ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់អគារថ្មី នៃ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង

(ស្វាយរៀង)ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ នៅខេត្តស្វាយរៀង មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្ត ក្រោមអធិបតីភាពឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកក្រសួង-ស្ថាប័នថ្នាក់ជាតិ ឯកឧត្ដមនាយឧត្ដមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដម លោកជំទាវសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ បុគ្គលិកសុខាភិបាល លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៣.០០០នាក់ ។

IMG-20171012-WA0079

សូមបញ្ជាក់អគារមន្ទីរពេទ្យបង្អែកខេត្ត ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺបានចាប់ផ្ដើមដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន JICA ដោយចំណាយថវិកាសាងសង់សរុប ១.០៧៧លានយ៉េន ស្មើនឹង ៩.៦១៦.០៧១ដុល្លារ ។ អគារមន្ទីរពេទ្យថ្មីនេះ មានចំនួន ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៧,២ម៉ែត្រ និងមានផ្ទៃក្រឡាសំណង់សរុប ៣.១៣៥,៥ម៉ែត្រការ៉េ ដោយចែកចេញជា ៨ផ្នែក គឺផ្នែករដ្ឋបាល ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកវះកាត់ និងប្រពោធនកម្ម ផ្នែករំងាប់មេរោគ និងបោកគក់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្ត្រ និងផ្នែកឱសថស្ថាន ព្រមទាំងមានការរៀបចំបន្ទប់ផ្គត់ផ្គង់ចរន្តអគ្គិសនី បាសាំងទឹក អាងចម្រោះទឹកកខ្វក់ ប្រព័ន្ធពន្លត់អគ្គីភ័យ និងចំណតរថយន្ត ។

មានមតិស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលអភិបាលខេត្តស្វាយរៀង បានចាត់ទុកអគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាំផ្លូវការនៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបង្ហាញឲ្យឃើញពីចំណងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងស្អិតរមួតរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនកម្ពុជា និងប្រជាជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្ដែក៏បានបង្ហាញឲ្យឃើញពីជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលនៅក្នុងដំណើរការធ្វើទំនើបកម្មវិស័យសុខាភិបាល ដែលពិតជានឹងចូលរួមចំណែកក្នុងការជួយសម្រួលទុក្ខលំបាក ដើម្បីបំពេញបន្ថែមនូវសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដែលកំពុងមានតម្រូវការកើនឡើងជាលំដាប់។

IMG-20171012-WA0068

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការកៀរគរការចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារ ពីសប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យនៅក្នុងខេត្តស្វាយរៀង សំដៅពង្រឹង និងពង្រីកសកម្មភាពផ្ដល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្តក៏បានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រ និងឧបត្ថម្ភដល់ដំណើរការកសាង ស្ដារឡើងវិញ និងអភិវឌ្ឍន៍ខេត្តស្វាយរៀងយើងខ្ញុំ នាពេលកន្លងមក ជាពិសេសក្នុងការជួយឧបត្ថម្ភការសាងសង់អគារមន្ទីរពេទ្យ ដោយមានបំពាក់សម្ភារបរិក្ខាពេទ្យនានាក្នុងអគារមន្ទីរពេទ្យដែលបានសាងសង់រួចនាពេលនេះ ។

IMG-20171012-WA0059

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃអគារមន្ទីរពេទ្យដែលទើបសាងសង់រួច និងស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងវឌ្ឍនភាពដ៏ល្អប្រសើររបស់វិស័យសុខាភិបាលដែលចេះតែមានការអភិវឌ្ឍរីកចម្រើនឈានឡើងជាលំដាប់គួរជាទីមោទនៈ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។

IMG-20171012-WA0063

 

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានចែកជូននូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប្រគេនព្រះសង្ឃ ៧អង្គ ក្នុង ១អង្គ ទទួលបានទេយ្យវត្ថុ ១ និងបច្ច័យ ៥០០.០០០រៀល ជូនយាយជី តាជី ២០០នាក់ ម្នាក់ៗទទួលបាន ក្រណាត់ស ១ដុំ និងថវិកា ២០.០០០រៀល ជូនយុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហម ២០០នាក់ ម្នាក់ៗ ថវិកា ២០.០០០រៀល ជូនលោកគ្រូ អ្នកគ្រូ ៥៧១នាក់ ម្នាក់ៗ ថវិកា ៥០.០០០រៀល ជូនអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៨៥នាក់ ម្នាក់ៗ ថវិកា ៥០.០០០រៀល ជូនបុគ្គលិក និងគ្រូពេទ្យ ២៤១នាក់ ម្នាក់ៗ ថវិកា ១០០.០០០រៀល ជូនវិទ្យាល័យស្វាយរៀង (សង្កាត់ស្វាយរៀង) ថវិកា ២.០០០.០០០រៀល ជូនគរុកោសល្យ និងវិក្រឹត្យការខេត្តស្វាយរៀង ថវិកា ៣.០០០.០០០រៀល ជូនមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ថវិកា ៥.០០០.០០០រៀល និងជូនសាលាក្រុងស្វាយរៀង ថវិកា ២.០០០.០០០រៀល ៕ ដោយ ខន ខេន

IMG-20171012-WA0062

IMG-20171012-WA0076

IMG-20171012-WA0067

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com