ភ្នំពេញ៖លោកសាំ ពិសិដ្ឋ បានឱ្យដឹងថា៖ក្រោយពីអន្តរាគមន៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី៩ខែតុលា មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជូនគ្រឿងចក្រអេស្កាវ៉ាទ័រចំនួន ៤គ្រឿងរថយន្តដឹកចំនួន៣គ្រឿង ជីកស្តារប្រឡាយទួលពង្រ និងព្រែកហា ទឹកបានស្រកជាច្រើនកន្លែងពិសេសនៅតំបន់មុខសាលាក្ដីខ្មែរក្រហមតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យ។
នៅព្រឹកថ្ងៃទី១១ខែតុលានេះលោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖គ្រឿងចក្រអេស្កាវ៉ាទ័រចំនួន ៤គ្រឿងរថយន្តដឹកចំនួន៣គ្រឿង ជីកស្តារប្រឡាយទួលពង្រ និងប្រឡាយព្រែកហាគិតត្រឹមម៉ោងជិត៦ល្ងាកាលពីថ្ងៃទី១០ខែតុលានេះស្ថានភាពទឹកលិចនៅតំបន់ភូមិសាស្ត្រភូមិព្រៃល្វា ភូមិត្រពាំងរំចេក ភូមិទួលពង្រ ភូមិត្រពាំងថ្លឹង ភូមិព្រៃសណ្តែក ភូមិក្រាំងដូនទៃ ភូមិកាប់គង ក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទឹកបានស្រកពី ០.២ម៉ែត្រទៅ ០.៤ម៉ែត្រ និងកំពុងបន្តស្រក។
លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងទៀតថា៖ប្រឡាយទួលពង្រនេះត្រូវស្ដារពីភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យរហូតដល់ខណ្ឌដង្កត្រង់ស្ពានភូមិម័លមានចំងាយជិត៤គីឡូម៉ែត្រដោយឆ្លងកាត់ខណ្ឌចំនួន៣គឺខណ្ឌពោធិសែនជ័យ ខណ្ឌមានជ័យនិងខណ្ឌដង្កោ។ការកាយស្ដារប្រឡាយទួលពង្រនេះគិតចាប់ពីល្ងាចថ្ងៃទី៩ខែតុលាមកដល់ថ្ងៃទី១១ខែតុលានេះបានប្រវែងជិត១គីឡូម៉ែត្រហើយនិងបន្តស្ដាររហូតដល់ប្រឡាយភូមិម័ល។លោកបន្តទៀតថា៖កាលពីថ្ងៃទី១០ខែតុលាទឹកបានស្រកនៅចំណុចខាងលើកន្លែងខ្លះ៣តឹកនិងកន្លែងខ្លះ៤តឹកធ្វើឱ្យទឹកលិចនៅតំបន់ផ្លូវជាតិលេខ៤និងមុខសាលាក្ដីខ្មែរក្រហមក៏ប៉ុន្តែកាលពីយប់ថ្ងៃទី១០តុលានេះដោយភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺឡើងធ្វើឱ្យទឹកនៅស្ទឹងព្រែកត្នោតនៅក្នុងភូមិសាស្ត្រភ្នំពេញឡើងដល់កំពស់៨តឹកធ្វើឱ្យទឹកលិចនៅផ្លូវជាតិលេខ៤និងមុខសាលាក្ដីខ្មែរក្រហមឡើងវិញនៅព្រឹកថ្ងៃទី១១ខែតុលានេះ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា៖ជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌពោធិសែនជ័យបានដំណើរការកាយប្រឡាយមួយខ្សែអមផ្លូវជាតិលេខ៤ត្រង់ខាងជើងផ្លូវរថភ្លើងក្នុងសង្កាត់ចៅមចៅបង្វែរទៅសង្កាត់ត្រពាំងក្រសាំងក្នុងខណ្ឌពោធិសែនជ័យប្រើគ្រឿងចក្រ៤គ្រឿង។
គួរបញ្ជាក់ថា៖កាលពីល្ងាចថ្ងៃទី៩ខែតុលាឆ្នាំ២០១៧នេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីនិងមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌពោធិសែនជ័យចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលិចក្នុងសង្កាត់ចៅមចៅទី២ខណ្ឌពោធិសែនជ័យដោយបានបញ្ជាឱ្យស្ថាប័នទាំង២នេះរួមគ្នាដាក់គ្រឿងចក្រកាយប្រឡាយទួលពង្រទាំងយប់ទាំងថ្ងៃត្រូវដាក់គ្រឿងចក្រ២គ្រឿងក្នុងដំណើរចុះពិនិត្យស្ថានភាពលិចលង់ឱ្យទឹកជំនន់ទឹកភ្លៀងនៅខណ្ឌពោធិសែនជ័យ។ក្នុងនោះលោកអភិបាលរាជធានីថា៖ត្រូវតែបើកផ្លូវទឹកជាបន្ទាន់ដើម្បីបង្ហូរទឹកបញ្ចៀសការជន់លិចដោយទឹកភ្លៀងជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង បានអះអាងថា៖ការដែលលោកបញ្ជាឱកាយប្រឡាយទាំងយប់ដោយសារតែប្រឡាយទួលពង្រនេះមានទួលនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹក ពីខណ្ឌពោធិសែនជ័យទំលាក់ ទៅកាន់ប្រឡាយម័លក្នុងសង្កាត់ដង្កោខណ្ឌដង្កោ កាត់តាមខណ្ឌមានជ័យ។លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា៖ការដាក់គ្រឿងចក្របើកផ្លូវទឹកជាបន្ទាន់នៅប្រឡាយទួលពង្រនេះគឺ បញ្ចៀសការជន់លិចនៅតំបន់សាលាក្តីខ្មែរក្រហម ភូមិសាស្ត្រភូមិទួលពង្រ សង្កាត់ចោមចៅទី១ ទី២ និងទី៣ សង្កាត់ប្រទះឡាង សង្កាត់ភ្លើងឆេះរទេះ និងមួយផ្នែកនៃសង្កាត់កាកាបផងដែរ។
មន្ត្រីបានបញ្ជាក់ថា៖ដឹកនាំប្រតិប័ត្តការស្ដារប្រឡាយទួលពង្រនេះដោយលោក នៅ សារឿន អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជាមួយប្រធានដួង ចាន់ សារ៉ាត អង្គភាពលូទឺកនិងបូមទឹកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងលោក សេង គន្ធ អភិបាលខណ្ឌពោធិសែនជ័យនិងខណ្ឌពាក់ព័ន្ធទាំង៣សហការគ្នា៕