ខេត្តព្រះសីហនុ៖ បច្ចុប្បន្នសង្កាត់កោះរ៉ុងសន្លឹមមាន ២(ពីរ)ភូមិ គឺភូមិកោះរ៉ុងសន្លឹម និងភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំពោះភូមិកោះតូច ផ្ទៃដីមួយចំនួនត្រូវបានវាស់វែង និងកាត់ឆ្វៀលតាមរូបមន្ត “ស្បែកខ្លា” ជូនប្រជាពលរដ្ឋ កាលពីចុងឆ្នាំ ២០១៦ ដែលលទ្ធផលវាស់នេះបានចំនួន២០៤ក្បាលដី ដែលមន្ទីរជំនាញក៏កំពុងបន្តនីតិវិធីដើម្បីត្រៀមចេញវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋផងដែរ។
ដោយឡែកភូមិកោះរ៉ុងសន្លឹម បច្ចុប្បន្នមានប្រជាជនរស់នៅ ចំនួន១១៩គ្រួសារ ក្នុងនោះមាន៩៦គ្រួសារ បាននឹងកំពុងទាមទារ និងស្នើសុំជាបន្តបន្ទាប់មករដ្ឋបាល ខេត្តព្រះសីហនុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដើម្បីបានវាស់វែង និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន វត្ថុ។ ជាក់ស្តែងផ្អែកតាម លិខិតចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧ របស់ ឈ្មោះ ម៉ែន កាណុង ម៉ែន មិថុនា ម៉ែន កាលីណា សេង រតនា កួយ ឡេប៉ូ តំណាងប្រជាពលរដ្ឋចំនួន ៩៦គ្រួសារ គឺស្នើសុំចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលមានដី និងទីលំនៅ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹមក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងចំណោម ប្រជាពលរដ្ឋចំនួន៩៦គ្រួសារ មានប្រជាពលរដ្ឋជាង១០គ្រួសារ ដែលបានកាន់កាប់នឹងកំពុងតែប្រកបអាជីវកម្ម សេវាកម្មជាយូរឆ្នាំមកហើយ ហើយថ្មីៗនេះ ពួកគាត់មានបញ្ហាប្រឈមជាមួយនិងមូលដ្ឋានកងទ័ពជើងទឹក ដែលកន្លងមកទីតាំងដីរបស់ពួកគាត់មិន ដែលមានការពាក់ពន្ធ័ ជាមួយមូលដ្ឋានកងទ័ព ជើងទឹកនោះទេ។ ទើបតែឆ្នាំ២០១៧ស្រាប់តែមូលដ្ឋានកងទ័ពជើងទឹក បានយកលិខិតលេខ២១៥ សជ ណ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រីមកអះថា មានដីទំហំ១៩១ហិកតា ១៣អារ៩១សង្ទីអារ ដែលមានការជាន់មកលើដីរបស់ប្រជាពលរដ្ឋ ដែលមានបញ្ហាជាមួយនិងមូលដ្ឋានកងទ័ពជើងទឹក ។
នៅក្នុងលិខិតលេខ២១៥សជណចុះថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០១២របស់គណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា ទីតាំងដែលត្រូវរក្សារទុកដីសម្រាប់ធ្វើជាមូលដ្ឋានរបស់កងទព័ជើងទឹក រាជរដ្ឋាភិបាលបានសម្រេចយល់ព្រម តាមសំណើរអនុញ្ញាតឲ្យ រក្សាទុកផ្ទៃដីចំនួន២កន្លែងពាក់ពន្ធ័ជាមួយក្រុមហ៊ុន EMARIO SHONAN MARIME CORPORATION LTD ហើយមានទីតាំងទី១ ដីទំហំ៩០ដែលមាននិយាមកាF(៣១៤៦៤៧-១១៧០៥៦៥)G(៣១៥៣៨៨-១១៦៩៦៨០)H(៣១៤៧៤៧-១១៦៩២០៦)I(៣១៣៩១៧-១១៧០០៥០)ជាទីតាំងជាន់មកលើដីរបស់ប្រជាពលរដ្ឋ។
