(ខេត្តស្វាយរៀង)÷ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង និងសាលាគណខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីកាត់បើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា នាសម័យប្រឡងថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២២ នៅមណ្ឌលប្រឡងខេត្តស្វាយរៀង ស្ថិតនៅវត្តជម្ពូព្រឹក្សា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្រោមព្រះអធិបតីភាព- និងគណ:អធិបតីភាព ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ។
នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញ
និមន្តចូលរួមពី ព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្ត និងជាព្រះនាយករងពុទ្ធិកអនុវិទ្យាល័យស្វាយរៀង
លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង លោកស្រី អឿន សម្បត្តិ ប្រតិភូតំណាងក្រសួងធម្មការ និងសាសនា ដោយមានការនិមន្ត និងអញ្ជើញចូលពីសមាសភាពនៃគណៈប្រឡងទាំងអស់។
លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានមានប្រសាសន៍ថា ឆ្នាំនេះការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា មាន១មណ្ឌល ស្ថិតនៅវត្តជម្ពូព្រឹក្សា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានបេក្ខសមណ:-បេក្ខជន បានដាក់ពាក្យប្រឡងចំនួន១៥៧អង្គ-នាក់ ស្មើនឹង៧បន្ទប់។
លោកបានជំរុញ បេក្ខសមណៈសិស្សទាំងអស់ ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីប្រលងជាប់ទាំងអស់គ្នា។ ជាពិសេសត្រូវគោរពតាមលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានខ្ជាប់ខ្ជួន ចៀសវាងនាំឱ្យខុសវិន័យ នាំឲ្យខាតពេលវេលាផងដែរ ។
លោកបានបន្តទៀតថាក្នុងកិច្ចប្រជុំនេះលោកបានណែនាំដល់គណៈកម្មការ និងបេក្ខសមណៈ-បេក្ខជនទាំងអស់ត្រូវយកចិត្តទុកដាក់លើវិធានការថែទាំសុខភាព និងអនាម័យ ហើយត្រូវអនុវត្តឲ្យបាននូការណែនាំរបស់រាជរដ្ឋាភិបាល (៣កុំ និង ៣ការពារ) ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី ក្នុងពេលប្រឡង ។ ដោយ = សុខហ៊រ