ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលថ្មីច្រាំងទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង

(ខេត្តស្វាយរៀង)​÷ឯកឧត្តម ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ នាព្រឹកថ្ងៃទី០៧​ ខែមេសា​ ឆ្នាំ២០២២នេះ​ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសមិទ្ធផលច្រាំងទន្លេវ៉ៃគោ​ ស្ថិតនៅភូមិមេភ្លេីង​ សង្កាត់ស្វាយរៀង​ ក្រុងស្វាយរៀង។

មានប្រសាសន៍នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មី ជាច្រាំងទន្លេ សួនច្បារ អមដោយឧបករណ៍ហាត់ប្រាណ និងក្លោងទ្វារ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នានៅថ្ងៃនេះ ដែលប្រវែង ៩៦៧ម៉ែត្រ សួនច្បារ ចំនួន៧សួន ទីតាំងដាក់ឧបករណ៍ហាត់ប្រាណ ចំនួន៣កន្លែង (មានឧបករណ៍ហាត់ប្រាណ ៦០ឈុត) បង្គោលភ្លើង(អំពូលសូឡា) ៨៤បង្គោល ដាំដើមឈើ ៨២ដើម ទីតាំងរៀបចំវេទិកាប្រណាំងទូក ១កន្លែង ក្លោងទ្វារ ២អមសងខាង។

ឯកឧត្តមបន្តថា​ សមិទ្ធផលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព​ សម្រាប់ជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងស្វាយរៀងរបស់យើង ដើម្បីជាការស្វាគមន៍ទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាខាងមុខនេះ ។

ជាការពិតណាស់កន្លងមកទីនេះយើងមិនមានជាច្រាំងទេ គឺមានតែផ្លូវ ទំនប់ ទល់នឹងទន្លេតែម្ដង ដែលត្រូវបានស្ថាបនាឡើង តាំងពីជំនាន់ឯកឧត្ដម ហ៊ុន ណេង ជាអភិបាលខេត្ត នៅឆ្នាំ២០០៣​ ប៉ុន្តែអាស្រ័យដោយស្ថានភាពផ្លូវនេះមានលក្ខណៈតូចចង្អៀត ហើយរាល់ពេលយើងរៀបចំ ពិធីប្រណាំងទូកម្ដងៗ គឺពិតជាមានការលំបាកណាស់ ណាមួយមិនមានទីតាំងសម្រាប់ដំឡើង វេទិកាបានត្រឹមត្រូវ ណាមួយប៉ះពាល់ដល់ការធ្វើចរាចរណ៍ផងដែរនៅពេលរៀបចំពិធីម្ដងៗ ដូច្នេះហើយទើបនៅឆ្នាំ២០១៨​ ក្នុងនាមជាអភិបាលខេត្ត ក៏បានផ្ដួចផ្ដើមឲ្យមានការស្ថាបនាច្រាំងនេះឡើង ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដែលជាគម្រោងពហុឆ្នាំ ដោយមានការ គាំទ្រពីក្រុមប្រឹក្សាខេត្ត លោកជំទាវកិត្តិសង្គហបណ្ឌិតប្រធានក្រុមការងារ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ឯកឧត្តមបញ្ជាក់ថា​ ច្រាំងថ្មីនេះ នឹងដើរតួនាទី ៤យ៉ាងសំខាន់ៗ គឺ៖ ទី១,លើកកម្ពស់សោភ័ណភាព ទី២,លើកកម្ពស់សុខុមាលភាពសង្គម តាមរយៈផ្ដល់ជាលំហបៃតង និងជាទីតាំងសម្រាប់ហាត់ប្រាណ ទី៣,សម្រាប់ជាវេទិកាប្រ​ណាំងទូក និងទី៤,ជាទីតាំងទេសចរណ៍សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត។

ជាចុងបញ្ចប់ៈ​ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញេីដល់អាជ្ញាធរពាក់ព័ន្ធ​ និងប្រជាពលរដ្ឋទាំងអស់​ សូមចូលរួមជួយថែរក្សាសមិទ្ធផលថ្មីនេះ​ ដើម្បីធានាការប្រើប្រាស់ឲ្យបានគង់វង្សយូរអង្វែង ។
-សូមចូលរួមប្រើប្រាស់ឲ្យបានចំគោលដៅ ជាពិសេសឧបករណ៍ហាត់ប្រាណរបស់យើង (សូម ជួយថែទាំ) ។
-សូមចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ ដែលអាជ្ញាធរក្រុង ត្រូវរៀបចំដាក់ធុងសំរាមឲ្យបានច្រើនកន្លែង និងឲ្យមានការសម្អាតជាប្រចាំ ។
-អាជ្ញាធរក្រុង ក៏ត្រូវសហការក្នុងការថែទាំសួន ក៏ដូចជាដើមឈើឲ្យបានល្អ ។
-ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
-បន្តចូលរួមពិនិត្យនៅមូលដ្ឋានរបស់យើង ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រឿងញៀនគ្រប់ប្រភេទ។
-ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានល្អប្រសើរ ។
-បន្តជំរុញប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងសូមឲ្យមានការរៀបចំក្រុមគ្រូពេទ្យ និងទីតាំងចាក់វ៉ាក់សាំងនៅតាមវត្តអារាម ឬទីន្លែងកម្សាន្តនានាតាមការណែនាំ។
-ត្រូវបន្តពង្រឹងការអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស វិធានការ ៣ការពារ ៣កុំ ។
-ជាមួយនេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com