ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឧត្តមសេនីយ៍យោធាផ្កាយពីរ ហៃ ច័ន្ទភារិទ្ធ និងបក្ខពួកឈ្មោះ គាត សូនី វ័នក ករណីថាបាន ឆបោកអ្នកវិនិយោគគិនម៉ាឡេស៊ី ដោយការប្រើល្បិចទិញដីព្រះរាជក្រឹតប្រមាណជាង ២០៣ហិតា ក្នុងតម្លៃ ៧លានដុល្លារ

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍យោធាផ្កាយពីរ ហៃ ច័ន្ទភារិទ្ធ និងបក្ខពួកឈ្មោះ គាត សូនី កំពុងវ័នក ករណីថាបានឆបោកអ្នកវិនិយោគគិនម៉ាឡេស៊ី ដោយការប្រើល្បិចទិញដីព្រះរាជក្រឹតប្រមាណជាង ២០៣ហិតា ក្នុងតម្លៃ ៧លានដុល្លារ ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៨។ ហើយដីនោះគឺជាដីរបស់រដ្ឋ ស្ថិតក្នុងតំបន់ឧទ្យានជាតិបូគោ ដែលត្រូវរដ្ឋហាមឃាត់មិនឱ្យមានការលក់ដូរអ្វីទាំងអស់។

បើតំណាងវិនិយោគគិន ម៉ាឡេស៊ី នៃក្រុមហ៊ុន វីន ហ៊ីល ស៊ីធី បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តក្នុងការទិញដីមួយកន្លែងទំហំ ២,០៣០,០០៧ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយមានគំនូសប្លង់បង្ហាញទីតាំងដី ដែលផ្តល់ដោយលោក ហៃ ច័ន្ទភារិទ្ធ និងគូរកន ក្នុងតម្លៃ៧លានដុល្លាសហរដ្ឋអាមេរិក។ ឈ្មោះ ហៃ ច័ន្ទភារិទ្ធ និងបក្ខពួក បានសន្យាថា ខ្លួននិងប្រមូលទិញដីពីប្រជាពលរដ្ឋ ដោយដីនោះជាដីស្របច្បាប់ អាចធ្វើប័ណ្ណកម្មសិទ្ធិបាន និងមិនមានជាប់ពាក់ព័ន្ធបុគ្គល ឬជាប់ពាក់ព័ន្ធជាមួយដីរដ្ឋឡើយ។ ដោយមានការជឿជាក់ និងទុកចិត្ត ក្រុមហ៊ុនបានចុះកិច្ចសន្យាទិញលក់ដីជាមួយលោក ហៃ ច័ន្ទភារិទ្ធ ព្រមទាំងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ដើម្បីយកទៅទិញដី ក្នុងចំនួន៧លានដុល្លា។ ក្រោយពីបានទទួលលុយជាបន្តបន្ទាប់រួចហើយ លោក ហៃ ច័ន្ទភារិទ្ធ ក្នុងអុំឡុងខែកុម្ភៈ ឆ្នាំ២០១៩ បានផ្ញើកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីលក់ផ្តាច់ និងគំនូសប្លង់បង្ហាញទីតាំងដីមកឱ្យក្រុមហ៊ុន ដោយបានទាមទារឱ្យក្រុមហ៊ុនបង់ប្រាក់បន្ថែមទៅឱ្យខ្លួន
លើលុយទិញលក់ដី ៧លានដុល្លា តាមកិច្ចសន្យា។ បន្ទាប់ពីបានទទួលកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីលក់ផ្តាច់ ពីលោក ហៃ ច័ន្ទភារិទ្ធ និងគំនូសប្លង់បង្ហាញទីតាំងដីហើយ ភាគីក្រុមហ៊ុនបានស្នើសុំចុះទៅមើលទីតាំងដីជាក់ស្តែង ស្រាប់តែលោកហៃ ច័ន្ទភារិទ្ធ បែរជាទៅចង្អុលបង្ហាញដីដែលគ្មានទីតាំងពិតប្រាកដ និងច្បាស់លាស់ណាមួយមកឱ្យក្រុមហ៊ុន។

ប្រភពដដែលបន្តថា ដោយឃើញទង្វើ លោក ហៃ ច័ន្ទភារិទ្ធ បែបមិនស្រួលដូច្នេះ តំណាងក្រុមហ៊ុន បានចុះសិក្សាស្រាវជ្រាវជាមួយអាជ្ញាធរមូលដ្ឋានទើបដឹងថា ទីតាំងដីដែលស្ថិតក្នុងគំនូសប្លង់បង្ហាញ និងលិខិតផ្ទេរសិទ្ធិដែលមានឈ្មោះ គាត សូនី ជាអ្នកឈរឈ្មោះលក់មកឱ្យក្រុមហ៊ុន និងឈ្មោះ ហៃ ច័ន្ទភារិទ្ធ ជាអ្នកចុះកិច្ចសន្យាទិញលក់ និងយកលុយពីក្រុមហ៊ុននោះ គឺជាដីរបស់រដ្ឋ ស្ថិតក្នុងតំបន់ឧទ្យានជាតិបូគោ ដែលត្រូវរដ្ឋហាមឃាត់មិនឱ្យមានការលក់ដូរអ្វីទាំងអស់។

ទាក់ទងករណីខាងលើនេះ ក្រសួងបរិស្ថានបានធ្វើការបញ្ជាក់ថា ដីដែលមានទំហំ ២,០៣០,០០៧ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតនោះ ក្រោយការពិនិត្យផ្ទៀងផ្ទាត់របស់ក្រសួងឃើញថា ដីទំហំប្រមាណ ៣០,០០០ម៉ែត្រការ៉េ គឺស្ថិតនៅក្រៅឧទ្យានជាតិព្រះមុនីវង្សបូគោ និងដីទំហំ ២,០០០,០០៧ម៉ែត្រការ៉េ គឺស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូគោ ដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង់របស់ក្រសួងបរិស្ថាន។

