នៅក្នុងកម្មវិធីព្រះពុទ្ធសាសនា និង ការអប់រំ របស់ ទូរទស្សន៏ព្រះនរាយណ៏ ភី អីន ធី វី សូមនាំអារម្មណ៏បងប្អូន ពិសេសពុទ្ធបរិស័ទ និង ព្រះសង្ឃ បានជួបនឹងសម្តេចសង្ឃមួយអង្គ ដែលមានព្រះជន្ម រហូតដល់ 103 ព្រះវស្សា ។ដើម្បីបានជាគតិ ឬ ជាការអប់រំ តំរង់ទិស ដល់ជនប្រុសស្រី នោះក្រុមការងារយើងបាន ទៅក្រាបថ្វាយបង្គំសម្តេចផ្ទាល់នៅក្នុងវត្តសន្សំកុសល រាជធានីភ្នំពេញ។ សម្តេចគង់ក្នុងកុដ ដ៏សាមញ្ញតូចមួយ នឹងមានព្រះសង្ឃ រួមនឹងគ្រូពេទ្យ ចាំមើលថែ ព្រះអង្គផងដែរ ។ការដែលមានព្រះសង្ឃ និង គ្រូពេទ្យមើលថែទាំនេះ គឺដោយសារ ព្រះមានជំងឺជរា ពាធ្យ ដែលហៅថារោគចាស់ជរា។ជួបជាមួយ ព្រះញាណកោសល្យ យឹមចំរើនព្រះគ្រូសូត្រស្តាំវត្តសន្សំកុសល បានបញ្ជាក់អោយក្រុមការងារយើងបានដឹងថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ រហូតមកដល់ថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2016 នេះ ព្រះអង្គមានព្រះជន្ម 103 ព្រះវស្សា ហើយ។ សុខភាពព្រះអង្គបច្ចុប្បន្ន គឺមានសភាពធម្មតា នៃជំងឺចាស់ជរា គ្រាន់ថាព្រះអង្គមានព្រះរាជបន្ទូលច្រើនរៀងហត់ និង ដាច់ៗ -តែស្តាប់បានទាំងអស់ ។ព្រះអង្គថា រាល់ថ្ងៃ មានពេទ្យប្រចាំការមើលថែទាំ សម្តេច មាន2 នាក់ប្រចាំការ 24ម៉ោង ។
ជារៀងរាល់ថ្ងៃ ពិសេសថ្ងៃឧបោសថសីល កុដរបស់ព្រះអង្គគឺពោរពេញទៅដោយពុទ្ធបរិស័ទ ជិតឆ្ងាយមកក្រាបថ្វាយបង្គំ និង យកចង្ហាន់មកប្រគេនព្រះអង្គ មិនដាច់នោះទេ ។ជួបជាមួយ ពូៗ មីញៗ ដែលជាអ្នករស់នៅក្បែរវត្តនិង មកពីសហរដ្ឋអាមេរិក បានសំដែងការសប្បាយចិត្តនៅពេលឃើញព្រះអង្គមានព្រះជន្មវែង និងអាចសូត្រធម៌ បាននៅឡើយ។
ជាសំណាងល្អ ដូចដែរព្រះ យឹម ចំរើន បានគិតដែរនោះ គឺ សម្តេចព្រះធម្មលិខិត លាស់ ឡាយ នៅពេលនេះអាចមានព្រះរាជបន្ទូលជាហូរហែរ និង បានទូន្មាន នែនាំ ដល់ព្រះសង្ឃក្នុងវត្តសន្សំកុសល ក៏ដូចព្រះសង្ឃទូទៅ អោយមានសាមគ្គីធម៍ ក្នុងនាមជាសាមនេ ឬ ជាភក្ខុក្តី គឺត្រូវគោរពក្រិតក្រំ គោរពច្បាប់វិន័យ ខិតខំប្រឹងប្រែងរៀនសូត្រ ក្រេចជញ្ជក់ចំណេះវិជ្ជា ។
