយបញ្ហាជូនពួកគាត់។
តាមពាក្យបណ្តឹងតំណាងប្រជាពលរដ្ឋបានរៀរាប់បញ្ហាដូចខាងក្រោម៖។*ទី១៖ ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់ផ្តាច់មិនទាន់បានផ្ទះចំនួន ២៨គ្រួសារ ត្រូវសង់ផ្ទះឱ្យរួច និងត្រូវកាត់ប្លង់កម្មសិទ្ធិជូនពួកគាត់។*ទី២៖ ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់ផ្តាច់ បានផ្ទះហើយ តែមិនទាន់បានប្លង់ចំនួន ៨០គ្រួសារ ត្រូវធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់។*ទី៣៖ ប្រជាពលរងគ្រោះបង់ប្រាក់មិនទាន់ផ្តាច់ ផ្ទះមិនទាន់សង់ហើយ (កិច្ចសន្យា) ចំនួន៨៨គ្រួសារ ត្រូវសាងសង់ផ្ទះឱ្យហើយ និងធ្វើប្លង់បំបែកក្បាលដីជូនពួកគាត់ ដើម្បីសិក្សាជាមួយធនាគារ ដើម្បីយកប្រាក់បង់ផ្តាច់ជូនបុរី។
*ទី៤៖ ប្រជាពលរដ្ឋរងគ្រោះបង់ប្រាក់មិនទាន់ផ្តាច់ បានផ្ទះហើយ តែមិនទាន់បានប្លង់បំបែកក្បាលដី ចំនួន ៥២គ្រួសារ ត្រូវធ្វើប្លង់បំបែកក្បាលដីជូនពួកគាត់ ដើម្បីសិក្សាជាមួយធនាគារ ដើម្បីយកប្រាក់បង់ផ្តាច់ជូនបុរី។បើតាមប្រជាពលរដ្ឋ ខាងបុរីធ្វើឲ្យហួសកិច្ចសន្យា ២ ទៅ ៣ឆ្នាំហើយ ចំណែកសាលាខណ្ឌដង្កោបានអញ្ជើញលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយកបុរី និងតំណាងជនរងគ្រោះមកប្រជុំដោះស្រាយចំនួន២ដងដែរ កាលពីថ្ងៃទី៥ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយខាងបុរីសន្យាថានឹងដាក់ជាងចូលសាងសង់ផ្ទះនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ តែរហូតមកដល់ថ្ងៃនេះបុរីនៅតែមិនព្រមគោរពតាមកិច្ចសន្យាដដែល។