ក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅបន្តប្រចាំខែកុម្ភៈ របស់រដ្ឋបាលខេត្តក្រចេះ និងត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ ឆ្ពោះទៅចំណុចអូរច្រឡង់ ឃុំអូរគ្រៀង ស្រុកសំបូរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំមេគង្គសាលាខេត្ត។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានអង្គប្រជុំ បានណែនាំដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ដែលជាគណ:កម្មការនិងអនុគណៈកម្មការត្រូវត្រៀមរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ទៅទៅតាមទីតាំងដែលខ្លួនឈរជើង ដោយក្នុងនោះត្រូវត្រៀមរៀបចំឲ្យមាននូវឡានអគ្គីភ័យ ឡានសង្គ្រោះ ម៉ាស៊ីនបាញ់អាល់កុលការពារនិងសម្លាប់មេរោគ សម្ភារ:តេស្ត័រហ័ស ទីតាំងថាមពលអគ្គីសនីសម្រាប់បំភ្លឺរោងវេទិការ និងរៀបចំសម្អាតនិងលម្អតាមដងផ្លូវទីសាធារណ:រួមទាំងភ្លើងបំភ្លឺ និងត្រៀមរៀបចំប័ណ្ណសម្គាល់សម្រាប់ចូលរួមតាមប្រភេទ ។
ឯកឧត្តម អភិបាលខេត្តបន្តថា ៖ ចំពោះការតេស្ត៍មេរោគកូវីដ សម្រាប់មហាជនអញ្ជើញចូលរួមមណ្ឌលសុខភាពនីមួយៗនៅតាមភូមិឃុំ ជាអ្នកទទួលខុសត្រូវ ហើយសម្រាប់មន្រ្តីរាជាការនិងកងកម្លាំង មន្ទីរសុខាភិបាលខេត្តជាអ្នកទទួលខុសត្រូវ ហើយកងកម្លាំងទាំងបីប្រភេទ ត្រូវត្រៀមយាមកាមទៅតាមទីតាំងដែលខ្លួនឈរជើង ដើម្បីសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ទាំងនៅក្នុងអង្គពិធី និងតាមទីសាធារណ: អាជ្ញាធរក្រុងស្រុកនីមួយៗត្រូវត្រៀមរៀបចំមធ្យោបាយសម្រាប់មហាជន និងរៀបចំបង្គន់អនាម័យសម្រាប់មហាជន និងគណ:អធិបតី និងត្រូវត្រៀមអាហារសម្រន់សម្រាប់មហាជនអញ្ជើញចូលរួមផងដែរ ។
ឯកឧត្តមអភិបាលខេត្តនៅតែបន្តជម្រុញលើកទឹកចិត្តឲ្យបងប្អូនមកចូលរួមចាក់វ៉ាក់សាំងដូសជម្រុញទី៣ឲ្យបានគ្រប់គ្នា ដើម្បីបន្តវ៉ាក់សាំងដូសបន្តបន្ទាប់ទៀតដែលរាជរដ្ឋាភិបាលនឹងផ្តល់ជូនទៀត អាជ្ញាពាក់ព័ន្ធត្រូវបន្តពង្រឹងការងារសណ្តាប់ធ្នាប់ច្បាប់ចរាចរណ៍ ពិនិត្យផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងពិនិត្យការងារសណ្តាប់ធ្នាប់សាធារណ: ជាពិសេសការប្រើប្រាស់លើចំណីផ្លូវតាមមូលដ្ឋាន ។
គូសបញ្ជាក់ថា ៖ កំណាត់ផ្លូវជាតិលេខ៧ ជាប្រភេទបេតុងកៅស៊ូAC អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន និងបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់ ចាប់ពីរង្វង់មូលខ្លាស្ទុះ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ដល់ភូមិរមៀត ឃុំអូរគ្រៀង ស្រុកសំបូរ ដែលមានប្រវែង ៩៣,៥៦៥គម (គម ៣៣១+២៥០ ដល់គម ៤២៤+៩៤០) ៕
ដោយ : ឡាំ ហេងឡាយ