ខេត្តក្រចេះ :សហគមន៍ប្រជាពលរដ្ឋបានឲ្យដឹងថា ចាប់តាំង ពីចុងឆ្នាំ ២០២១រហូតដល់ពេលនេះ ក្រុមហ៊ុនសម្ប ទានសេដ្ឋកិច្ចឈ្មោះ ស៊ីបាយអូថេច (Ci-Biotech) បានបង្កើនការកាប់ឈើ និងដឹកជញ្ជូនយ៉ាងគគ្រឹក គគ្រេងពីតំបន់ព្រៃឡង់ចូលមកក្នុងក្រុមហ៊ុន ដើម្បីនាំបន្តទៅកាន់ប្រទេសវៀតណាម ។
តាមសេចក្ដីរាយការណ៍ថា យុទ្ធនាការកាប់ក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននេះ បានធ្វើឡើងនៅចំណុច អូរកំបោរ អូគ្រួត អូចា ចែម៉ែ ច្របស្វាយ ស្ថិតក្នុងឃុំកំពង់ ចាម ស្រុកសំបូរ ខេត្តក្រចេះ ហើយដឹកជញ្ជូនតាមក្រោយភូមិកំភ្លុកចូលក្រុមហ៊ុនស៊ីបាយអូថេច តែម្ដង ។
កាលពីពេលថ្មីៗក្រុមហ៊ុននេះក៏ធ្លាប់មានសេចក្ដី រាយការណ៍មកដែរថា បានឈូសកម្ទេច និងកាយកប់ប្រាសាទបុរាណចំនួន២ដែលនៅក្នុងតំបន់ព្រៃឡង់ឈ្មោះប្រាសាទលាវចោម និងប្រាសាទ ត្រពាំងក្របៅ មានទីតាំងស្ថិតនៅចំណុចនិយាមកាលេខ 13, 0017N 105,8929E _+3,79m ។
ពាក់ព័ន្ធបញ្ហានេះ លោកទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះធ្លាប់បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ថា លោកបានផ្ញើ របាយការណ៍ទៅក្រសួងហើយ, តែមកដល់ពេលនេះគេពុំទាន់ទទួលបានចម្លើយណាមួយចំនួនពីក្រសួងវប្បធម៌ និងចិត្រសិល្បៈ នៅឡើយទេ ៕