ប្រភពពីមន្ត្រីនៅច្រករបៀងក្រសាំងជ្រំ បានឲ្យដឹងថា ក្រុមឈ្មួញនាំចេញស្ករស បារីហេរ៉ូ និងបារីហ្សេត ចេះទៅស្រុកយួន តាមច្រកនេះ គេសង្ស័យថា ជាភរិយារបស់មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំ និងមានការឃុបឃិតពីមន្ត្រីជំនាញពាក់ព័ន្ធ។
ក្រុមឈ្មួញដឹកជញ្ជូនស្ករស បារីហេរ៉ូ និងបារីហ្សេត មករក្សាទុកក្នុងឃ្លាំងនៅភូមិក្រសាំងជ្រំ ហើយពេលយប់ទើបលើកដាក់ត្រាក់ទ័រដឹកជញ្ជូនឆ្លងអូរ ចូលទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំ យ៉ាងរលូន។ មជ្ឈដ្ឋាននានាបានលើកឡើងថា បើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះគឺឈ្មួញមិនអាចដឹកជញ្ជូនទំនិញគេចពន្ធ ទៅស្រុកយួនតាមច្រករបៀងក្រសាំងជ្រំ បានទេ ហើយសកម្មភាពនេះកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
តាមប្រភពពីប្រជាពលរដ្ឋនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញបានធ្វើសកម្មភាពប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនទំនិញគេចពន្ធទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំ យ៉ាងពេញបន្ទុកជាពិសេសនៅវេលារំលងអាធ្រាត្រ។ តាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសមត្ថកិច្ចប្រចាំច្រករបៀងក្រសាំងជ្រំ ទេនោះ គឺក្រុមឈ្មួញមិនអាចនាំចេញទំនិញគេចពន្ធតាមច្រករបៀងក្រសាំងជ្រំ បានឡើយ។ ដូច្នេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអីលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង កំពុងរក្សាភាពស្ងៀមស្ងាត់។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ពេលយប់វេលារំលងអាធ្រាត្រក្រុម ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធច្រើនប្រភេទមានទាំងបារី និងស្ករសផងដែរ ចេញទៅស្រុកយួនតាមច្រករបៀងក្រសាំងជ្រំ យ៉ាងពេញបន្ទុក។ នៅពេលថ្ងៃក្រុមឈ្មួញនាំចូលផ្លែឈើពីស្រុកយួន តាមច្រកនេះដូចជាផ្លែស្រកានាគ ទុរេន និងខ្នុរជាដើម ដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ ហើយបើផ្លែឈើទាំងនោះមានផ្ទុកសារធាតុគីមីគឺអាចធ្វើឲ្យបានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋខ្មែរ។ ហេតុនេះហើយទើបមានការជំរុញឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ចាត់វិធានការពិនិត្យមើលជាបន្ទាន់ ៕