លោក ស៊ន់ នី ប្រធានផ្សារក្រោមខេត្តសៀមរាប យកថ្លៃភាស៊ីពីអាជីវករស្រេចតែអំពើចិត្ត
សៀមរា #អាជីវករលក់ដូរនៅផ្សារក្រោមក្រុងសៀមរាប ខេត្តសៀមរាប បានអំពាវនាវឲ្យលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងប្រធានមន្ទីរហិរញ្ញវត្ថុខេត្តសៀមរាប ពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក ស៊ន់ នី ប្រធានផ្សារក្រោមខេត្តសៀមរាប រឿងយកថ្លៃភាស៊ីខ្ពស់ជាងនៅផ្សារដទៃទៀត។ អាជីវករមួយចំនួនបានលើកឡើងថា សព្វថ្ងៃនេះពួកគាត់រកស៊ីលក់ដូរស្ទើរតែគ្មានសល់ប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពដោយសារត្រូវបង់ថ្លៃតូប១២០ដុល្លារក្នុងមួយខែ និងបង់ថ្លៃភាស៊ី២០០០រៀលក្នុងមួយថ្ងៃ។ មានការរិះគន់ថាលោក ស៊ន់ នី ប្រធានផ្សារក្រោមខេត្តសៀមរាប គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតពីការលំបាករបស់អាជីវករដែលខំប្រឹងរកស៊ីលក់ដូរហើយគ្មាននៅសល់ប្រាក់កម្រៃនោះទេ។
ប្រភពពីអាជីវករជាច្រើននាក់បានឲ្យដឹងថា ពួកគាត់រកស៊ីលក់ដូរសព្វថ្ងៃបង់តែថ្លៃភាស៊ីនិងថ្លៃតូបស្ទើរតែមិនគ្រប់ ហើយលោក ស៊ន់ នី ប្រធានផ្សារក្រោម កំពុងតែសប្បាយប្រមូលលុយភាស៊ីនិងលុយថ្លៃតូបពីអាជីវករយ៉ាងសុខស្រួល។ សូម្បីតែពលរដ្ឋដែលលក់បន្លែបង្ការតាមកញ្ច្រែងក៏ត្រូវបង់លុយថ្លៃភាស៊ីតាមការកំណត់ដែរ បើមិនដូច្នេះទេលោក ស៊ន់ នី មិនអនុញ្ញាតឲ្យលក់ដូរឡើយ។ ប្រការនេះហើយទើបអាជីវករផ្សារក្រោមខេត្តសៀមរាប អំពាវនាវឲ្យលោក ឃឹម ប៊ុនសុង ជាអភិបាលខេត្ត និងប្រធានមន្ទីរហិរញ្ញវត្ថុខេត្តសៀមរាប ពិនិត្យឡើងវិញជាបន្ទាន់ចំពោះទង្វើរបស់លោក ស៊ន់ នី ប្រធានផ្សារក្រោម។ ដោយហេតុថាបច្ចុប្បន្ននេះលោក ស៊ន់ នី ទារលុយភាស៊ីពីអាជីវករលក់ដូរច្រើនជាងផ្សារផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប ធ្វើឲ្យអាជីវករប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើងៗ។
អាជីវករនិងពលរដ្ឋដែលលក់ដូរក្នុងផ្សារក្រោមខេត្តសៀមរាប បានអំពាវនាវឲ្យមន្ត្រីអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាមន្ទីរពាក់ព័ន្ធចាត់វិធានការធ្វើយ៉ាងណាឲ្យលោក ស៊ន់ នី ប្រធានផ្សារក្រោមបញ្ចុះតម្លៃភាស៊ីឲ្យដូចផ្សារដទៃទៀតដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត់ខ្លះផង។ ប្រភពពីអាជីវករបានឲ្យដឹងទៀតថា ផ្សារក្រោមនេះពេលមានភ្លៀងធ្លាក់ខ្លាំងត្រូវទឹកលិចលង់លក់ដូរមិនកើត ហើយប្រធានផ្សារមិនអភិវឌ្ឍន៍អ្វីទាំងអស់ គឺគិតតែពីរឿងប្រមូលលុយថ្លៃភាស៊ីនិងថ្លៃតូបស្រេចតែអំពើចិត្តរបស់ខ្លួន។ ហេតុនេះមន្ត្រីអាជ្ញាធរខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធក្នុងខេត្តសៀមរាប មិនគួរបណ្ដែតបណ្ដោយឲ្យលោក ស៊ន់ នី ប្រធានផ្សារក្រោមធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតទេ ហើយថ្លៃភាស៊ីប្រចាំថ្ងៃគួរមានកម្រិតស្មើនឹងផ្សារដទៃទៀតក្នុងក្រុងសៀមរាបផងដែរទើបមានតម្លាភាព៕