ខេត្តកំពង់ស្ពឺ ៖ ក្រោយពីបណ្តាញផ្សព្វផ្សាយ នៅក្នុងស្រុក បានផ្សាយលាតត្រលាង និងចំងល់ មិនអស់មិនហើយ ពីការដំអក់នៃការចូលនិវត្តន៍របស់មេគយ ខេត្តកំពង់ស្ពឺ រហូតទៅដល់៥ឆ្នាំ ដែលគេសង្ស័យថា ជាខ្សែក្រាស់ ជាមួយលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។
មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានទម្លាយឲ្យដឹងថា បើយោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ គឺ កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៣។ ស្រាប់តែនៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២២ បានកែប្រែឆ្នាំកំណើត គឺកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៨ វិញ។
មន្រ្តីគយដែលគ្មានខ្សែហោ នឹងគេបានសំដែងការមិនសប្បាយចំពោះថ្នាក់លើ ពិសេស លោក គុណ ញឹម តែម្តង ដែលឃុបឃិត អោយបុគ្គល ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ អាចកែប្រែអាយុចូលនិវត្តន៍រហូត៥ឆ្នាំ។ ព្រោះថាពួកគាត់ក៏ចង់បានឡើងតំណែងដែរ ហើយបើម្នាក់ៗ អាចធ្វើបានចឹង តែចឹង ពួកគាត់ធ្វើការទាល់ងាប់ខ្លួនទៀត ក៏មិនបានឡើងតំណែងនឹងគេនោះដែរ។
មន្រ្តីទាំងនោះបានសំណូមពរ ដល់ លោក គុណ ញឹម មេត្តាពិនិត្យរឿងនេះឡើងវិញ ព្រោះថាដើម្បីកុំអោយមានការ ពេបជ្រាយពីថ្នាក់ក្រោមៗ ថាថ្នាក់លើធ្វើអ្វីស្រេចតែនិងចិត្ត មិនគិតដល់ថ្នាក់តូចទាប ។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះអង្គភាព សារព័ត៌មាន ព្រះនរាយណ៍ មិនអាចរកការបំភ្លឺបាន ពីមេគយ ខេត្តកំពង់ស្ពឺ និង មេគយធំ លោក គុណ ញឹម បាននោះទេ ៕