នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែន ជូននាយទាហាន នាយទាហានរង ពលទាហាន វរសេនាតូចការពារព្រំដែនគោកលេខ២០១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ចំនួន ១០៥នាក់ នៅសាលប្រជុំទីបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកលេខ២០១ ស្ថិតនៅឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ដែលបានរៀបចំនូវវគ្គហ្វឹកហ្វឺនដ៏មានសារៈសំខាន់នេះឡើង ដែលពិតជានឹងរួមចំណែកក្នុងការកសាងប្រភពធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងពង្រីកនូវសមត្ថភាពការពារបូរណភាពទឹកដី ការពារខ្សែបន្ទាត់ព្រំដែន និងការពារជាតិមាតុភូមិ ផ្ដល់ឲ្យសិក្ខាកាមគ្រប់រូបបានយល់ច្បាស់នូវយុទ្ធវិធី និងជំនាញច្បាស់លាស់ពិតប្រាកដក្នុងកិច្ចការពារព្រំដែន និងធ្វើឲ្យយោធិនតាមបណ្តាកងអង្គភាព ដែលមានភារកិច្ចទទួលខុសត្រូវនៅតាមទីតាំងឈរជើងនីមួយៗ កាន់តែទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចក្នុងបេសកម្មជាក់ស្តែង ។ ទន្ទឹមនេះ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្ដមក៏ថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះតំបន់ប្រតិបត្តិការសឹករងស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលកន្លងមក បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់សង្គមផ្សេងៗ និងសហការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តបានល្អប្រសើរ ។
ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីស្ថានភាព និងការវិវត្តន៍នៃសភាពការណ៍នយោបាយថ្មីៗនៅក្នុងប្រទេសជូនដល់នាយទាហាន និងពលទាហានទាំងអស់ ព្រមទាំងបានផ្ដាំផ្ញើដល់សិក្ខាកាមនៃវគ្គហ្វឹកហ្វឺននេះ ឲ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រទាំងផ្នែកទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង និងត្រងត្រាប់ស្ដាប់គ្រូឧទ្ទេសនាម ដើម្បីទទួលបាននូវចំណេះដឹង និងពុទ្ធិថ្មីៗ សម្រាប់យកទៅអនុវត្តបម្រើឲ្យសេចក្ដីត្រូវការរបស់អង្គភាព ជាពិសេសក្នុងកិច្ចការពារជាតិ ការពារឯករាជ្យភាព សន្តិភាព ស្ថិរភាពសង្គម ការពារខ្សែបន្ទាត់ព្រំដែន និងបូរណភាពទឹកដី ដោយឡែកសម្រាប់នាយទាំងហាន និងពលទាហានទាំងអស់ត្រូវចុះស្វែងយល់ និងស្គាល់ទីតាំងបង្គោលព្រំដែន និងភូមិសាស្ត្រនៅតាមបណ្ដោយព្រំដែនឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការប្រតិបត្តិការងារទទួលខុសត្រូវរបស់ខ្លួន ។
នៅចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភពិធីបើកវគ្គហ្វឹកហ្វឺននេះ នូវថវិកា ចំនួន ០៦លានរៀល ៕