ដើម្បីទុកជាប្រវត្តិសាស្ត្រផងនោះ កម្មវិធីយើងខ្ញុំ សូមជូនប្រវត្តិព្រះអង្គដោយសង្ខេបដូចតទៅៈ …សម្តេចព្រះធម្មលិខិត បានបួសជានេនតាំងពីអាយុ ១២ឆ្នាំ…។ ក្រោយពេលក្លាយជាសាមណេ ព្រះអង្គបានខិតខំសិក្សាភាសាបាលី ដែលក្រោយមក បានក្លាយជាសិស្សដ៏ឆ្នើមរបស់សម្តេចព្រះធម្មលិខិត ល្វី ឯម និងសម្តេចព្រះសង្ឃរាជ ជួន ណាត។ ក្រោយមក ព្រះអង្គបានក្លាយជាសាស្ត្រាចារ្យជាន់ខ្ពស់ នៅសាលាបាលីតែម្តង។
នៅថ្ងៃ ១៧ មេសា ១៩៧៥, ព្រះអង្គត្រូវបានជំលៀសទៅកាន់ខេត្តកំពង់ចាម និងត្រូវបានពួកខ្មែរក្រហមចាប់ព្រះអង្គផ្សឹកនៅទីនោះ។ ព្រះអង្គត្រូវបានពួកឈ្លបខ្មែរក្រហមបំរុងយកទៅសំឡាប់បីដង តែចេះរួចព្រះកាយរហូត…។ លើកទីមួយ គឺនៅពេលដែលពួកឈ្លបដើរប្រមូលមនុស្សដឹកតាមរទេះសេះយកទៅ «រៀនសូត្រ»… ហើយក្នុងពេលដែលរទេះសេះពួកឈ្លប បានមកដល់ជួបព្រះអង្គ, ស្រាប់តែមានមនុស្សជិះពេញ អត់មានកន្លែងសំរាប់អោយព្រះអង្គអង្គុយ។ ដល់អញ្ចឹងទៅ ពួកឈ្លបក្មេងៗទាំងនោះរអ៊ូថាៈ តាឯងអត់កន្លែងអង្គុយ មិនបាច់ទៅទេ!… ចាំលើកក្រោយ ចាំទៅ!…។ លើកទីពីរក៏ដូចគ្នាដែរ… តែលើកនេះពួកឈ្លបលែងប្រើរទេះសេះទៀតហើយ គឺពួកគេបានយកឡានពើហ្សូ-កាត់សង់កាត់ (Peugeot-404) មកដឹកវិញម្តង ហើយព្រះអង្គក៏អត់មានកន្លែងជិះម្តងទៀត។ លើកទីបី គឺពួកគណៈសហករណ៍បានបង្ខំអោយព្រះអង្គរៀបគ្រួសារ (យកប្រពន្ធ) ហើយព្រះអង្គបានប្រកែកយ៉ាងដាច់អហង្ការជាមួយពួកគេ។ អង្គការខ្មែរក្រហម ក៏មានកំហឹងនឹងព្រះអង្គ តែទទួលសភាពការណ៍ស្រុកទេសប្រែប្រួល, កងទ័ពវៀតណាមបានចូលមកដល់ទាន់ ព្រះអង្គក៏រួចព្រះកាយម្តងទៀតទៅ…។
ក្រោយឆ្នាំ១៩៧៩, ព្រះអង្គបានបួសជាភិក្ខុសង្ឃសារជាថ្មីឡើងវិញនៅវត្តឧណ្ណាលោម ដែលមានសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស បច្ចុប្បន្ន ជាគ្រូឧបជ្ឈាយ៍… ហើយបន្ទាប់មក ព្រះអង្គក៏បានមកគង់នៅក្នុងទីអារាមវត្តសន្សំកុសលនេះរហូតមក។ សព្វថ្ងៃនេះ ព្រះអង្គមិនមាននៅសល់សាច់ញាតិបងប្អូនបង្កើតអីទេ។ ឯកូនចៅក៏គ្មានដែរ ព្រោះពេញមួយជីវិតរបស់ព្រះអង្គ គឺព្រះអង្គបានបួសជាសង្ឃចាប់តាំងពីអាយុ ១២ឆ្នាំ ជាប់រហូតមក, លើកលែងតែក្នុងសម័យខ្មែរក្រហមជាង ៣ឆ្នាំតែប៉ុណ្ណោះ ដែលព្រះអង្គរស់នៅជាគ្រហស្ថ…។សូមជំរាបថា ដើម្បីត្រៀមលក្ខណៈខាងមុខ សម្តេច ក៏បានសង់ព្រះចេតីយ៍ថ្មីមួយ នៅចំទីធ្លាខាងជើងព្រះវិហារ។ ព្រះចេតីយ៍ថ្មីនេះ សម្តេចព្រះធម្មលិខិតបានកសាង ទុកអោយហើយ សំរាប់តំកល់ព្រះអដ្ឋិធាតុរបស់ព្រះអង្គផ្ទាល់ ក្រោយពេលដែលព្រះអង្គចូលទីវង្គត នៅពេលខាងមុខនេះ ៕