តាមពិតដីរបស់អង្គភាពកងទ័ពជើងទឹក ចំណុចទី១មានទីតាំងស្ថិតនៅចំណុចវិរៈឈរជើងរហូតដល់សព្វថ្ងៃនេះដែលមាននិយាមកាA,B,C,D,E នោះ មិនមែនទីតាំងដីរបស់ប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលនេះទេ និងទី២នៅចំណុច ភ្លើងសារញ៉ូមានទំហំ១០១ហិកតា១៣អា៩១សង្ទីអាដែលមាននិយាមកាJ(៣១៥១៥០-១១៦៧៤៣៥)K(៣១៥៦៤៥-១១៦៧៤៣៥)L(៣១៥៦៥៥-១១៦៦៦៥៧)M(៣១៦០១៦-១១៦៦៦៦៧)N(៣១៦០១២-១១៦៥៧៦៩)។ទីតាំងទាំង២ខាងលើនេះឃើញថាពុំមានការពាក់ពន្ធ័ និងដីរបស់ប្រជាពលរដ្ឋយើងខ្ញុំឡើយ។
ប្រជាពលរដ្ឋជាង១០គ្រួសារ កំពុងមានការប្រឈមយ៉ាងខ្លាំង ដោយសារអង្គភាពកងទ័ពជើងទឹកបានកំពុងបង្ខំឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ផ្តិតមេដៃប្រគល់ដីទៅឲ្យអង្គភាព ដែលបណ្តាលឲ្យបាត់បង់ដីធ្លី និងអាជីវកម្មរបស់ខ្លួនទៀតផង។ជាក់ស្តែងកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧អង្គភាពកងទ័ពជើងទឹកដែលមានឈ្មោះអុន អាន និងឈ្មោះហោ សេងលីម បានមកបណ្តេញឲ្យបិទអាជីវកម្ម និងចូលទៅកាន់កាប់នៅលើទីតាំងអាជីវកម្មរបស់ឈ្មោះម៉ែន កាណុង រហូតមកដល់ពេលនេះ។ ខណៈទំនាស់ដីធ្លីទាំងនេះរដ្ឋបាលខេត្តព្រះសីហនុកំពុងធ្វើនិតិវិធីនៅឡើយ ដោយមិនទាន់ដឹងថាយ៉ាងណានោះទេរហូតមកដល់ពេលនេះ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ប្រចាំខេត្តព្រះសីហនុ ហៅកាត់ថា (សុីអិនរ៉ូ) C.N.RO ដែលបានស្រាវជ្រាវដល់ទីតាំងនេះក៏បានឲ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះមានអ្នកមានលុយ មានអំណាចបាននិងកំពុងធ្វើទុក្ខបុកម្នេញមកលើប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផល លើកោះរ៉ុងសន្លឹមនេះជាយូរឆ្នាំមកហើយ នេះក៏ព្រោះតែអាជ្ញាធរមិនបានចុះមកវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពួកគាត់ដោយស្របច្បាប់។
ជាងនេះទៅទៀតលោកបានថ្លែងថា ប្រជាពលរដ្ឋបានដាក់ពាក្យសុំវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិដីទៅរដ្ឋបាលខេត្តព្រះសីហនុរួចរាល់អស់ហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតដែនដីរដ្ឋបាលនេះជាសង្កាត់កោះរ៉ុងសន្លឹម ស្ថិតក្រោមការគ្រប់គ្រងរបស់សាលាក្រុង និងខេត្តព្រះសីហនុ ប៉ុន្តែអាជ្ញាធរហាក់ដូចជាព្រងើយកន្តើយ មិនរវីរវល់បន្តិចសោះឡើយ ។ លោក សុខ សុខុម ក៏បានស្នើឲ្យអាជ្ញាធរមេត្តារូតរះក្នុងការចេញប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់ដើម្បីជៀសវាងមានទំនាស់កើតឡើងនាពេលអនាគតផងដែរ។
ខណ:ដែលប្រជាពលរដ្ឋគោរពស្នើសុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយដោះស្រាយឲ្យពួកគាត់ ដើម្បីបានវាស់វែង និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងនេះផង៕ រាយការណ៍ដោយ៖(ទុយ ហ៊ួត)ភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍ប្រចាំខេត្តព្រះសីហនុ ។