ស្ទឹងត្រែង ÷ព្រៃអភិរក្សនិងព្រៃការពារនៅក្នុងតំបន់ក្បែរបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងត្រូវបានមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ កាប់ធ្វើអាជីវកម្មនិងដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងរលូន។ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង មិនហ៊ានប៉ះពាល់ឧកញ៉ា ជ័យ នោះទេព្រោះឈ្មួញម្នាក់នេះបានប្រើអាជ្ញាប័ណ្ណក្រុមហ៊ុនសំអាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីកាប់ឈើនិងដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុក។ បញ្ហានេះរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះឧកញ៉ា ជ័យ កំពុងបំផ្លាញព្រៃឈើដែលនៅសេសសល់ក្នុងស្រុកសេសាន យ៉ាងមហន្តរាយដោយគ្មានញញើតអ្វីឡើយ។
បើតាមប្រភពពីមន្ត្រីនៅច្រកត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ មានរថយន្តយីឌុបធុនធំ២គ្រឿងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ-វ៉ាលឺ យ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ សមត្ថកិច្ចក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថារថយន្តយីឌុបទាំង២គ្រឿងនោះដឹកឈើចេញប្រណីតចេញពីឃ្លាំងរបស់ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ហើយចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ស្រុកស្នួល ខេត្តក្រចេះ។ នៅពីក្រោយរថយន្តយីឌុបដឹកឈើ២គ្រឿងនោះ គឺមានរថយន្ត១គ្រឿងម៉ាកនីសាន់ ពណ៌ស ពាក់ស្លាលលេខខ.ម ២-៥៩៩៤ បិទគូថពីក្រោយរហូតចេញផុតពីច្រកត្រពាំងស្រែ ដោយមានសមត្ដកិច្ចប្រចាំច្រកនេះចាំបើកបារ៉ាស់រួចជាស្រេច។
សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចតាមព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថារហូតមកដល់ពេលនេះឧកញ៉ា ជ័យ នៅតែបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកព្រំដែនត្រពាំងស្រែ ក្នុងស្រុកស្នួល ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេង។ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា ឈើទាំងនោះគឺជាឈើដែលឧកញ៉ា ជ័យ បំពានកាប់នៅក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយប្រើអាជ្ញាប័ណ្ណក្រុមហ៊ុនសំអាតផ្ទៃអាងទំនប់វារីអគ្គិសនីដើម្បីឲ្យក្លាយជាឈើស្របច្បាប់ ហើយដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុកតែម្តង។ ក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឧកញ៉ា ជ័យ នោះទេបើទោះបីឧកញ៉ាម្នាក់នេះកំពុងបំផ្លាញព្រៃឈើក្នុងព្រៃការពារ ព្រៃអភិរក្សក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ឲ្យវិនាសសាបសូន្យយ៉ាងណាក៏ដោយ។
ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានឲ្យដឹងថាការដែលឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ អាចកាប់ឈើនិងដឹកជញ្ជូនឈើពីស្រុកសេសាន ខេត្តស្ទឹងត្រែង ចេញទៅស្រុកយួនយ៉ាងរលូន គឺមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ននៅតាមដងផ្លូវ។ ជាក់ស្ដែងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ឧកញ៉ា ជ័យ ដឹកឈើ២រថយន្តយីឌុបធំៗចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ-វ៉ាលឺ យ៉ាងរលូនដោយមានសមត្ថកិច្ចជាអ្នកចាំបើកបារ៉ាស់ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ សកម្មភាពរបស់ឧកញ៉ា ជ័យ ក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនជាភស្ដុតាងបង្ហាញថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសរត់ពន្ធឈើចេញក្រៅប្រទេសកំពុងតែក្លាយជារឿងឥតន័យ ព្រោះបច្ចុប្បន្នឧកញ៉ា ជ័យ នៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់៕