(ស្វាយរៀង)
នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានប្រារព្ធមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមវត្តមានចូលរួមពីឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ គរុសិស្ស សិស្ស និស្សិត យុវជន យុវនារីកាយរិទ្ធ កាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងប្រជាពលរដ្ឋខេត្តស្វាយរៀងយ៉ាងច្រើនកុះករ ។
ពិធីដ៏ឱឡារិកនាព្រឹកនេះ គឺប្រារព្ធឡើងដើម្បីរំលឹក និងថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៃព្រះរាជបូនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ ព្រះបញ្ញាស្មារតី ក្នុងការតស៊ូទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជារាស្រ្តជាទីស្នេហារបស់ព្រះអង្គ កាលពី៦៤ឆ្នាំមុន ។
ប្រជារាស្ត្រដែលជាកូន ចៅ ចៅទួត នៅតែចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ!!! ជយោព្រះរាជាណាចក្រកម្ពុជា។ ដោយ ខន ខេន