(ស្វាយរៀង)÷ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត បានអញ្ជើញធ្វើពិធីបុណ្យឆ្លងចេតិយ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់លោកឪពុក អ្នកម្តាយរបស់លោក និងញាតិការប្រាំពីរទាំង៧សន្តាន ដែលបានបាក់បែកចែកឋានទៅលោកខាងមុខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំខ្សែត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ។
ឯកឧត្តម សោម ចិន តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងថា ដើម្បីតបស្នងចំពោះការលះបង់ និងខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមប្រជាពលរដ្ឋទាំងអស់ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍជាបន្ដបន្ទាប់ ។
ឯកឧត្តមបានប្រសាសន៍បន្តថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល។ កាលណាប្រទេសមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពរបស់ប្រជាជន។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ផងដែរ។ យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យគង់វង្សយូរអង្វែង មិនត្រូវឲ្យជនណាម្នាក់មកបំផ្លាញបានឡើយ ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកកំពង់រោទិ៍ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចូលរួមពិនិត្យនៅមូលដ្ឋានដើម្បីបង្ការ ទប់ស្កាត់ករណីគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានល្អប្រសើរ។
បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងសូមឲ្យមានការរៀបចំក្រុមគ្រូពេទ្យ និងទីតាំងចាក់វ៉ាក់សាំងនៅតាមវត្តអារាម ឬទីន្លែងកម្សាន្តនានាតាមការណែនាំ បន្តពង្រឹងការអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស វិធានការ ៣ការពារ ៣កុំ។
ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋនៅឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែនឹករលឹកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តស្វាយរៀង ទីណាមានទុក្ខលំបាកទីនោះ ពិតជាមានវត្តមានសម្ដេចទាំងទ្វេចុះជួយទាន់ពេលវេលាផងដែរ ។ ដោយ= សុខហ៊រ