(ខេត្តស្វាយរៀង)÷ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា វត្តកំពង់ត្រាចស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងពិធីនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារចុះជួយតាមបណ្ដាភូមិ ឃុំ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀងជាច្រើននាក់ផងដែរ។
នៅពិធីនោះដែរនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមានាពេលនេះ ហើយនាយឧត្តមសេនីយ៍ក៍បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណ:បក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះមានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ។
នាយឧត្តមសេនីយ៍ បានសុំឲ្យសមាជិកបក្សយើង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ បានថ្លែងផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុករមាសហែក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចូលរួមពិនិត្យនៅមូលដ្ឋានដើម្បីបង្ការ ទប់ស្កាត់ករណីគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានល្អប្រសើរ ។
បន្ថែមពីនេះឧត្តមសេនីយ៍ក៏បានជំរុញប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងសូមឲ្យមានការរៀបចំក្រុមគ្រូពេទ្យ និងទីតាំងចាក់វ៉ាក់សាំងនៅតាមវត្តអារាម ឬទីន្លែងកម្សាន្តនានាតាមការណែនាំ បន្តពង្រឹងការអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស វិធានការ ៣ការពារ ៣កុំ ផងដែរ ។
បើយោងតាមរបាយការណ៍របស់អភិបាលស្រុករមាសហែក បានឲ្យដឹងថា ព្រះវិហារវត្តកំពង់ត្រាច កសាងពីឆ្នាំ១៩៥៣ ដល់ឆ្នាំ២០១៥ មានរយៈ៦២ឆ្នាំ តែដោយមានសភាពទ្រុឌទ្រោមខ្លាំង ត្រូវបានឯកភាពរុះរើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ដើម្បីចាប់កសាងព្រះវិហារថ្មី ដោយមានការដឹកនាំកសាងពីព្រះគ្រូសិរីធមៈ សៅ សាន គង់នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) សពលោក ហ៊ឹម ឆែម អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី, នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី, លោក លី វាសនា ស្នងរូបព្រះរហ៊ូអសុរិន្ទ នៅភ្នំពេញ ព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់
បានបញ្ចុះបឋមសិលាព្រះវិហារ នៅថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំមមែ ព.ស២៥៥៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។
ក្នុងការកសាងព្រះវិហារថ្មីនេះ សម្រេចបាន១០០ភាគរយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ ដែលព្រះវិហារមានទំហំបណ្តោយ ៤៤ម៉ែត្រ ទទឹង ២៣ម៉ែត្រ កម្ពស់៣៦ម៉ែត្រ ហើយចំពោះថវិកាកសាងព្រះវិហារនេះ បានចំណាយអស់ ៦២៨,៣៣២ដុល្លារ ។ ដោយ = សុខហ៊រ