លោក ស៊ូ ចន្ទ្រា អនុប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ បានទន្ទ្រាន ឈូសឆាយកាន់កាប់ ដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប នៅចំណុច ទ្រនុំសេក ស្ថិតក្នុង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចំនួន១០៦ ហិកតា ដែលក្រុមការងារចុះទៅ ពិនិត្យនិងវាស់ជាក់ស្ដែង មហាជនបានសួរថាតើលោកស៊ូចន្រ្ទា បានប្រាក់ពីណាមកទិញដីរាប់រយហិកតា ។
បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សូមសំណូមពរទៅក្រុមការងារថ្នាក់ជាតិមេត្តាចាត់វិធានការមន្ត្រីស៊ីប្រាក់ខែរដ្ឋបែរជាទៅកាប់ទន្ទ្រានដីព្រៃលិចទឹកសម្រាប់ទុកឲ្យត្រីពងកូនបន្តពូជរបស់រដ្ឋ គឺលោកស៊ូ ចន្រ្ទា ដែលមានតួនាទីជាអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ តើលោកបានលុយមកពីណាដែលជួលអោយគ្រឿងចក្រឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់ 3 នោះ។
សំខាន់ជាមន្ត្រីរាជការរបស់រដ្ឋ បើសិនជាពុករលួយយកលុយពីរដ្ឋទៅបំផ្លាញដីព្រៃលិចទឹករបស់រដ្ឋទៀតតើអាចមានទោសដែរឬទេ មហាជនបានបន្តទៀតថាកន្លងមកនេះឃើញតែលោកស៊ូចន្រ្ទាដើររឿងក្ដីក្ដាំ ពាក់ព័ន្ធនឹងករណីដីធ្លីហើយឃុបឃិតគ្នាជាប្រព័ន្ធជាមួយមេឈ្មួញដែលមានលុយមានអំណាចដូចគ្នា ជាក់ស្ដែងដីនៅចំណុចទ្រនំុសេក ចំនួន106 ហិកតា ដែលត្រូវក្រុមការងារចុះវាស់ជាក់ស្ដែង មានចំណុចទីតាំង នៅក្នុងភូមិសាស្ត្រចំណុចទ្រនំុសេក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
បងប្អូនប្រជាពលរដ្ឋចោទសួរបន្តទៀតថា តើសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់បានដឹងពីការឈូសឆាយដីព្រៃលិចទឹកដើម្បីកាន់កាប់ជាកម្មសិទ្ធិ របស់លោកស៊ូចន្រ្ទា ដែរឬទេ ព្រោះអីការធ្វើសកម្មភាពឈូសឆាយរានយកដីព្រៃលិចទឹកនៅក្នុងក្រុងស្ទឹងសែន សុទ្ធតែគ្រឿងចក្រទាំងអស់ជំនាញរដ្ឋបាលជលផលនិងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំលោកដេកលង់លក់ទេដឹង ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋសូមសំណូមទៅ ឯកឧត្តមឱម យិនទៀងប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយដាក់ការស៊ើបអង្កេតផងទាន ៕