នៅពេលបានដឹងថាចាញ់បោក លោក ហៃ ច័ន្ទភារិទ្ធ និងបក្ខពួក តំណាងក្រុមហ៊ុនបានដាក់បណ្តឹងចូលតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទ «ឆបោក និងរំលោភលើទំនុកចិត្ត»។ បន្ទាប់មកនៅដើមខែមករា ឆ្នាំ២០២១ តុលាការបានចេញដីកាកោះហៅ លោក ហៃ ច័ន្ទភារិទ្ធ និងលោក គាត សូនី ពីបទ «ឆបោក រំលោភលើទំនុកចិត្ត និងសំអាតប្រាក់»។

បន្ទាប់ពីមានដីកាកោះឲ្យចូលខ្លួន លោក ហៃ ច័ន្ទភារិទ្ធ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានធ្វើលិខិតទទួលស្គាល់កំហុសថា ខ្លួនពិតជាបានទទួលប្រាក់ពីតំណាងក្រុងហ៊ុន វីន ហ៊ីល ស៊ីធី ដើម្បីចុះរៀបចំដីទំហំ ២០២ហិតា ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតពិតមែន ក៏ប៉ុន្តែជាក់ស្តែងការទិញនោះមិនអាចដំណើរការបានតាមការអះអាងរបស់ខ្លួនឡើយ ហើយចំពោះការខាត់បង់របស់ក្រុមហ៊ុន ខ្លួនមានលទ្ធភាពទទួលខុសត្រូវជូនក្រុមហ៊ុនដោយបង្វិលជាអចលនៈទ្រព្យ និងប្រាក់សុតមួយចំនួនដូចជា៖

១ ផ្ទះទំហំ ២១៩ម៉ែត្រការ៉េ មានវិញ្ញាប័ណបត្រសម្គាល់ម្ចាស់សម្គាល់អចលនវត្ថុលេខ ១២០៨០១០៤-៣៧១០ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ មានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានតម្លៃស្មើនិងទឹកប្រាក់៥៥ម៉ឺនដុល្លា។

២ ដីទំហំ ២៦,៨៩០ម៉ែត្រការ៉េ មានទំតាំងស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង មានតម្លៃស្មើទឹកប្រាក់ ៤០៣,៣៥០ ដុល្លា។

៣ ទឹកប្រាក់សុតចំនួន៥០ម៉ឺនដុល្លារ

៤ រថយន្តម៉ាក JEEB តម្លៃស្មើនិងទឹកប្រាក់៥ម៉ឺនដុល្លារ។

ក្នុងនោះលោក ហៃ ច័ន្ទភារិទ្ធ ក៏បានស្នើសុំតំណាងក្រុមហ៊ុន ដោយលោកអនុវត្តបានចំនួន៣ចំណុច លើកលែងតែចំណុចទី៣ ការសងប្រាក់សុតចំនួន៥០ម៉ឺនដុល្លា លោកមានលទ្ធភាពប្រគល់ជូនចំនួន២០ម៉ឺនដុល្លា ដោយទឹកប្រាក់នៅសល់៣០ម៉ឺន លោកមានលទ្ធភាពសងក្នុង១សប្តាហ៍ចំនួន១០ម៉ឺនដុល្លា ដោយសល់ពីនេះ លោកស្នើសុំក្រុមហ៊ុនទុកពេលវេលា ដើម្បីរកលុយសងមកក្រុមហ៊ុនតាមលទ្ធភាព

នៃប្រាក់នៅជំពាក់ជាង៥លានដុល្លាសហរដ្ឋអាមេរិកទៀត។

បើទោះបីជាលោក ហៃ ច័ន្ទភារិទ្ធ ព្រមទទួលកំហុសរបស់ខ្លួន ដោយបង្វិលជាទ្រព្យ និងប្រាក់មួយចំនួនសរុបជាង ១លានកន្លះ មកឱ្យក្រុមហ៊ុនដូចនេះក្តី ក៏ភាគីក្រុមហ៊ុនបានបដិសេធមិនទទួលយកឡើយ ដោយឱ្យលោក ហៃ ច័ន្ទភារិទ្ធ ចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់ ព្រោះប្រាក់ដែលខ្លួនបានឆបោក យកទៅប្រមាណ ៦,៦៧០,០០០ដុល្លារ មិនអាចបង្វិលសងមកវិញ ត្រឹមតែប្រាក់ជាង ១លានដុល្លាឡើយ ហើយប្រាក់នៅសល់សងតាមលទ្ធភាពទៀត។

ជាមួយគ្នានេះ ចាប់តាំងពីលោក ហៃ ច័ន្ទភារិទ្ធ ព្រមទទួលកំហុស ហើយក្រុមហ៊ុនបានធ្វើការបដិសេធ មិនទទួលយក ដោយតម្រូវឱ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ គឺស្ងាត់បាត់ឈឹងតែម្តង ដោយលោក ហៃ ច័ន្ទភារិទ្ធ មិនបានចេញមុខមកដោះស្រាយប្រាក់ដែលខ្លួនបាន «ឆបោក រំលោភលើទំនុកចិត្ត» ដោយឈរលើគោលជំហរច្បាប់ឡើយ ដែលនេះជាទង្វើទុច្ចរិតគេចវេសចំពោះផ្លូវច្បាប់ ដែលមានចែងក្នុង ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងរឿងនេះ លោក ហៃ ច័ន្ទភារិទ្ធ  មិនអាចរកបំភ្លឺ បានទេ នៅរសៀលថ្ងៃទី២៧ ខែមិនា ២០២២៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com